រថយន្តកុងតឺន័រធុនធំមួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃនៅលើផ្លូវ

406
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាល ពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តកុងតឺន័រធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវថៃហ្គរ កែងនិងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ផ្លាកលេខភ្នំពេញ 3C.0795 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវថៃហ្គរក៏បួងចង្កូតមកខាងឆ្វេងដៃ​យ៉ាងលឿន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រងាងតែម្ដង ធ្វើឲ្យរថយន្ត និងសម្ភារមួយចំនួនរងការខូចខាតយ៉ាងដំណំ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់​រងរបួសឡើយ។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុក​រថយន្តនៅកន្លែងកើតហេតុ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍​ក្រុង ឲ្យមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើង​គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម