​កូ​កា​-​កូ​ឡាប​ន្ត​ជួយ​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២៣​ក្នុងស្រុក​អង្គស្នួល

395
ចែករម្លែក

ដោយៈ​សុផល​/​កណ្តាលៈ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ​បាន​រួមគ្នា​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង​នៅក្នុង​បរិវេណ​វិទ្យាល័យ​សម្តេច​សង្ឃរាជ​បួ​គ្រី​ស្ថិតនៅ​ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​អាច​ផ្តល់នូវ​ទឹកស្អាត សម្រាប់​ឆាន់​និង​ទទួលទាន ដល់​ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ ២.៤០០ អង្គ​/​នាក់​។​នៅក្នុង​ពិធី​សម្ពោធ​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក​សុខ​ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​លោក​ដេវីដ​វ៉ី​ង​ហ្គ​ល់​វើដ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​។

​លោក​ដេវីដ​វ៉ី​ង​ហ្គ​ល់​វើដ​បាន​មានប្រសាសន៍ថា​«​គម្រោង​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​នឹងមិន​បញ្ចប់​ត្រឹមនេះ​ទេ ក្រុមហ៊ុន​នឹង​បន្ត​គាំទ្រ​អង្គការ Planet Water ក្នុងការ​ធ្វើ​ទំ​ហែ​ទាំ​រយៈពេល​៥​ឆ្នាំក្រោយ​ការដំឡើង​នេះ ដែល​នឹង​ផ្តោតទៅលើ​ការត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក​ព្រមទាំង​ការអនុវត្ត​កម្មវិធី​អប់រំ​អំពី​សុខភាព​អនាម័យ និង​ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការថែរក្សា គាំពារ​ប៉ម​ចម្រោះ​ទឹក​នេះ​»​។​

​លោក​ដេវីដ​វ៉ី​ង​ហ្គ​ល់​វើដ​បាន​បន្តទៀតថា​«​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន​និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។​

លោក​បាន​គូសបញ្ជាក់​បន្តទៀតថា​«​ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​រៀបចំ​គម្រោង​នេះ លេច​ជា​រូបរាង​ឡើង​»​។​

​លោក​សុខ​ចិន្តា​សោភា​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ដែល​បាន​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ឡើង​ជូន​ដល់​ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​វិទ្យាល័យ​សម្តេច​សង្ឃរាជ​បួ​គ្រី ប្រើប្រាស់​ដែល​បង្ហាញ​ពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​។​លោក​បាន​លើកឡើងថា​រាជរដ្ឋាភិបាល​ចាត់ទុក​ការផ្គត់ផ្គង់​ទឹកស្អាត​ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​បួន​របស់​រាជរដ្ឋាភិបាល ។​

ក្នុងន័យនេះ​លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​លោក​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​មេត្តា​ជួយ​ថែរក្សា​ប៉ម​ទឹក​នេះ​ទាំងអស់គ្នា​និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការជួយឧបត្ថម្ភ​របស់​ក្រុមហ៊ុន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​វិទ្យាល័យ និង​រាជរដ្ឋាភិបាល​។​

​សូមជម្រាបថា​នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២៣​ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ជាមួយនឹង​ស្ថាប័ន​ដៃគូ​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water​។​ដែល​មានការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត​នៅតាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។​

​យោងតាម​ហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹងថា​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត​នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ៗ​ទៀត​ក្នុង​គោលដៅ​ជួយ​តំបន់​ទី​ដាច់ស្រយាល​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​បានឱ្យដឹង​ទៀតថា​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន​២២​ដែល​ក្រុមហ៊ុន​បាន​ដំឡើង​តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៥​លាន​លីត្រ សម្រាប់​ប្រជាជន​ប្រមាណ​ជាង ៤០.០០០​នាក់ នៃ​២៣​សហគម​ន៏​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕S/​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ