ក្រុងព្រះសីហនុ​លិចលង់​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ភ្លៀង​ជិត​៣០០​មី​លី​ម៉ែត្រ ក្នុងពេល​២៤​ម៉ោង​

595
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញ​:
ក្រុងព្រះសីហនុ​រង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ ចាប់ពី​តាំង​អធ្រាត្រ​ថ្ងៃទី​៨ រហូតដល់​រសៀល​ថ្ងៃទី​៩​ខែសីហា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដល់​កម្រិត ២៧២​មី​លី​ម៉ែត្រ ក្នុង​រយៈពេល​២៤​ម៉ោង​រួចមក​។ នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​ទឹក ហូរ​មកពី​តំបន់​ខ្ពស់​បាន​ស្រក​អស់​ទៅវិញ​ច្រើន តែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មក​ច្រើន​ថែមទៀត ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង​។ ស្ថានភាព​បែបនេះ នៅ​កើតមាន​ច្រើន​ថ្ងៃ​ទៀត​។​

លោក​គួច ចំរើន ដឹកនាំ​ក្រុមការងារ​ចុះ​អន្តរាគមន៍​ទឹក​លិច​ក្រុងព្រះសីហនុ​

​តំបន់​ទំនាប​នៅក្នុង​ក្រុងព្រះសីហនុ​ជាច្រើន​កន្លែង បាន​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ផ្ទះ​ខ្លះ​មាន​ជម្រៅ​ជាង​មួយ​ម៉ែត្រ​លិច​ម៉ូតូ​បាត់ រថយន្ត​ចត​នៅតាម​ផ្លូវ​កន្លែង​ខ្លះ​មានទឹក​លិច​ដល់​ដំបូល​។ ទិដ្ឋភាព​បែបនេះ ត្រូវបាន​គេ​និយាយថា មិន​ធ្លាប់មាន​ពីមុនមក​នោះទេ នៅ​ក្រុងព្រះសីហនុ​។ ទឹកភ្លៀង​បាន​ហូរ​ចូល លិច​ក្នុងផ្ទះ​យ៉ាងគំហុក​នៅពេល​យប់​ជ្រៅ សម្ភារៈប្រើប្រាស់​នៅ​ជាន់​ខាងក្រោម​ត្រូវ​ទឹក លិច គ្មាន​សល់ និង​មួយចំនួន បាន​អណ្តែត​រសាត់​ទៅតាម​ទឹក​ហូរ​។​

​តាម​កំណត់ត្រា​របស់​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ ថ្ងៃទី​៩​ខែសីហា​បង្ហាញឱ្យឃើញថា កម្រិត​កម្ពស់​ទឹកភ្លៀង​បាន​ធ្លាក់​ចាប់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៨​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩ នៅ​ក្រុងព្រះសីហនុ​មាន​បរិមាណ ដល់​២៧២​មី​លី​ម៉ែត្រ ក្នុងនេះ​រយៈពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ចាប់ពី​ម៉ោង​៧​យប់​ថ្ងៃទី​៨ ដល់ ម៉ោង​៧​ព្រឹក​ថ្ងៃទី​៩​ខែសីហា មាន​កម្រិត​កម្ពស់​ដល់​២២៤​មី​លី​ម៉ែត្រ​។ ស្ថានភាព​ទឹកភ្លៀង​បែបនេះ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន នៅ​ក្រុងព្រះសីហនុ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​រវល់​ជាមួយនឹង ជំនន់​ទឹក ភ្លៀង​តាំងពី​យប់​ហូត​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​បាន​និយាយ​ឱ្យដឹងថា​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​មក ស្ថានភាព​អាកាសធាតុ​មាន ខ្យល់​បក់បោក​ខ្លាំង មាន​ភ្លៀង​ធ្លាក់​ច្រើន​ដល់​កម្រិត​២៧២​មី​លី​ម៉ែត្រ នៅ​ក្រុង​ព្រះ សីហនុ​ចាប់ពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៨​រហូតដល់​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០ ១៩ តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់ពី​ម៉ោង​៧​យប់​ថ្ងៃទី​៨​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៩​ខែ​សី ហា មាន​កម្រិត​ដល់ ២២៤ មី​លី​ម៉ែត្រ​។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន នៅ ក្រុងព្រះសីហនុ​ត្រូវបាន​គំរាមកំហែង​ដោយ​ទឹកភ្លៀង បណ្តាលឱ្យ​ទឹក​ជន់​លិច​ផ្លូវ ផ្ទះ​ប្រជាពលរដ្ឋ រថយន្ត សម្ភារៈ​ផ្សេងៗ​។​

​លោក​អភិបាលខេត្ត​បានឱ្យដឹង​ទៀតថា​ភ្លៀង​ធ្លាក់​ជោកជាំ​នេះ​បណ្តាលឱ្យ មនុស្ស​បីនាក់​ស្លាប់ ដោយសារ​រលំ​របង​ថ្ម​សង្កត់​ម្នាក់ ជា​ជន​ជាតិចិន និង ពីរ​នាក់ ទៀត​ជនជាតិខ្មែរ​ជា​កម្មករ សំណង់​ពីរ​នាក់​ប្តី​ប្រពន្ធ ។ ស្ថានភាព​ភ្លៀង​ដ៏​អាក្រក់ នេះ​បានធ្វើឱ្យ​ទឹក​ហូរ ដាច់ ស្ពាន (​ស្ពាន​ពោង​ធុងសាំង​)១​កន្លែង ស្ថិតនៅ​តំបន់​តា​លះ ភូមិ​ស្មាច់​ដែង ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ទឹក​ហូរ​លើផ្លូវ​ជាតិ​លេខ ៤៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧-៨ ហូរ​ច្រោះ​ធ្វើឱ្យ​ស្រុត​ផ្លូវ មួយ​ចំហៀង​ស្ថិត នៅ ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត ព្រះសីហនុ​។​នៅ​ក្រុង​កោះរ៉ុង​ផ្លូវ​មួយចំនួន​និង លូ ត្រូវ​ទឹក​ហូរ​ដាច់​ជា​អ​ន្លឹៗ​ក្នុង នោះ មាន​ផ្លូវ​ពី​ភូមិ​ដើមថ្កូវ​ទៅ​ភូមិ​សុខសាន្ត​ពី​ភូមិ កោះ តូច​ទៅ​ភូមិ​ដើមថ្កូវ ពី​ភូមិ​សុខ សាន្ត​ទៅ​ភូមិ​ព្រែក​ស្វាយ​។​អគ្គិសនី​ខេត្ត​ព្រះ​សីហ នុ បាន​ផ្អាក​ការផ្គត់ផ្គង់​ចរន្ត​អគ្គិ ស នី​បណ្តោះអាសន្ន​សង្កាត់​លេខ​១ សង្កាត់​លេខ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ នុ ដោយសារ​បង្គោល​អគ្គិសនី​មួយចំនួន ត្រូវ​ទឹក ហូរ ច្រោះ​។​

កងកម្លាំង​សង្គ្រោះ​ពលរដ្ឋ​ដែលជា​ប់​នៅក្នុង​ទឹក​ជ្រៅ​

​លោក​គួច ចំរើន បញ្ជាក់ថា​ការងារ​អន្តរាគមន៍​ទឹកភ្លៀង​លិច​ក្រុង​ព្រះ​សីហ នុ នេះ​ក្រុមការងារ​របស់​ខេត្ត​ជាមួយនឹង​គ្រឿងចក្រ​ដែល​បញ្ជូន​មកពី​ក្រសួង​ធនធានទឹក បានធ្វើ​តាំងពី​ថ្ងៃទី​៧​ខែសីហា​ដោយ​ជីក​កាយ​ស្តារ​ប្រឡាយ​មួយចំនួន ដើម្បី បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន តែ​នៅ​ថ្ងៃទី​៨​ខែសីហា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រហូត ដល់ ជិត​៣០០​មី​លី​ម៉ែត្រ​ទើប​ធ្វើឱ្យមាន​ការលិចលង់​បែបនេះ ។ ពេលនេះ​(​រសៀល​ថ្ងៃ ទី​៩​សីហា​)​ទឹក​ស្រក​ទៅវិញ​ច្រើន​ហើយ​តែ​ភ្លៀង​នៅតែ​ធ្លាក់​មក​ច្រើន​ទៀត​។​

​ពាក់​ព​ន្ធ័​នឹង​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគជាំ​លិច​ក្រុងព្រះសីហនុ​នេះ ក្រសួង​ធនធាន និង​ឧតុនិយម​ដែល​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​តាំងពីដើម​ខែសីហា​ស្តីពី​ការ​ប្រឈម​ជំនន់​ទឹកភ្លៀង​ចំពោះ​ខេត្ត​នៅជាប់​មាត់សមុទ្រ​នេះ នៅ​ថ្ងៃទី​៩​ខែ សី ហា​ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​ពត៍​មាន​ថា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង ដែលមាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា (​ដូច ដែល​ក្រសួង​បាន​ជូនដំណឹង​ជា​បន្ត​បន្ទាប់មក​) ពិសេស​យោងតាម​សភាព​ជាក់ ស្តែង​ឃើញថា​មាន​តំបន់​មួយចំនួន បាននិងកំពុង​បន្ត​ជួប​នៅ​កង្វះខាត​ទឹក នៅ ឡើយ ដូចជា​នៅ​ភាគ​ពាយ័ព្យ​ប្រទេស មានដូចជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តែ​ក៏​នៅមាន​ខេត្ត​មួយចំនួនទៀត​ភ្លៀង បាន​បន្ត​ធ្លាក់ ខ្លាំ ង យ៉ាងគំហុក ដូចជា​ខេត្ត​ព្រះសីហនុ ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗ​គ្នា​ក្នុង​កម្រិត​ខ្លាំង មាន បរិមាណ​ជាង​រយ​មី​លី​ម៉ែត្រ​ជាប់ៗ​គ្នា​ស្ទើរ​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១​ខែសីហា មកម្ល៉េះ​។ គិត​មកទល់​ថ្ងៃនេះ​(៩​សីហា​) បរិមាណ​ភ្លៀង​សរុប​មាន​រហូតដល់ ៨១៤ មី​លី​ម៉ែត្រ និង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។ នេះ​ជាហេតុ​បណ្តាលឱ្យមាន ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើតមានឡើង​។ ទន្ទឹមនឹង​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់​ទៅ​រួមសហការ​ជាមួយ​អាជ្ញាធរ ខេត្ត ព្រះសីហនុ ដើម្បី​ជួយ​អន្តរា​គម​ន៏​រំដោះ​ទឹក​ផងដែរ​។​

​ក្នុង​សេចក្តីប្រកាស​ពត៍​មានបាន​សរសេរ​ទៀតថា ខេត្ត​រតនគីរី តាមរយៈ​នៃ ទន្លេស្រែពក ដែល​ផ្ទៃ​រងទឹក​ភ្លៀង​ប្រមាណ​៦០​ភាគរយ ស្ថិតក្នុង​ទឹកដី​នៃ​ប្រទេស វៀតណាម ធ្វើឱ្យ​ទឹកទន្លេ​ស្រែក​ពក​ឡើង​យ៉ាងគំហុក បណ្តាលឱ្យ​មានការ​ប៉ះពា ល់​ដល់​ស្រុក​ចំនួន​០២ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​។​ដូចនេះ​ការលិចលង់ ដែល បាននិងកំពុង​កើតមាន​មកនេះ គី​បណ្តាលមកពី​បាតុភូតធម្មជាតិ​។ ចំពោះ​ស្ថាន ភាព​បែបនេះ មិនមែន​មានតែ​កម្ពុជា​យើង​នោះទេ សូម្បីតែ​បណ្តា​ប្រទេស ដែល​ហៅថា​ជឿនលឿន និង​អភិវឌ្ឍន៍​ក៏​មិនអាច​ចៀស​រួច​ដែរ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​ថា​ប្រទេស​កម្ពុជា នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង ដែល​ឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មាត់សមុទ្រ​និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម​អាច​នាំទៅដល់​មាន​ជំនន់​ទឹកភ្លៀង​៕ ល​