អាស៊ី​គួរ​យក​គំរូ អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​

945
ចែករម្លែក

ដោយៈ​លី​ទួង,មុនីរ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​អាម៉េរិក​បានចេញ​សារ​នយោបាយ​មួយ ដែលមាន​ន័យ​ជាការ​រំលោភបំពាន​យ៉ាងខ្លាំង​ទៅលើ​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ។ គេ​ចោទថា ការបោះឆ្នោត​កន្លងមក​មាន​កំហុសឆ្គង ជាការ​បោះឆ្នោត​ដែល មិនមាន​ភាពសេរី និង​យុត្តិធម៌ ហើយ​មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ។


​យើង​ចង់​រំឭក​អាម៉េរិក​ឲ្យ​យល់ដឹង​អំពី​បញ្ហា​នេះ ហើយ​ត្រូវតែ​បញ្ឈប់​ធ្វើការ​ឃោសនា​អ្វីមួយ ដែល មិន​ត្រឹមត្រូវ និង​គ្រាន់តែ​ធ្វើ​ឲ្យ​ស្រអាប់​ទៅដល់​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​តែប៉ុណ្ណោះ ។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ដោយមាន​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី និង​ដាក់​បេក្ខជន​ឈរឈ្មោះ​បេក្ខជន​ប្រកួតប្រជែង ចំនួន ២០​គណបក្ស ។ ចំនួន​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​លើក​នេះ មានការ​កើនឡើង​បើ​ធៀប​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែល​ពេលនោះ​មានតែ​គណបក្ស​ចំនួន​ប្រាំបី ។ ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយមាន​ភ្នាក់ងារ​គណបក្សនយោបាយ​នានា​ប្រមាណ​ជិត ៩០.០០០​នាក់ អ្នកសង្កេតការណ៍​ជាតិ​មកពី​សមាគម និង​អង្គការ​ជាតិ​នានា​ប្រមាណ ៨០.០០០​នាក់ និង​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២២០​នាក់ មកពី ៥២​ប្រទេស ។​


​ប្រជាជន​កម្ពុជា ដែលមាន​អត្រា​ស្មើនឹង​៨២,៨៩​ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៨.៣៨០.២១៧​នាក់ បាន​អញ្ជើញ​ទៅ​បោះឆ្នោត ។ នៅក្នុង​នោះ​អ្នក​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជិត ប្រាំ​លាន​នាក់ ដែល​ធ្វើ​ឲ្យ​គណបក្ស​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់ និង​ទទួលបាន​អាសនៈ ១២៥ លើ ១២៥ ។ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ បាន​តាមដាន​ពិនិត្យ​ដំណើរការ​បោះឆ្នោត ដោយ​ម៉ត់ចត់ និង​បាន​វាយតម្លៃថា ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង ប្រកបដោយ​តម្លាភាព មានការ​ចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ស្របតាម​ស្តង់ដារ ប្រជាធិបតេយ្យ ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​កម្ពុជា ជាការ​បោះឆ្នោត​មួយ​ដែល​ដំណើរការ​ទៅ​យ៉ាង​ល្អ ។ អ្នកសង្កេតការណ៍​ទាំង​នោះបាន​វាយតម្លៃ​ទៀតថា ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​នៅក្រោម​ការដឹកនាំ​ប្រកបដោយ​ការយោគយល់​អធ្យាស្រ័យរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​លទ្ធផល​បានមកពី​ចក្ខុវិស័យ និង​គម្រោង​អភិវឌ្ឍន៍​ដ៏​រឹងមាំ ដែល​នឹង​ធានាបាន​នូវ​អនាគត​ដ៏​ភ្លឺ​ចែងចាំង​របស់​កម្ពុជា​។​ពួកគេ​បានធ្វើការ​ឆ្លុះបញ្ចាំង​អំពី​ជោគជ័យ​នេះ ដោយ​ភាព​ស្ញប់ស្ញែង និង​បាន​ចាត់ទុកថា អាស៊ី​គួរ​យក​គំរូ​តាម​កម្ពុជា ពី​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ។ បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​មិត្ត និង​បណ្តា​មិត្តភក្តិ​បរទេស​ជាច្រើន​ដែលមាន​សុភ​វិនិច្ឆ័យ​ត្រឹមត្រូវ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ព្រមទាំង​ប្រកាស​អបអរសាទរ​ជ័យជម្នះ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ការបោះឆ្នោត​នេះ ។


​ថ្ងៃទី​៥ ខែកញ្ញា រដ្ឋសភា​នីតិកាល​ទី​៦ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​វិមាន​រដ្ឋសភា ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​នានា​ចំនួន ២២ ប្រចាំ​នៅ​កម្ពុជា តំណាង​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន ៥ រួមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​ចូលរួម​ផងដែរ ។ នៅ​ថ្ងៃទី​៦ ខែកញ្ញា សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា នីតិកាល​ទី​៦ បាន​បន្ត​ប្រព្រឹត្តិ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដោយបាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន​នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ការផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយ​សំឡេងគាំទ្រ ១២៥ លើ ១២៥ ។ នៅ​ថ្ងៃទី​៧ ខែកញ្ញា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដំបូង សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ដំណើរការ​ក្រោម​អធិបតីភាព ស​ម្តេ​ចេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបាន​សម្រេច​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដែលជា​របៀបវារៈ​គោល​នយោបាយ​សង្គម សេដ្ឋកិច្ច សម្រាប់​ជំរុញ​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។ កម្មវិធី​នយោបាយ​នេះ បានកំណត់​ដាក់ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ គោលនយោបាយ​ធំៗ​ជា​អាទិភាព គោលនយោបាយ​អភិវឌ្ឍ​ន៍​តាម​វិស័យ និង​វិធានការ​ជាក់ស្តែង​ជា​អាទិភាព សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​ទៅ ដែលជា​ក្របខណ្ឌ​សម្រាប់​តម្រង់ទិស​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការបន្ត​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​នៅក្នុង​នីតិកាល​ទី​៦​នេះ ។​


​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​នានា​លើ​ពិភពលោក បាន​ផ្ញើ​សារ​ទូរលេខ​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​រដ្ឋសភា​ផ្តល់​ការទុកចិត្ត បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​បាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​កម្ពុជា​សម្រេចបាន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ព្រមទាំង​បង្ហាញ​ការ​ជឿជាក់ថា ភាពជា​អ្នកដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ឈានទៅ​ជា​ប្រទេស​រីកចម្រើន ប្រកបដោយ​និរន្តរភាព ។​
​មេដឹកនាំ​ទាំងនោះ​ក៏បាន​អះអាង​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​បន្តទៀត ។


​ផ្ទុយទៅវិញ​គឺ ពួក​ប្រឆាំង​ក្រៅច្បាប់ និង​ពួក​បរទេស​ដែលមាន​និន្នាការ​ប្រឆាំង​បាន​ប្រើប្រាស់​គ្រប់​ឧបាយកល ដើម្បី​បំផ្លាញ​ដំណើរការ​បោះឆ្នោត តាម​គ្រប់​វិធី​ទាំងអស់ តាំងពី​មុនពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត ។ ពួកគេ​ឃោសនា​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ព្រមទាំង​ញុះញង់​ឲ្យ​ប្រជាជន​ធ្វើ​សកម្មភាព តវ៉ា អុកឡុក រំខាន ក្នុង​សភាព​ជា​រូបភាព​តូចតាច រួច​ពង្រីក​ឲ្យ​ធំ​ក្នុង​គោលដៅ​បង្កើត​ឲ្យ​ទៅជា​ចលាចល ដើម្បី​បង្កើត​ឲ្យ​មាន​អំពើហិង្សា​ក្នុងសង្គម ។ ចំណែក​ពួក​បរទេស​ដែលមាន​និ​ន្នា ការប្រឆាំង ក៏បាន​ធ្វើ​សកម្មភាព​តាមរយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន ដើម្បី​គាំទ្រ​ពួក​ប្រឆាំង​ក្រៅច្បាប់ ដោយ​ឃោសនា​ម្តង​ហើយ​ម្តងទៀត អំពី​របស់​ដែល​ហៅថា ការដាក់​សម្ពាធ​ខាង​នយោបាយ និង​ការទូត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការ​បង្កក​ទ្រព្យសម្បត្តិ ។​ល​។ ដែល​ន័យ​ជា​ជម្រៅ​របស់​វា​មាន​ច​រឹត​ជាការ​ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាជន​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ។


​យើង​កត់សម្គាល់​ឃើញថា ផែនការ​របស់​ពួក​ប្រឆាំង​ក្រៅច្បាប់ និង​ពួក​បរទេស​ដែលមាន​និន្នាការ​ប្រឆាំង មានការ​សហការគ្នា​ជា​ប្រព័ន្ធ មាន​ភាពស៊ីសង្វាក់​គ្នា ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស្អិត ។ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ផែនការ​ដ៏​ខ្មៅ​កខ្វក់​នេះ​ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត ។


​នេះ​ជា​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ដូច្នេះ​សូម​បញ្ឈប់​ការចងក​ម្ម​ចងពៀរ ជាមួយ​កម្ពុជា ហើយ​ត្រូវ​ទទួលយក​ការពិត​នេះ ដើម្បី​ចំណងមិត្តភាព​នៃ​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ កម្ពុជា​-​អាម៉េរិក កាន់តែ​រីកចម្រើន​ទៅមុខទៀត ។​
ចំណែក​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​( ស . ស . ស . ក​) បាន​និយាយ​នៅ​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​នេះ​ថា « ការវាយតម្លៃ របស់ ស្ថានទូត អាម៉េរិក នេះ ជាការ វាយតម្លៃ គ្មាន ចរិត ការទូត ហើយ គ្មាន​ភាពសមរម្យ និង គ្មាន ភាពថ្លៃថ្នូរ ។ ដោយសារ ពេលនេះ ជា ខួប មួយឆ្នាំ នៃ ការបោះឆ្នោត វា គួរតែ ស្ថានទូត អាម៉េរិក មើល អំពី វឌ្ឍនភាព ថា កម្ពុជា បាន រីកចម្រើន អ្វីខ្លះ ក្រោយ ការបោះឆ្នោត កាលពី ឆ្នាំ ២០១៨ ដែលជា ការបោះឆ្នោត មួយ គ្មាន អំពើហិង្សា ចូលរួម ដោយ បក្សនយោបាយ​ចំនួន​២០ និង​មាន​ប្រជាជន ជាង ៨៣​ភាគរយ ចូលរួម​បោះឆ្នោត​ដោយ​សេរី ហើយ គ្មាន អំពើហិង្សា និង​បាតុកម្ម រញ៉េរញ៉ៃ » ។


​លោក​ហ៊ុយ វណ្ណៈ បន្ថែមថា « មកដល់ពេលនេះ វឌ្ឍនភាព គឺ តម្លៃ នៃ ស្ថិរភាព តម្លៃ នៃ ការអភិវឌ្ឍ ប្រទេស តម្លៃ នៃ ការពង្រឹង ពង្រីក សេដ្ឋកិច្ច របស់ កម្ពុជា ។ បើ​យក​ការវាយតម្លៃ របៀបនេះ ត្រឹមត្រូវ ជាង ។ ដូច្នេះ ការវាយតម្លៃ របស់ ស្ថានទូត អាមេរិក ពេលនេះ បង្ហាញថា មន្ត្រី ស្ថានទូត អាមេរិក គ្មាន ចរិត ជា អ្នកការទូត តែ វា ជា ចរិត ដែល អន់ ជាង សកម្មជន នយោបាយ ទៅទៀត ។ មន្ត្រី ទូត អាម៉េរិក គួរតែ រៀនសូត្រ ពី ឥរិយាបថ អ្នកការទូត ដើម្បី បង្ហាញ តម្លៃ ជាជាង ការបង្ហាញ ពី ចរិត មួយ ដែល វា អន់ ជាង សកម្មជន នយោបាយ ។ ការវាយតម្លៃ នេះ ក៏ នាំ ឲ្យ មាន ការយល់ច្រលំ ថា ពីមុន អាម៉េរិក គ្រាន់បើ តែ ដល់ មើលឃើញ ហ្វេ ស ប៊ុ ក អីចឹង ទៅ វា អន់ » ។
​លោក ហ៊ុយ វណ្ណៈ បញ្ជាក់ បន្ថែមថា « មន្ត្រី ទូត សហរដ្ឋអាម៉េរិក ក៏​គួរ យក ពេលវេលា នេះ វាយតម្លៃ លើ ស្ថានភាព ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស នៅ បណ្តា ប្រទេស ដទៃទៀត ដែល រងគ្រោះ ដោយសារ បដិវត្តន៍ ពណ៌ និង ការឈ្លានពាន វិញ ដើម្បី ពិភពលោក មានការ ពិចារណា ពី ផលវិបាក នៃ សង្គ្រាម និង នយោបាយ ទុច្ចរិត » ។

ជាមួយនឹង ការលើកឡើង ខាងលើនេះ លោក​ហ៊ុយ វណ្ណៈ ក៏បាន កត់សម្គាល់ថា « មន្ត្រី ទូត អាម៉េរិក នៅ ភ្នំពេញ ហាក់ កំពុងធ្វើការ ងារ ប៉ាតណាប៉ាតណី គ្មាន ការដឹកនាំ ត្រឹមត្រូវ ដើរ ផ្ទុយ ពី បន្ទាត់នយោបាយ គោរព អធិបតេយ្យភាព របស់លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ ។ របៀបនេះ គឺ ធ្វើ ឲ្យ ស្រអាប់ តម្លៃ អាម៉េរិក » ៕​សរន​