មេដឹកនាំ​ហុងកុង​មិន​ព្រម​លាឈប់​និង​ថា សភាពការណ៍​ហុងកុង​គ្រោះថ្នាក់​ណាស់​

844
ចែករម្លែក

​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា បាន​ធ្វើ​សន្និសីទកាសែត​ដ៏​កម្រ​មួយ នៅពេល​បាតុក​ករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បន្ត​ធ្វើ​កូដកម្ម​ទាំង​ទីក្រុង ដោយ​​លោកស្រី​បាន​និយាយថា លោកស្រី​នឹងមិន​លាឈប់​ទេ និង​ថា ការតវ៉ា​ប្រឆាំង​បច្ចុប្បន្ន​វា​ហួស​ពី​ការប្រឆាំង​ជំទាស់​នាង​ច្បាប់​បត្យាប័ន ដែល​បាន​បង្ក​អោយមាន​ការតវ៉ា​ប្រឆាំង​ជាង​២​ខែ​មកនេះ​។​

លោកស្រី​ការី ឡាំ មិន​ព្រម​លាឈប់​មិន​ព្រមធ្វើ​បដិវត្តន៍​តាម​ការអំពាវនាវ​

​លោកស្រី​បាន​និយាយថា «​ពួកគេ​កំពុង​រុញ​ទីក្រុង​ហុងកុង​ទៅកាន់​មាត់ជ្រោះ​នៃ​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​បំផុត​មួយ​។​អ្នក​ហុងកុង​ភាគច្រើន​កំពុង​បារម្ភ​អំពី​ការរស់នៅ​ប្រចាំថ្ងៃ​​របស់គេ​។​ខ្លះ​មិន​ដឹង​ថា​តើ​ពួកគេ​អាច​នៅ​ធ្វើដំណើរ​តាម​គមនាគមន៍​សាធារណៈ​នៅ​ពេល​អ្នក​ផ្សេង​ទៀត​ឥឡូវ​ត្រូវបាន​រារាំង​ដំណើរ​ទៅ​ធ្វើការ​»​។​

​លោកស្រី​បាន​បន្ថែមថា «​រដ្ឋាភិបាល​បាន​ប្រកាស​រួច​ហើយ​ថា ច្បាប់​បត្យាប័ន​នេះ​បាន​ងាប់​ទៅហើយ តែ​ការប្រឆាំង​តវ៉ា​និង​កូដកម្ម​នៅ​តែ​បន្ត ។​រដ្ឋាភិបាល​មាន​ភារកិច្ច​រក្សា​នីតិ​​រដ្ឋ​និង​សណ្តាប់ធ្នាប់​នៅ​ហុងកុង ព្រមទាំង​ស្តារ​ជំនឿ​ចិត្ត​។​ពេលនេះ​ជា​ពេលដែល​យើង​សហការ​គ្នា​ទុក​ការខ្វែងគំនិត​គ្នា​ទៅ​ម្ខាង និង​នាំ​សណ្តាប់ធ្នាប់​មកវិញ មិនមែន​ភាព​ចលា​​ច​ល​ទេ​»​។​

​ក្រោយមក​លោក​ស្រី បាន​ច្រាន​ចោល​ការអំពាវនាវ​អោយធ្វើ​«​បដិវត្តន៍​» ដោយ​បាន​ពណ៌នា​ការអំពាវនាវ​នេះ​ថា​ជា​ការប្រឆាំង​នឹង​ក្រប​ខណ្ឌ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» និង​ថា «​ខ្ញុំ​​ហ៊ាន​និយាយថា ពួកគេ​ព្យាយាម​បំផ្លាញ​ហុងកុង​»​។​

​នៅ​ថ្ងៃ​ចន្ទ​ជា​ថ្ងៃទី​៣​ជាប់​គ្នា ដែល​ពួក​ប្រឆាំង​ច្បាប់​បត្យាប័ន​បាន​បន្ត​សកម្មភាព​របស់គេ ដោយ​ការជួបជុំ​តវ៉ា​ត្រូវបាន​ធ្វើឡើង​នៅ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​ហុងកុង ជាហេតុ​នាំ​​អោយ​មាន​ការ​ប្រឈម​ជាមួយ​ប៉ូលិស​ជាថ្មី​។​

​ប៉ូលិស​នៅ​ក្រៅ​ស្ថានីយ​ប៉ូលិស​Tin Shui Wai​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នក​តវ៉ា ដែល​បាន​ឡោម​ព័ទ្ធ​អាគារ​ប៉ូលិស​ជា​ហេតុនាំអោយ​ពួកគេ​រត់​​បែក​ហ្វូង​។​បាតុករ​ខ្លះ​បាន​ចោល​ដុំ​ថ្ម​ដាក់​ស្ថានីយ​ប៉ូលិស តែ​ភាគច្រើន​នៅ​ឆ្ងាយ ។​

​នៅ​សង្កាត់ Tsuen Wan បាតុករ​បាន​ឡោមព័ទ្ធ​អាគារ​ប៉ូលិស​និង​វាយ​បំផ្លាញ​រថយន្ត​ប៉ូលិស​មួយ ជាហេតុ​នាំ​អោយ​ប៉ូលិស​ផ្អាក​ការងារ​៕ដោយ៖វាសនា

ផ្លូវ​ជា​ច្រើន​ត្រូវ​បាតុករ​កាន់កាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា បន្ទាប់ពី​ពួកគេ​អុកឡុក​តាំងពី​ថ្ងៃ​សៅរ៍​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម