បន្ទាប់ពី​ការបាញ់ប្រហារ​ធំៗ​ពីរ​ករណី​ផ្សេងគ្នា ប្រធានាធិបតី​ត្រាំ​និយាយថា “​ការ​ស្អប់​គ្មាន​កន្លែង​” នៅ​សហរដ្ឋ​អាម៉េរិក​ទេ​

750
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​សីហា​ថា “​ការ​ស្អប់​គ្មាន​កន្លែង​” នៅក្នុង​សហរដ្ឋអាម៉េរិក​ទេ បន្ទាប់ពី​ការបាញ់ប្រហារ​ធំៗ​ពីរបាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ២៩ នាក់ និង​បង្កឱ្យមាន​ការចោទប្រកាន់​ថា វោហារសាស្ត្រ​របស់គាត់ជា​ផ្នែក​មួយ​នៃ​បញ្ហា​។​

​ការបាញ់ប្រហារ​ទាំងពី​រ​នេះ​បានប្រែក្លាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ស្លូតត្រង់​ទៅជា​សុបិន​អាក្រក់​នៃ​ការបង្ហូរ ៖ មនុស្ស ២០ នាក់​ត្រូវបាន​បាញ់សម្លាប់ ពេល​កំពុង​ទិញ​ទំនិញ​នៅ​ផ្សារ Walmart ក្នុង​ទីក្រុង​អែល​ប៉ា​សូ រដ្ឋ​តិច​សាស​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ និង ៩ នាក់​ទៀត​ស្លាប់​នៅ​ខាងក្រៅ​រង្គសាល​មួយ​ក្នុង​សង្កាត់​រាត្រី​ដ៏​ពេញនិយម​មួយ​នៅ​ទីក្រុង​ដេ​តុ​ន រដ្ឋ​អូ​ហៃ​យ៉ូ គឺ​ជាង​១៣​ម៉ោង ក្រោយពី​មានការ​បាញ់ប្រហារ​ករ​ណី​ទីមួយ​។​

​លោក​ត្រាំ​បាន​និយាយថា “​ការ​ស្អប់​គ្មាន​មាន​កន្លែង​នៅក្នុង​ប្រទេស​របស់​យើង​ទេ​” ប៉ុន្តែ​គាត់​ក៏បាន​ស្តីបន្ទោស​ទៅលើ​ជំងឺផ្លូវចិត្ត​ផងដែរ​ចំពោះ​អំពើហិង្សា​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក ដែល​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ជុំវិញ​ការបាញ់ប្រហារ​ធំៗ​ទាំងពីរ​នេះ បាន​បន្ថែមថា “​នេះ​ក៏​ជា​បញ្ហា​ជំងឺផ្លូវចិត្ត​ផងដែរ ប្រសិនបើ​អ្នក​ក្រឡេកមើល​ករណី​ទាំងពីរ​”​។​

​លោក​ប្រធានាធិបតី​និយាយថា “​ទាំងនេះ​ពិតជា​មនុស្ស​ដែលមាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ណា​ស់​” ទោះបីជា​ប៉ូលិស​មិនទាន់បាន​បញ្ជាក់​អំពី​ជំងឺផ្លូវចិត្ត​ពាក់ព័ន្ធ​ក៏ដោយ​។​

​លោក​និយាយថា “​យើង​ត្រូវតែ​បញ្ឈប់​វា​។ រឿងនេះ​បាន​បន្ត​កើតឡើង​អស់​ជាច្រើន​ឆ្នាំ​…​នៅក្នុង​ប្រទេស​របស់​យើង​”​។​

​នៅ​រដ្ឋ​តិច​សាស មនុស្ស ២៦ នាក់​បាន​រងរបួស​និង ២៧ នាក់​របួស​នៅ​រដ្ឋ​អូ​ហៃ​អូ កន្លែង​ដែល​ខ្មាន់កាំភ្លើង​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​តែ ៣០ វិនាទី​ដោយ​ប៉ូលិស ដែល​កំពុង​ល្បាត​នៅក្បែរនោះ និងទប់ស្កាត់​នូវ​ចំនួន​អ្នកស្លាប់​និង​របួស ដែល​អាចមាន​ច្រើន​លើស​នេះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតី​ត្រាំ​និយាយថា “​ការ​ស្អប់​គ្មាន​កន្លែង​” នៅ​សហរដ្ឋ​អាម៉េរិក​ទេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ