ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បើក​ការវាយប្រហារ បន្ទាប់ពី​រដ្ឋប្រហារ​នៅ​ទីក្រុង​អា​ដិ​ន

449
ចែករម្លែក

​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កញ្ញា​បានធ្វើការ​វាយប្រហារ​លើ​ក្រុម​បំបែក​ខ្លួន​នៅ​ភាគខាងត្បូង​យេ​ម៉ែន បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅក្នុង​ទីក្រុង​ទី ២ ឈ្មោះ អា​ដិ​ន (Aden) បាន​បណ្តាលឱ្យ​មនុស្ស​ប្រហែល ៤០ នាក់​ស្លាប់ ដោយ​គំរាម​រុញ​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ធ្លាក់ចូល​ក្នុង​ភាព​ជ្រួលច្របល់​កាន់តែ​ជ្រៅ​។​

​ការវាយប្រហារ​នេះ​បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ក្រុម​បំបែក​ខ្លួន​បាន​ដណ្តើម​កាន់កាប់​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​អា​ដិ​ន ជា​សកម្មភាព​មួយ​ត្រូវបាន​ថ្កោលទោស​ដោយ​រដ្ឋាភិបាល​យេ​ម៉ែន​ដែល​គាំទ្រ​ដោយ​ទីក្រុង​រី​យ៉ា​ដ ថា​ជា រដ្ឋប្រហារ​គាំទ្រ​ដោយ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​អំពើហិង្សា​ដ៏​សាហាវ​ដែល​គំរាម​ធ្វើឱ្យ​វិបត្តិ​មនុស្សធម៌​នៅ​យេ​ម៉ែន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នោះ ឆ្លុះបញ្ចាំង​ពី​ការបែកបាក់​គ្នា​យ៉ាង​ជ្រាលជ្រៅ​រវាង​ក្រុម​អបគមន៍​និង​កងកម្លាំង​ស្មោះត្រង់ ដែល​ទាំងពីរ​នេះ​គឺ​ប្រយុទ្ធ​ដើម្បី​ក្រុម​ឧទ្ទាម​ស៊ី​អ៊ី​ត ហ៊ូ​ធី ដូចគ្នា​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមចម្រុះ​បាន​និយាយថា “​ក្រុមចម្រុះ​បាន​ផ្តោត​គោលដៅ​លើ​តំបន់​មួយ ដែល​បង្ក​ការគំរាមកំហែង​ដោយផ្ទាល់​ដល់ទី​តាំង​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ស្របច្បាប់​” ដោយ​អំពាវនាវ​ឱ្យ​ក្រុម​បំបែក​ខ្លួន​ឈ្មោះ ក្រុមប្រឹក្សា​អន្តរកាល​ខាងត្បូង (STC) ដកថយ​ចេញពី​ទីតាំង ដែល​បាន​ដណ្តើម​កាន់កាប់​នៅក្នុង​ទីក្រុង​អា​ដិ​ន ឬ​មិន​អ៊ីចឹង​ទេ​នឹង​ប្រឈម​ការវាយប្រហារ​បន្ថែម​ទៀត​។​

​សេចក្តីថ្លែងការណ៍​មិនបាន​បញ្ជាក់​ពី​គោលដៅ​វាយ​នោះទេ ប៉ុន្តែ​អ្នកស្រុក​នៅ​ទីក្រុង​អា​ដិ​ន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា វា​ជាការ​វាយប្រហារ​តាម​អាកាស​ទៅលើ​ជំរំ​បំបែក​ខ្លួន​នៅក្នុង​ទីក្រុង​។​

​យោងតាម​អង្គការសហប្រជាជាតិ ចាប់តាំងពី​ការប្រយុទ្ធ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មនុស្ស​ប្រហែល ៤០ នាក់​ត្រូវបាន​សម្លាប់ និង ២៦០ នាក់​ផ្សេងទៀត​រាប់បញ្ចូល​ទាំង​ជន​ស៊ីវិល បាន​រងរបួស​។​

​លោកស្រី លី​ស ហ្គ្រេ​ន អ្នកសម្របសម្រួល​ផ្នែក​មនុស្សធម៌​របស់​អ​.​ស​.​ប​ប្រចាំ​នៅ​យេ​ម៉ែន បាន​និយាយថា “​វា​ជាការ​ក្រៀមក្រំ​ណាស់ ដែល​ក្នុងអំឡុង​បុណ្យ​អ៊ី​ត​អាល់​អា​ដា ក្រុមគ្រួសារ​បែរជា​កំពុងកាន់​ទុក្ខ​ចំពោះ​មរណភាព​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ជំនួស​ឱ្យ​ការជួប​ជុំគ្នា​ដោយ​សន្តិភាព​និង​ភាព​សុខដុម​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ប្រធានាធិបតី​យេ​ម៉ែន​ដែល​គាំទ្រ​ដោយ​ទីក្រុង​រី​យ៉ា​ដ លោក អា​បេ​ដ្រាប​បូ ម៉ាន់​សួ​ហា​ឌី ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ហ៊ូ​ធី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ បាន​ពិភាក្សា​អំពី “​ការវិវឌ្ឍ​ចុងក្រោយ​បំផុត​នេះ​” ជាមួយ​ស្តេច​សាល់​ម៉ាន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃអាទិត្យ​។​

​កម្លាំង​មួយ​ផ្សេងទៀត​នៅក្នុង​ក្រុមចម្រុះ​ប្រឆាំងនឹង​ពួក​ហ៊ូ​ធី គឺ កងកម្លាំង​ក្រវាត់​សន្តិសុខ​ដែល​បង្វឹក​ដោយ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​ប្រយុទ្ធ​នឹង​កងកម្លាំង​ស្មោះត្រង់​ចាប់តាំងពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​អា​ដិ​ន ដែលជា​មូលដ្ឋាន​បណ្តោះអាសន្ន​រប​ស់​រដ្ឋាភិបាល​លោក​ហា​ឌី​។

​កងកម្លាំង​ក្រវាត់​សន្តិសុខ​គឺ​គ្របដណ្តប់​ដោយ​អ្នក​ប្រយុទ្ធ ដែល​គាំទ្រ STC ដែល​ស្វះស្វែង​ស្តារ​តំបន់​ភាគខាងត្បូង​យេ​ម៉ែន​ជា​រដ្ឋ​ឯករាជ្យ​ដូច​កាលពី​អំឡុង​ឆ្នាំ ១៩៦៧-១៩៩០ ឡើងវិញ​។

​ក្រុមប្រឹក្សា​យោបល់​ឈ្មោះថា ក្រុម​វិបត្តិ​អន្តរជាតិ (ICG) បាន​ព្រមាន​ថា ការប៉ះទង្គិច​នៅ​ទីក្រុង​អា​ដិ​ន “​គំរាម​ទាញ​យេ​ម៉ែន​ធ្លាក់ចូល​សង្គ្រាមស៊ីវិល​ក្នុង​សង្គ្រាមស៊ីវិល​”​។

ICG និយាយថា “​ជម្លោះ​បែបនេះ​អាច​នឹងធ្វើ​ឱ្យ​ផុង​ជ្រៅ​ទៅ​នូវ​អ្វី​ដែលជា​វិបត្តិ​មនុស្សធម៌​អាក្រក់​បំផុត​របស់​ពិភពលោក​”​។

​ក្រុមចម្រុះ​បាន​អំពាវនាវ​ឱ្យមាន “​បទ​ឈប់​បាញ់​ជាបន្ទាន់​” ហើយ​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានទាមទារ​ឱ្យមាន “​កិច្ចប្រជុំ​បន្ទាន់​” រវាង​ភាគី​ដែល​ប្រយុទ្ធ​គ្នា​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ពន្លត់អគ្គីភ័យ​កំពុង​បាញ់​ទឹក​ពន្លត់ភ្លើង បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​រវាង​កង​ម្លាំ​ង​គាំទ្រ​រដ្ឋាភិបាល​និង​ក្រុម​បំបែក​ខ្លួន​នៅ​ទីក្រុង​អា​ដិ​ន
កងកម្លាំង​ក្រវាត់​សន្តិសុខ ដែល​គាំទ្រ STC ឈរ​ថតរូប​ក្បែរ​រថក្រោះ​រឹបអូស​បាន​ពី​បន្ទាយ​ទាហាន​ក្នុង​ទីក្រុង​អា​ដិ​ន
ផែនទី​យេ​ម៉ែន
កងកម្លាំង​ផ្តាច់ខ្លួន​កាន់​កាន់​វិមាន​ប្រធានាធិបតី​យេ​ម៉ែន​នៅ​ទីក្រុង​អា​ដិ​ន​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​សីហា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ