ក្រសួង​អប់រំ នឹង​បង្កើត​ឲ្យ​មាន បរិញ្ញាប័ត្រ​តេ​ក្វាន់​ដូ នៅ​កម្ពុជា​

501
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​អះអាងថា ក្រសួង​អប់រំ យុវជន និង កីឡា នឹង​បង្កើត​ឲ្យ​មាន​បរិញ្ញាប័ត្រ តេ​ក្វាន់​ដូ នៅ​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា​។​

​លោក​បាន​ថ្លែង​បែបនេះ នា​ព្រឹក​ថ្ងៃទី​១១ សីហា ក្នុង​ពិធី​ចុះ​អនុស្សរណៈ យោគយល់​គ្នា រវាង​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) ជាមួយ​លោក Kim Kyung duk ដែលជា​ប្រធាន​សមាគម​តេ​ក្វាន់​ដូ ដែល​ធំជាងគេ នៅ​ប្រទេស​កូរ៉េ គឺ​សមាគម Gyeonggido (Gyeonggido Taekwondo Association) ។​

ទិដ្ឋភាព​ចុះ​អនុស្សរណៈ យោគយល់​គ្នា (MOU)

​កិច្ចព្រមព្រៀង ដែល​មិន​កំណត់ ពី​សុពលភាព​នោះ ធ្វើឡើង ដើម្បី​ពង្រីក​វិសាលភាព តេ​ក្វាន់​ដូ ទៅក្នុង​ពិភពលោក ការដោះដូរ​កីឡាករ កីឡាការិនី គ្នា​ទៅវិញទៅមក ក្នុងការ​ហ្វឹ​ហាត់ ការប្រកួត ការធ្វើសិក្ខាសាលា​រួមគ្នា អំពី​ក្បាច់គុន ព្រមទាំង​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ រវាង​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ជាមួយ​សមាគម Gyeonggido ។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បន្តថា អនាគត ក្រសួង​អប់រំ យុវជន និង កីឡា នឹង​បង្កើត​ឲ្យ​មាន​បរិញ្ញាប័ត្រ​តេ​ក្វាន់​ដូ នៅ​កម្ពុជា ដោយ​សិក្សា​រយៈ ៤ ឆ្នាំ​។ បន្ទាប់ពី​បញ្ចប់​បរិញ្ញាប័ត្រ ពួកគេ នឹង​ចុះទៅ​ធ្វើការ តាម​បណ្ដា​ខេត្ត ពេលនោះ វិសាលភាព​តេ​ក្វាន់​ដូ នៅ​កម្ពុជា នឹង​កាន់តែ​ទូលំទូលាយ ។ សព្វថ្ងៃនេះ តេ​ក្វាន់​ដូ កំពុងតែ​រីកចម្រើន​ខ្លាំង នា​រាជធានី​ភ្នំពេញ បន្តិចទៀត ទាំង ២៥ រាជធានី ខេត្ត ក៏​នឹង​រីកចម្រើន ដូច​រាជធានី​ភ្នំពេញ ដែរ​ហើយ ។​

ទិដ្ឋភាព​ចុះ​អនុស្សរណៈ យោគយល់​គ្នា (MOU)

​សព្វថ្ងៃនេះ នៅ​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា បណ្ដុះបណ្ដាល​ត្រឹមតែ ២ ឆ្នាំ​ប៉ុណ្ណោះ​ដែល​មួយឆ្នាំៗ បណ្ដុះបណ្ដាល ១៥០ នាក់ បន្តិចទៀត បណ្ដុះបណ្ដាល ៤ ឆ្នាំ គឺ​កម្រិត​បរិញ្ញាប័ត្រ​តែម្ដង ។​

​លោក Kim Kyung duk បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុង​ពេលដែល​លោក ស្នាក់នៅ​កម្ពុជា លោក​បាន​ចុះ​ទៅដល់ ខេត្ត​មួយចំនួន ដូចជា​កំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំ ឃើញថា តេ​ក្វាន់​ដូ នៅ​ទីនោះ កំពុង​តែមាន​សកម្មភាព​ល្អ ប្រសើរ ៕v

ទិដ្ឋភាព​ចុះ​អនុស្សរណៈ យោគយល់​គ្នា (MOU)

ទីតាំងផ្សាយពាណិជ្ជកម្ម