ខេត្ត​មួយ​របស់​ចិន​ពិចារណា​”​គោលនយោបាយ​កូន​៣​នាក់​”​ដើម្បី​បញ្ឈប់​ការធ្លាក់​ចុះ​ចំនួន​ប្រជាជន​

657
ចែករម្លែក

​ខេត្ត​Liaoning នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន គ្រោង​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​កំណើត​និង​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​មួយចំនួន​មាន​កូន​ទី​៣​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​​នូវ​អត្រាកំណើត​ដែល​បាន​ធ្លាក់​ចុះ​នេះ និង​បញ្ឈប់​ការធ្លាក់ចុះ​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន​។​

​ចិន​បាន​ដាក់ចេញ​”​គោលនយោបាយ​កូន​មួយ​” ដែល​មាន​ភាពចម្រូងចម្រាស​កាលពី​ឆ្នាំ​១៩៧៨ ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​កាលពី​ឆ្នាំ​២០១៦​ដោយ​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​​ទាំងអស់​មាន​កូន​២​នាក់ នៅពេល​ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើងវិញ​នូវ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន​។​

​ទោះ​យ៉ាងនេះក្តី ក្រុម​អ្នកជំនាញ​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​ល្អប្រសើរ​ជាង​នេះ​បន្ថែមទៀត ដោយសារ​អត្រាកំណើត​នៅ​តែ​ធ្លាក់​ចុះ​ហើយ​សេវា​សុខភាព​និង​មូល​​និធិ​សោធន៍​របស់​ប្រទេស​ចិន ត្រូវបាន​រំពឹងថា​នឹង​ស្ថិត​នៅក្រោម​ស្ថានភាព​លំបាក ខណៈ​ដែល​ចំនួន​មនុស្ស​ចាស់​កើនឡើង​។​

​រដ្ឋបាលខេត្ត​Liaoning នេះ​បាន​និយាយ នៅលើ​វេបសាយ​របស់​ខ្លួនកា​លពី​ថ្ងៃ​អង្គារ​ទី ៣០ ខែកក្កដា​ថា ការកែប្រែ​ច្បាប់​គ្រប់គ្រង​ផែនការ​គ្រួសារ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​​អាទិភាព​ចម្បងៗ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៩ បន្ទាប់​ពី​ការកែប្រែ​កាល​ពី​ពេមុនៗ មិន​អាច​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។​

​អត្រាកំណើត​របស់​ខេត្ត​Liaoning បាន​ធ្លាក់ចុះ​មក​នៅត្រឹម ៦,៣៩ នាក់​ក្នុងចំណោម​ប្រជាជន ១.០០០ នាក់​កាលពី​ឆ្នាំមុន ដែល​ទាប​ជាង​អត្រាកំណើត​ជាតិ ១០,៩៤ នាក់ ។ ចំនួន​ប្រជាជន​នៃ​ខេត្ត​នេះ ក៏​ធ្លាក់ចុះ​ផងដែរ​រហូត​ដល់​ឆ្នាំ​ទី​២​ជាប់ៗ​គ្នា កាលពី​ឆ្នាំ​២០១៨ ដោយ​មិន​ត្រឹមតែ​មាន​ការធ្លាក់ចុះ​អត្រាកំណើត​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រជាជន​​វ័យក្មេង​ជាច្រើន​ចាកចេញ​ពី​ខេត្ត​នេះ​ផង​ដែរ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ ក្នុង​តំបន់​ផ្សេងៗ​ទៀត​៕ដោយ៖សុខា/sn

ចិន​បាន​ដាក់ចេញ​”​គោលនយោបាយ​កូន​មួយ​” ដែល​មាន​ភាពចម្រូងចម្រាស​កាលពី​ឆ្នាំ​១៩៧៨ ប៉ុន្តែ បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​កាលពី​ឆ្នាំ​២០១៦

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ