ពុទ្ធ ឆាយ​រិទ្ធី សាក​ជាមួយ​ជើង​ខ្លាំង​ថៃ ណា​ម ខា​ប៊ូ​ន​

720
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ ៖
លើស​ង្វៀន Boostrong Gold Medal FFighter on Fire នា​ព្រឹក​ថ្ងៃទី​៤ សីហា ខាងមុខ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ណា​ម ខា​ប៊ូ​ន ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់ ជើង​ខ្លាំង​ថៃ​រូបនេះ ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ រិទ្ធី ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយរូប ដែល​គេ​ឡើង​សង្វៀន​ប្រកួត ស្ទើរតែ​រាល់​សប្ដាហ៍ ។ អ្នក​ប្រា​ដាល់​រូបនេះ ចូលចិត្ត​វាយ​សន្ធាប់ លើ​គូប្រកួត​ណាស់ ហើយ​បើ​វ៉ៃ​គូប្រកួត មិន​ដួល​ទេនោះ ចាប់ពី​ទឹក​ទី​៣ ទៅ កម្លាំង​របស់គេ ធ្លាក់ចុះ​តែម្ដង ។​

ពុទ្ធ ឆាយ​រិទ្ធី និង ណា​ម ខា​ប៊ូ​ន​

​ចំពោះ ណា​ម ខា​ប៊ូ​ន វិញ មិនមាន​នរណា​ដឹង ពី​ស្ទីល​វ៉ៃ​របស់គេ​ឡើយ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា ណា​ម ខា​ប៊ូ​ន ពិតជា​ជើង​ខ្លាំង មួយរូប​មែន ។ គេ​មាន​កលល្បិច​វ៉ៃ​ល្អ រហ័ស និង​ពូកែ​ការពារ​ណាស់​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៥​ដង ចាញ់​១៤​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១២០​ដង ឈ្នះ​៩៣​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​ចំនួន ២ ដង ។ ការជួបគ្នា ជា​លើកដំបូង​នេះ មិនដឹងថា នរណា ជួប​សំណាងល្អ​នោះទេ ។​

​ការប្រកួត​គ្នា រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សៀវ ង៉ុ​យ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រ៉ែ​ម រាជ មកពី​ក្លិប​អង្គរ​មានជ័យ ខេត្ត​សឿ​ម​រាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គី​ឡ​ក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​កំពូល​អ្នក​វ៉ៃ​ប្ដូរ និង​មាន​ចិត្តធំ​ដូចគ្នា ។ សៀវ ង៉ុ​យ គេ​មិនសូវ​ជាមាន​ចំណូលចិត្ត ក្នុងការ​ប្រើ​កែង​ទេ តែ​ជើង​គេ រឹង​ដូច​ថ្ម ។ មានការ​ប្រកួត​ជាច្រើន គេ​ប្រើ​ជើង​ទាត់​គូប្រកួត​ឲ្យ​គាំង ឬ ខូច​ជើង​ក៏មានដែរ ។ ការជួបគ្នា​នេះ ទំនងជា សៀវ ង៉ុ​យ មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ​។​

អ្នក​ដែល​ត្រូវ​ប្រកួត​គ្នា​

​អ្នក​ប្រដាល់​វ័យក្មេង ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់​វ័យក្មេង​ដូចគ្នា​គឺ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​ចូលចិត្ត​វ៉ៃ​ប្ដូរ ដូចគ្នា​ដែរ តែ ឡុង ខេត្ត ចិត្តធំ​ជាង​។ ចំពោះ ឌី​ណា បើ​ត្រូវ​គូប្រកួត​វ៉ៃ ត្រូវ​ធ្ងន់​បន្តិច​នោះ គេ​ចាប់ផ្ដើម​លែង​ក្លាហាន​ហើយ ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​ជឿថា នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ហើយ​រវាង​អ្នកចាញ់ និង អ្នកឈ្នះ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា​មិន​ខាន ។​

​ខាំ សាបាន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហេង លី​សុង ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ពុ​យ ឈិន ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ថៃ រ៉េត ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ