ជនរងគ្រោះ​៧០​ភាគរយ​បាន​ស្លាប់​ដោយសារ​ការ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​

400
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប មុននឹង​ធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់ៗ​គ្នា គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​ការ​ជិះ​ម៉ូតូ​មិន​ព្រម​ពាក់​មួយ​នេះ​កន្លងមក​ចំនួន ៧០​ភាគរយ​នោះ​។​

​ក្នុង​ពិធី​ជួបជុំ​សាលារៀន​ខ្ញុំ​អនាគត​ខ្ញុំ ដែល​បាន​រៀបចំឡើង​ដោយ​សហភាព​សហ​ព័​ន្ធុ​វ​ជនកម្ពុជា និង​មន្ទីរអប់រំ​យុវជន និង​កីឡា​នៅក្នុង​សាលាស្រុក​ជើងព្រៃ​កាលពី​សប្តាហ៍​កន្លងទៅ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា នាពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​វិធានកា​ថ្មី សម្រាប់​អ្នកជិះ​ម៉ូតូ​ទាំងឡាយណា ពិសេស​ក្រុមយុវជន​ជា​សិស្សានុសិស្ស​មួយចំនួន នៅតែ​ចេ​ចេះ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព គឺ​ឈប់​ឃាត់​ចាប់​ពិន័យ​ជា​លុយ​បន្ត​ទៀតហើយ​។ ឃាត់​នៅនឹងកន្លែង​រួចហើយ តម្រូវ​រក​មួកសុវត្ថិភាព​មក​ពាក់​ទើប​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​បន្ត​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​លើកឡើង​ទៀតថា វិធានការ​នេះ​សម្រាប់​ខេត្តកំពង់ចាម​បាន​អនុវត្តន៍​នូវ​វិធានការ​ខាងលើ​ដោយ​ខាង​មន្ត្រីនគរបាល​ចរាចរ​ណ៍ គឺ​ឃាត់​បាន​អ្នក​មិន​ព្រម​ពាក់មួក​សុវត្ថិភាព​បាន​ចំនួន​ពី ៣០០ ទៅ ៤០០ នាក់​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ​ភាគច្រើន​ជា​សិស្ស​បុរស​បាន​ទូរស័ព្ទ​ហៅ​ឪពុកម្តាយ​ឲ្យ​យក​មួកសុវត្ថិភាព​មក​ប្រគល់​ឲ្យ​កូនៗ​ពួកគាត់​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា វិធានការ​មួយ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​រកឃើញថា ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ចំនួន ១.០០០​នាក់ គឺមាន​ជនរងគ្រោះ​ចំនួន​៧០០ នាក់​បាន​ស្លាប់​ដោយសារ​ការ​ជិះ​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព ហើយ​ភាគច្រើន​នៃ​ចំនួន​នោះ​ជា​យុវជន​។​

​លោក​បាន​បន្តថា ដូច្នេះ​សូម​ប្រជាពលរដ្ឋ ពិសេស គឺ​យុវជន​ដែល​នៅ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព​ត្រូវ​មានគំនិត​ស្មារតី​ប្រុងប្រយ័ត្ន ដោយ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ចូលរួម​គោរព​ច្បាប់ និង​ការពារ​អាយុជីវិត​រប​ស់​យើង​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​ពោល គឺ​បោះបង់ចោល​នូវ​គំនិត​ពាក់​មួយ​សុវត្ថិភាព នៅតែ​មុខ​វត្តមាន​សមត្ថកិច្ច និង​ពាក់មួក​នេះ​ខូច​ភ្លី​សក់​នោះ​។ សូម​ជ្រើស​រើសយក​មធ្យោបាយ​ដាក់​ក្រាស់​តាម​ហោ​ប៉ាវ​វិញ គឺ​រក្សា​ជីវិត​របស់​យើង​។​

​លោក លី ស៊ា​ង​ហួត ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប​ប្រចាំ​ក្រុង​កំពង់ចាម​បាន​ពោលថា សូម​គាំទ្រ​នូវ​វិធានការ​របស់​ក្រសួងមហាផ្ទៃ និង​ប្រសាសន៍​អំពាវនាវ​របស់​អភិបាលខេត្ត​កំពង់ចាម ជុំវិញ​បញ្ហា​លើ​អ្នក​នៅ​មិន​ព្រម​ពាក់​សុវត្ថិភាព​នេះ​។ ក៏​សូម​ទទួលស្គាល់​ទូទាំង​ខេត្តកំពង់ចាម​ពិតជា​មាន​អ្នក​មិន​ពាក់​សុវត្ថិភាព​ច្រើន​មែន​។​

​បុរស​អ្នករត់ម៉ូតូឌុប​វ័យ ៤២ ឆ្នាំ​រូបនេះ​បាន​បន្តថា ប៉ុន្តែ​សម្រាប់​លោក ក៏ដូចជា​អ្នក​ប្រកប​របរ​នេះ​ទាំងអស់ គឺ​កន្លងមក​បាន​ប្រឈម​នឹង​ច្បាប់​ចរាចរណ៍​ជើងគោក​ដែល​អនុញ្ញាត​ឲ្យ​ម៉ូតូ​មួយគ្រឿង​ផ្ទុក​មនុស្ស​បានតែ​ចំនួន ពីរ នាក់ គឺ​តៃកុង​ម៉ូតូ​ម្នាក់ និង​អតិថិជន​ជា​អ្នកជិះ​ម្នាក់​។ បញ្ហា​នេះ​ប្រឈម​ច្រើន​ទាំង​អ្នករត់ម៉ូតូឌុប និង​អតិថិជន​ជា​អ្នកជិះ​មាន​គ្នា​ពីរ​នាក់​មិនអាច​ជិះ​បែក​គ្នា​បាន​នោះ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ