​ផ្លូវ​ជាប់​សាលាក្រុង​សែន​មនោ​រម្យ​ខូច​ខ្លាំង​ពលរដ្ឋ​ស្នើឱ្យ​ជួសជុល​ឆាប់ៗ​

422
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ទន្ទឹងរង់ចាំ​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​នូវ​ផ្លូវ​១​ខ្សែរ​ជាប់​សាលាក្រុង​មាន​ប្រវែង​តែ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​។​ដែល​អជ្ញាធរ​បាន​សន្យា​ថា​និង​កែប្រែ​ផ្លូវ​នេះ​ទៅជា​ផ្លូវ​ក្រាល​បេតុង​ប៉ុន្តែ​នៅពេលនេះ​គឺ​ខូច​ខ្លាំង​ឡើងៗ​ហើយ​មិនទាន់​ឃើញ​ស្ថាបនា​ទៀត​។​

ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ខាងលើ​លើកឡើងថា​ផ្លូវ​១​ខ្សែ​នេះ​មាន​ស្ថាន​ភាពលំបាក​ច្រើន​ឆ្នាំ​មកហើយ​។​ប្រហែល​៣​ឆ្នាំមុន​អាជ្ញាធរ​ធ្លាប់បាន​ឈូសឆាយ​កែសម្រួល​ម្ដង​ប៉ុន្តែ​ក្នុងឆ្នាំនេះ​តួ​ផ្លូវ​បាន​ខូចខាត​ខ្លាំង​ឡើងវិញ ព្រោះតែ​ទឹក​ហូរ​ច្រោះ កាត់​លើផ្លូវ​ច្រើន​កន្លែង មាន​សភាព​រដិបរដុប​ពិបាកធ្វើ​ដំណើរ និង​រអិលខ្លាំង​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ។

​ប្រជាពលរដ្ឋ​បន្តថា​ពួកគាត់​ធ្លាប់បាន​ដំណឹង​ពី​អាជ្ញាធរ​ថា​នឹង​ស្ថាបនា​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង​តាំងពី​២​ឆ្នាំមុន​។​តែ​រហូតមកដល់​បច្ចុប្បន្ន​នៅ​មិនទាន់​ឃើញ​មាន​ការធ្វើ​នៅឡើយ​។​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ផ្លូវ​១​ខ្សែ​នេះ​ពិបាកធ្វើ​ដំណើរ​ទាំង​ឡាន​-​ទាំង​ម៉ូតូ​ហើយ​នៅពេល​មាន​ភ្លៀង​អ្នកបើក​ម៉ូតូ​គឺ​លំបាក​តែម្ដង​ព្រោះតែ​រអិល​។​ពួកគាត់​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​សូមជួយ​ជួសជុល​ផ្លូវ​នេះ​ផង​ដើម្បី​ស្រួល​ធ្វើដំណើរ​ទាំងអស់គ្នា ។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​ឡុង​វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់ថា​រដ្ឋបាល​ក្រុងមាន​ផែនការ​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ​។ ប៉ុន្តែ​កញ្ចប់​ថវិកា​នៅមានកម្រិត ពុំទាន់​មានលទ្ធភាព​ធ្វើ ។ លោក​ថា ផ្លូវ​១​ខ្សែ​នេះ​នឹង​ស្ថាបនា​ជា​ផ្លូវ​បេតុង ឬ​ផ្លូវ​ក្រាល​កៅស៊ូ នៅ​ដើមឆ្នាំ​២០២០​ខាងមុខ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ