វិនិយោគិន​តៃវ៉ាន់​និង​កម្ពុជា បណ្តាក់ទុន​២៥០​លាន​ដុល្លារ​សាងសង់​អគារ​ភ្លោះ​កម្ពស់​៣៣​ជាន់​នៅ​ភ្នំពេញ​

1437
ចែករម្លែក
  • 127
    Shares

(​ភ្នំពេញ​)៖ អ្នកវិនិយោគទុន​តៃវ៉ាន់​និង​កម្ពុជា បាន​បណ្តាក់ទុន​ប្រមាណ​២៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម ការិយាល័យ​និង​អគារ​លំនៅដ្ឋាន​កម្ពស់​៣៣​ជាន់​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ទល់មុខ​វិទ្យាល័យ​បាក់​ទូក​រាជធានី​ភ្នំពេញ​។​
​ ​
​គម្រោង​វិនិយោគ​អគារ​ស៊ី​អ៊ី​អូ ខេ​ធី ប៉ាស៊ីហ្វិក​( CEO KT PACIFIC) នេះ​ជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន KT Pacific និង Lixin Group​។​ការ​សាសង់​រយៈពេល​៣​ឆ្នាំ ដោយ​នឹង​ចាប់ផ្តើម​នៅ​ខែ កញ្ញា ឆ្នាំ​២០១៧ ខាងមុខនេះ ហើយនឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​។​
​ ​
​លោក ស៊ី មីង ចាវ (Hsu Ming Chao) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lixin Group បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​គម្រោង​អគារ CEO KT PACIFIC កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ថាៈ គម្រោង​វិនិយោគ​រួម​នេះ​មាន​ទឹកប្រាក់​ប្រមាណ​២៥០​លាន​ដុល្លារ​​អាមេរិក កម្ពស់​៣៣​ជាន់ ដែលមាន​ផ្ទៃក្រឡា​សរុប ៩៤៩១៩​ម៉ែត្រក្រឡា​និង​មាន​៩៧២ យូ​នី​ត​ដែល​ក្នុងនោះ​អគារ​ការិយាល័យ​ចំនួន​១០៦​យូ​នី​ត​។​

​លោក​បាន​បញ្ជាក់ថា អគារ​ទំនើប​នេះ​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សាលប្រជុំ ការិយាល័យ​ធ្វើការ ភោជនីយដ្ឋាន​កន្លែង​ហាត់ប្រាណ​និង​អគារ​ស្នាក់នៅ ។​គ្រប់ផ្នែក​នៃ​អគារ​បាន​ត្រូវ​រចនា​យ៉ាង​ប្រណីត​និង​បំពាក់​ឧបករណ៍​ទំនើបៗ​។​អគារ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ និង​នៅក្នុង​តំបន់​ពាណិជ្ជកម្ម ហើយ​នៅ​ជុំវិញ មាន​ទីស្តីការគណៈរដ្ឋមន្ត្រី ទីស្តីការ​នាយករដ្ឋមន្ត្រី រដ្ឋសភា ធនាគារ​វឌ្ឍនៈ​ធនាគារ​កា​​ណា​ឌី​យ៉ា និង​ផ្សារ​ទំនើប​ផាក​សិន ជាដើម​។​
​ ​
​លោក ស៊ី មីង​មីង (Xu Ming Ming) តំណាង​ក្រុមហ៊ុន KT PACIFIC បាន​មានប្រសាសន៍​ឱ្យដឹងថា​ចំណុច​ពិសេស​នៃ​គម្រោង​នេះ គឺមាន​អាង​ហែល​ទឹក​លំដាប់​សណ្ឋាគារ​ផ្កាយ​៥​នៅ​ជា​ន់ទី​៣៣ ដែល​អាច​មើលឃើញ​រាជធានី​ភ្នំពេញ​ទាំងមូល​។​ចំណែក​អគារ​បាន​ត្រូវ​រចនា​ឡើង​ដោយ​ប្រើប្រាស់​ដែកថែប​ជា​ខ្សែកោង និង​ផ្នែក​ខាងលើ​សាងសង់​ឡើងជា​រូបរាង​ពពក បំពាក់​ដោយ​ភ្លើង​ម៉ូដ​ទាន់សម័យ​។​
​ ​
​លោកស្រី ឧបនាយក​នាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​ថ្លែងថាៈ គម្រោង​អគារ CEO KT PACIFIC បានរួម​ចំណែក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ផ្តល់​បទពិសោធន៍​ល្អៗ​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​ដល់​កម្ពុជា​ព្រមទាំង​ជួយផ្តល់​​ការងារ និង​ចំណូល​ដល់ក​ម្មករ និង​បុគ្គលិក​កម្ពុជា​ជាច្រើន​។​ការវិនិយោគទុន​ចម្រុះ​តៃវ៉ាន់ កម្ពុជា​នេះ​បាន​កើតឡើង​ចំពេល​កម្ពុជា​​កំពុងមាន​ស្ថានភាព​សេ ដ្ឋ​កិច្ច​និង​ស្ថិរភាព​នយោបាយ​ល្អ​និង​គោលនយោបាយ​គាំទ្រ​ដល់​អាជីវកម្ម​។​
​ ​
​លោកស្រី ឧបនាយក​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា​គម្រោង​អគារ​នេះ​បានបញ្ជាក់​ពី​ភាពរស់រវើក​នៃ​សេដ្ឋកិច្ចកម្ពុជា​ជា​ពិ​សេ​​ស​វិស័យ​វិនិយោគ ពាណិជ្ជកម្ម អចលនទ្រព្យ និង​សំណង់​។​ការនាំមក​នូវ​អគារ​ទំនើប​ប្រណីត​ខ្នាត​អន្តរជាតិ ដែលមាន​សោភណភាព លម្អ​ដោយ​សួនច្បារ និង​មាន​ចំណតរថយន្ត​យ៉ាង​សមរម្យ ដែល​នឹង​លេចចេញ​រូបរាង​នាពេល​ខាងមុខនេះ នឹង​ធ្វើឱ្យ​កាន់តែ​ឃើញច្បាស់​ពី​សក្តានុពល​នៃ​ការទាក់ទាញ​វិនិយោគទុន​បរទេស​របស់​ក​ម្ពុ​ជា​។​
​ ​
​លោកស្រី​ឧបនាយក​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​«​ជោគជ័យ​របស់​គម្រោង​អគារ CEO KT PACIFIC នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាតា​មរយៈ​ការផ្តល់​ចំណូល​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែលជា​កត្តាចាំបាច់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​ជាងនេះទៅទៀត នឹង​រួមចំណែក​ក្នុង​ការងារ​នគរូបនីយកម្ម ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​កាត់បន្ថយ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​»៕ដោយ៖សុផល/sn

លោកស្រី ឧបនាយក​នាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង​អគារ​កម្ពស់​៣៣​ជាន់​នៅ រាជធានី​ភ្នំពេញ​(​រូប សុផល​)

 

ទីតាំងផ្សាយពាណិជ្ជកម្ម