វ៉េ​ណេ​ស៊ុយ​អេ​ឡា​បញ្ឈប់​ការចរចា​ជាមួយ​បក្សប្រឆាំង​ដើម្បី​តវ៉ា​នឹង​ទណ្ឌកម្ម​របស់​អាម៉េរិក​

486
ចែករម្លែក

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៧​សីហា​បាន​បញ្ឈប់​ការចរចា​ជាមួយ​ក្រុម​បក្សប្រឆាំង​ដើម្បី​តវ៉ា​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់ខ្លួន​នៅ​សហរដ្ឋ​អាម៉េរិក​ពី​សំណាក់​រដ្ឋបាល​ត្រាំ​។​

​ចំណាត់ការ​នេះ​បាន​ទាញ​ទម្លាក់​ចូល​វិបត្តិ​នូវ​ឱកាស​ដ៏​ល្អ​បំផុត​តែមួយគត់​របស់​ប្រទេស​នេះ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​ដោយ​សន្តិវិធី ដែល​បានអូសបន្លាយ​ពេល​អស់​ជាង​ប្រាំ​មួយខែ​។​

​ការសម្រេចចិត្ត​នេះ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​តំណាង​មេដឹកនាំ​បក្សប្រឆាំង​គឺ​លោក​ហ្វ័​ន ក្វា​យ​ដូ ដែល​កំពុង​ស្ថិតនៅលើ​កោះ​បា​បា​ដូ​ស​នៃ​តំបន់​កា​រ៉ា​អ៊ី​ពរួច​ជាស្រេច​ដោយ​រង់ចាំ​អ៊ុត​មើល​អ្វីដែល​នឹងត្រូវ​ចាប់ផ្តើម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់​កិច្ចចរចា​ជុំ​ទី ៦ ដែល​បានចាប់ផ្តើម​នៅក្នុង​ខែឧសភា​ក្រោម​ការសម្របសម្រួល​រប​ស់​ន័​រ​វែ​ស​។​

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា “​យើង​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ឃ្លាំមើល​ដោយ​កំហឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​របៀប​ដែល​ប្រមុខ​បក្សប្រឆាំង​លោក ហ្វ័​ន ក្វា​យ​ដូ អបអរ ជំរុញ និង​គាំទ្រ​សកម្មភាព ដែល​បង្ក​អន្តរាយ​លើ​អធិបតេយ្យភាព​ជាតិ​និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ប្រជាជន​របស់​យើង​”​។​

​រដ្ឋាភិបាល​បាន​បោះបង់ចោល​ភ្លាមៗ​នូវ​កិច្ចចរចា​នេះ ដោយ​គ្រាន់តែ​និយាយថា ខ្លួន​នឹង “​ពិនិត្យឡើងវិញ​នូវ​យន្តការ​នៃ​ដំណើរ​ការចរចា​នេះ​ដើម្បី​ធានាថា​ការបន្ត​កិច្ចចរចា​របស់ខ្លួន​ពិត​ជាមាន​ប្រសិទ្ធភាព​និង​សុ​ខុ​ដុមរ​មនា​ជាមួយ​ផលប្រយោជន៍​របស់​ប្រជាជន​”​។​

​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកនេះ អ្នកតំណាង​របស់លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​និង​លោក​ក្វា​យ​ដូ បានធ្វើ​ដំណើរ​ទៅ​កោះ​បា​បា​ដូ​ស​ទៅវិញទៅមក ដើម្បី​ព្យាយាម​ឯកភាពគ្នា​លើ​ច្រក​ផ្លូវ​រួម​តែមួយ​ដើម្បី​ចាកចេញ​ពី​ការប្រឈមមុខ​ខាង​នយោបាយ ដែល​អូស​បន្លាយពេល​យូរ​។​

​ការប្រជុំ​ចរចា​នេះ​បាន​ដំណើរការ​ក្នុង​ល្បឿន​យឺតយ៉ាវ និង មាន​ភាពអាថ៌កំបាំង ដោយ​គ្មាន​ភាគី​ណាមួយ​បង្ហាញ​ព័ត៌មាន​លម្អិត​ទេ​។​

​ប៉ុន្តែ​អ្នកគាំទ្រ​របស់លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​បាន​ព្យាយាម​បំផ្លាញចោល​ដំណើរការ​ចរចា​ដ៏​ផុយស្រួយ​នេះ​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​ថ្មីៗ ដែល​បានប្រកាស​នៅ​សប្តាហ៍​នេះ ដោយ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ហើយ​ថែមទាំង​គំរាម​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​មកពី​ប្រទេស​ទី​បី ដែល​បន្តធ្វើ​ជំនួញ​ជាមួយ​រដ្ឋបាល​សង្គមនិយម​របស់លោក​ម៉ា​ឌូ​រ៉ូ​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

មេបក្ស​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ហ្វ័​ន ក្វា​យ​ដូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ