ម្ចាស់​ដី​ដែលជា​ជនជាតិ​ចិន​ចាក់ដី​លុប​អូរ​បិទ​លូ​ផ្លូវទឹក​លិច​ស្រូវ​ប្រជាពលរដ្ឋ​ជាង​៣០០​ហិកតា នៅ​ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍​មួយផ្នែក​

955
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
នៅ​ថ្ងៃទី​១២​សីហា​២០១៩​នេះ ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប និង​ឃុំ​ញរ​ស្រុក​កំពង់រោទិ៍ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត មេត្តាជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ចិន ចាក់ដី​លុប​អូរ​បុរាណ និង​បិទផ្លូវ​ទឹក​បិទ​លូ ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​៣០០​ហិកតា នៅក្នុង​ភូមិ​ចំនួន​៤ គឺ​ភូមិ​អង្គ​តា​មោគ ភូមិ​ព្រៃ​ទួល ភូមិ​ទួល​តា​យឹ​ង​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​និង​ភូមិ​ត្រពាំង​ឆ្លូញ​ឃុំ​ញរ​ស្រុក​កំពង់រោ​ទ៌​។​

​បើតាម​លោកតា មាឃ សេង​ហាន អាយុ​៨១​ឆ្នាំ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ក្នុងភូមិ​អង្គ​តា​មោគ​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប បាន​ប្រាប់​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា មាន​ក្រុមហ៊ុន​ចិន​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ហើយ​មួយរយៈ​ប្រហែល​ជិត​ខែ​នេះ ក្រុមហ៊ុន​ចិន​បាន​ដឹក​ដី​យកមក​ចាក់​លុប​អូរ បិទ​លូ​ដែលជា​ផ្លូវទឹក​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​លំនៅឋាន និង​លិច​ស្រូវ​ប្រជាពលរដ្ឋ​ភូមិ​អង្គ​តា​មោគ​អស់​៨៧​ហិកតា លិច​ស្រូវ​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ទួល​និង​ភូមិ​ទួល​តា​យឹ​ង​អស់​១០០​ហិកតា​។​

​ចំណែក​លោកតា នួន សុផល អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឆ្លូញ​ឃុំ​ញរ ស្រុក​កំពង់រោទិ៍ បាន​ឲ្យ​ដឹងថា នៅ​ភូមិ​ត្រពាំង​ឆ្លូញ​លិច​អស់​ជិត​២០០​ហិកតា​។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរខេត្ត​មេត្តាជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​ក្រុមហ៊ុន​ចិន​កាយ​បង្ហូរ​ផ្លូវទឹក​ឡើងវិញ​ដើម្បី​ពួកគាត់​បាន​ព្រោះស្រូវ​ឡើងវិញ​ឲ្យ​ទាន់​រដូវ​។​បើ​គ្មាន​ការដោះស្រាយ​ទេ​ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ​ប៉ះពាល់​ដល់​ជីវភាព​យ៉ាងធ្ងន់ធ្ងរ​។​

​ប្រភព​ដដែល​បន្តទៀត​ថា អូរ​បុរាណ​នេះ​ចាស់​បុរាណ​ហៅថា អូរ​ដំរី​ឆ្លង ដែល​នាំ​ទឹក​ក្នុង​រដូវវស្សា ទៅ​អូរ​ក្រញូង​ឆ្ពោះទៅ​ព្រែក​បា​យ៉ាប​ទន្លេ​វ៉ៃ​គោ ហើយ​បើ​ចាក់​លុប​អូរ​ដំរី​ឆ្លង​នេះ គឺ​ប៉ះពាល់​ប្រជាពលរដ្ឋ​៤​ភូមិ​។

​ទាក់ទិន​ករណី​ខាងលើ​នេះដែរ លោក អ៊ុក ប៉ាក មេឃុំ​ប្រសូត្រ​បាន​មានប្រសាសន៍ថា លោក​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​រយៈពេល​១៥​ថ្ងៃ​មកហើយ គឺ​ថ្ងៃទី​២៩​ខែកក្កដា​២០១៩​លោក​ក៏បាន​ទៅសុំ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ពួក​គោក​ជេ​ដី​ផ្អាក​ការចាក់ដី​នោះ​សិន ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ចិន​មិន​ព្រម​ផ្អាក​។ លោក​ក៏បាន​រាយការណ៍​ជូន​លោក​អភិបាលស្រុក​ស្វាយទាប​ដោះស្រាយ ក៏ប៉ុន្តែ​ក្រុម​ចិន​មិន​ស្តាប់​បាន​ឲ្យ​លោក​អភិបាលស្រុក​ទៅ​ជួប​លោក​អភិបាលខេត្ត​ទៅ ពីព្រោះ​ក្រុមហ៊ុន​គេ​ចាក់ដី​លើដី​របស់គេ​ទិញ​ប៉ះពាល់​យ៉ាងណា​ក្រុមហ៊ុន​មិនដឹង​ទេ​។

​ទាក់ទិន​ករណីនេះ​ដែរ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា លោក​នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ឡើងទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាខេត្ត​ទៅសុំ​ឲ្យ​លោក​អភិបាលខេត្ត ចាត់​កម្លាំង​មក​ដោះស្រាយ​៕ ល​