ក្លិប​បាល់ទាត់​គីរីវង់ សុខ​សែន​ជ័យ បង្ហាញ​ឈុត​ឯកសណ្ឋាន និង​ឡូហ្គោ​ក្រុម​ថ្មី​

1051
ចែករម្លែក

ដោយ​៖ តាកែវ​ /
តាកែវ​៖ កាលពី​រសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីលាន​បាល់ទាត់ គីរីវង់​សុខ​សែន​ជ័យ ឋិត​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បានរៀបចំ​ពិធី​ជួបជុំ​ហ្វេ​ន ដែលជា​អ្នកគាំទ្រ ដល់​ក្លិប​បាល់ទាត់​គីរីវង់ សុខ​សែន​ជ័យ ដើម្បី​បង្ហាញ​អំពី​ឈុត​ឯកសណ្ឋាន និង​រូប​ឡូហ្គោ​ថ្មី ដល់​មហាជន អោយ​បានដឹង​ច្បាស់ អំពី​ការផ្លាស់ប្តូរ និង​អត្ថន័យ នៃ​រូប​ឡូហ្គោ​ថ្មី ដែលជា​និមិត្តសញ្ញា​របស់​ក្លិប មាន​រូប​មាន់គក ជាន់​លើ​បាល់ ។

​​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​គីរីវង់ សុខ​សែន​ជ័យ ជាង ៤០០​នាក់​នោះ លោក ឌុ​ក វាសនា អ្នកចាត់ការ​ទូទៅ របស់​ក្លិប​គីរីវង់ សុខ​សែន​ជ័យ បាន​មានប្រសាសន៍ថា នេះ​គឹជា​កម្មវិធី​ផ្លូវការ​ទី​១ ដែល​ក្លិប​បានរៀបចំ​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្លិប និង​លោក សុខ សប្បាយ​ណា អនុប្រធាន​ក្លិប ដើម្បី​ជួបជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកគាំទ្រ​របស់​ក្លិប ក្នុង​គោលបំណង ថ្លែងអំណរ គុណ និង​បង្ហាញ​ជា​ផ្លូវការ នូវ​ឡូហ្គោ និង​ឈុត​ឯកសណ្ឋាន​ថ្មី​របស់​ក្លិប ។​

​លោក​បាន​បន្តថា ចំពោះ​បងប្អូន​ទាំងអស់ ដែល​តែងតែ​គាំទ្រ យ៉ាង​ស្មោះស្ម័គ្រ ផ្តល់​ជា​កំលាំងចិត្ត និង​លើកទឹកចិត្ត ដល់​កីឡាករ គឺ​ពិតជា​កំលាំងចិត្ត ដ៏​អស្ចារ្យ​មួយ សម្រាប់​ក្លិប លើ​ការខិតខំ​ប្រឹងប្រែង ធ្វើអោយ​បានល្អ​បន្ថែមទៀត បើទោះបីជា​យើង ជួបប្រទះ​បរាជ័យ ឬ​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត​ក្តី ដែល​នេះ គឺជា​កាយវិការ​ដ៏​គួរអោយ​គោរព និង​មានតម្លៃ​បំផុត ចំពោះ​ទឹកចិត្ត​អ្នកគាំទ្រ ផ្តល់អោយ​កីឡាករ ។

​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប បានបង្ហាញ​ឡូហ្គោ​ថ្មី​របស់​ក្លិប​គីរីវង់ សុខ​សែន​ជ័យ មាន​រាង​ជា​ខែល ដែលមាន​រូប​សត្វ​មាន់គក ជាន់​លើ​បាល់ ហើយ​មាន​ផ្កា​ភ្ញីភ្លើង នៅ​ជុំវិញ ។ ចំពោះ​អត្ថន័យ នៃ​និមិត្តសញ្ញា​ថ្មី​នេះ គឺមាន​រូប មាន់គក រចនា​ទាំង​មុខមាត់ ទាំង​រាងកាយ គឺជា​ស្តេច​មាន់ ដែល​សត្វ មាន​តំណាងអោយ​ភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ភាពស្មោះត្រង់ ចេះ​ប្រុងប្រយ័ត្ន ដែលមាន​ឫទ្ធានុភាព បញ្ញា​វាងវៃ ប្រកបដោយ​វិន័យ​ខ្ជាប់ខ្ជួន ហើយ​និមិត្តរូប​នេះដែរ ក៏​ជា​រលឹក​ដល់​គុណូបក្ការៈ ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ចាប់តាំងពី​បង្កើត​ក្លិប​មក ។ ចំពោះ​រូប​ជើងមាន់ ក្រ​ញុំា​បាល់ គឺ​តំណាងអោយ​ការគ្រប់គ្រង បាល់​គ្រប់​កាលៈទេសៈ នៃ​ការប្រកួត ដើម្បី​ឆ្ពោះទៅកាន់​ភាពជោគជ័យ ។

​ក្នុងនោះដែរ លោក ឌុ​ក វាសនា បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង ធ្វើអោយ​បានល្អ​ជាង​នេះ បន្ថែមទៀត ដើម្បី​ធ្វើអោយ​ក្លិប​សម្រេចបាន ជោគជ័យ តាម​ការគ្រោងទុក របស់​ប្រធាន​ក្លិប នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ហើយ​លោក បាន​អំពាវនាវ ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវតែ​ងាក​មកលេង​កីឡា អោយបាន​ច្រើន ជាពិសេស​កីឡាបាល់ទាត់ ដើម្បី​មិត្តភាព សុខភាព និង​ជៀស​ឆ្ងាយ​ពី​អំពើ​ឧ​បា​យោ​មុខ និង​ការសេព​គ្រឿងញៀន ។

​លោក នូ រតនា និង​កញ្ញា សុជាតិ​តា ជា​អ្នកគាំទ្រ​ក្លិប​គីរីវង់ សុខ​សែន​ជ័យ បាន​លើកឡើងថា ក្លិប​គីរីវង់ មានការ​ខិតខំ​ប្រឹងប្រែង​ច្រើន និង​ការលេង​របស់​ពួកគាត់ មាន​ទំរង់​លេង​ល្អ ជាង​មុន​ឆ្ងាយ និង​អាច​ប្រកួតប្រជែង ជាមួយនឹង​ក្រុម​ខ្លាំង នៅក្នុង​លី​គ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន ហើយ​លោក​ជឿជាក់ថា ក្លិប​ក៏ដូចជា​គ្រូបង្វឹក និង​មាន​យុទ្ធសាស្ត្រ​ថ្មីៗ ល្អៗ សម្រាប់​ធ្វើអោយ​ក្រុម ទទួលបាន​ជោគជ័យ ទៅ​ថ្ងៃ​ថ​ខាងមុខ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម