សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាក​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​នៅ​ថ្ងៃទី​១៥ មីនា​

1181
ចែករម្លែក

(​ភ្នំពេញ​)៖ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីតនី ប្រទេស​អូស្ត្រាលី​ដែល​​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​។​

​បើតាម​លោក​កុយ គួ​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​​អញ្ជើញ​ទៅដល់​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី រយៈពេល​ពីរ​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧-១៨ ខែមីនា​។​

​ទាក់ទង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​​កាលពី​ថ្ងៃទី​១២ ខែមីនា ឲ្យ​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ដែល​នឹង​ប្រព្រឹត្ត ទៅ​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី តប​តាម​ការអញ្ជើញ​របស់លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ។​
​ ​
​ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឱម យ៉ិ​ន ទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ។​
​ ​
​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន​និង​នាយក​​រដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី​ស្តីពី​កិច្ច​​សហប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ​លោក ប៉េ​ហាំង ដា​តូ លីម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។ លោក ភី​ធ័​រ ខូ​ស​ហ្គ្រូ​វ (Peter Cosgrove) អគ្គទេសាភិបាល​អូស្ដ្រាលី នឹង​រៀបចំ​អាហារ​ថ្ងៃត្រង់ ជូន​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​។

​ថ្នាក់ដឹកនាំ​នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ដើម្បី​ពិភាក្សា​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក លើ​ប្រធានបទ​ផ្សេងៗ​ដែលជា​ផលប្រយោជន៍​រួម​និង​ដើម្បី​ចែករំលែក​ការយល់​​ឃើញ និង​ទស្សនៈ​នានា ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូ​ស្រា្ត​លី​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក​នាយករដ្ឋមន្ត្រី​នៃ​សាធារណ​​រដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី​ទទួល​ជួប​សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី ផងដែរ​៕ ដោយៈ មុនី​រ័ត្ន​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ