ការលក់ iPhone ប្រចាំត្រីមាស​របស់​ក្រុមហ៊ុន Apple ធ្លាក់ចុះ ១៣ ភាគរយ

816
ចែករម្លែក

​ការលក់​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple នៅតែ​ធ្លាក់ចុះ ខណៈដែល​ក្រុមហ៊ុន​ព្យាយាម​ទូទាត់​ការធ្លាក់ចុះ​ដោយ​បង្កើត​លុយ​ចេញពី​សេវាកម្ម​ឌីជីថល ដូចជា តន្ត្រី​។​

​ការធ្លាក់ចុះ​នៃ​ការលក់​ទូរស័ព្ទ iPhone គឺជា​ហេតុផល​ចម្បង​ដែល​ប្រាក់ចំណេញ​របស់ Apple សម្រាប់​អំឡុង​ខែមេសា​ដល់​ខែមិថុនា​បាន​ធ្លាក់ចុះ ១៣ ភាគរយ​ស្មើនឹង ១០ ពាន់​លាន​ដុល្លារ​។​

​ដំណឹង​ល្អ​គឺ​ក្រុមហ៊ុន Apple នៅតែមាន​វិធី​ជាច្រើន​ទៀត ដែល​ខ្លួន​អាច​រកលុយ​បាន​ពី​ទូរស័ព្ទ iPhone ៩០០ លាន​គ្រឿង​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​។​

​ក្រៅពី​លក់​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មីៗ​ដល់​ម្ចាស់ iPhone បច្ចុប្បន្ន​បន្ទាប់ពី​ទូរស័ព្ទ​ពួកគេ​ចាប់ផ្តើម​ចាស់​នោះ ក្រុមហ៊ុន Apple បាន​ចាត់វិធានការ​រកលុយ​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ពី​ការលក់​តន្ត្រី​វីដេអូ​និង​ហ្គេម ផែនការ​ថែទាំ​ទូរស័ព្ទ និង​កម្រៃជើងសារ​ពី App ដែល​លក់​របស់របរ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​នៅលើ​ទូរស័ព្ទ iPhone​។​

​ដំណឹង​អាក្រក់​គឺថា ក្រុមហ៊ុន Apple នៅតែ​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ពាក់កណ្តាល​ពី​ការលក់​ទូរស័ព្ទ iPhone ហើយ​ក្រុមហ៊ុន​មិនបាន​បង្ហាញថា​សេវាកម្ម​ឌីជីថល​អាច​លក់ដាច់​ដូច​ទូរស័ព្ទ​នោះទេ​។ ឧទាហរណ៍​ជាក់ស្តែង សេវាកម្ម​ចាក់​តន្ត្រី​តាម​អ៊ី​ន​ធឺ​ណេ​ត​អាយុកាល ៤ ឆ្នាំ​របស់ Apple នៅតែ​ដើរ​ចាញ់​កម្មវិធី Spotify​។ ក្រុមហ៊ុន Apple កំពុង​ត្រៀម​បើក​ដំណើរការ​សេវាកម្ម​ចាក់​វីដេអូ​តាម​អន​ឡាញ ពោលគឺ​ត្រៀមខ្លួន​ជាង​មួយ​ទសវត្ស​រ៍ហើយ បន្ទាប់ពី Netflix បាន​ត្រួសត្រាយ​គំនិត​នេះ​ឡើង​។​

​ហើយ​ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​អាម៉េរិក ដែល​ទើបនឹង​បើក​ថ្មីៗ​នេះ ត្រូវគេ​រំពឹងថា​នឹង​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន Apple គាំទ្រ​តែ​សេវាកម្ម​របស់ខ្លួន​ដោយ​អយុត្តិធម៌​និង​រាំងខ្ទប់ App របស់គេ​តាមរយៈ App Store របស់ខ្លួន​ឬ​យ៉ាងណា ដោយ​អាច​នឹង​នាំឱ្យមាន​ការកែប្រែ​ច្បាប់​គ្រប់គ្រង​ជាច្រើន ដែល​អាចធ្វើឱ្យ​ចំណូលរ​បស់ Apple រឹតតែ​ធ្លាក់ចុះ​៕ ដោយ៖ កញ្ញាដាលីស

ការធ្លាក់ចុះ​នៃ​ការលក់​ទូរស័ព្ទ iPhone គឺជា​ហេតុផល​ចម្បង​ដែល​ប្រាក់ចំណេញ​របស់ Apple សម្រាប់​អំឡុង​ខែមេសា​ដល់​ខែមិថុនា​បាន​ធ្លាក់ចុះ ១៣ ភាគរយ​ស្មើនឹង ១០ ពាន់​លាន​ដុល្លារ