រដ្ឋមន្ត្រី​ធនធានទឹក​អន់​ចិត្តនឹង​អ្នកមាន​ដីស្រែ​ច្រើន​លួច​ចោះ​ប្រឡាយ​មេ​បេតុង​

2686
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញ​:
ប្រឡាយ​មេ​បេតុង​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​អ្នកមាន​ដីស្រែ ច្រើន​ជីក​ចោះ​កាយ​តាម​អំពើ​ចិត្ត ដើម្បី​បង្ហូរទឹក​ដាក់​ស្រែ​របស់ខ្លួន​ដោយផ្ទាល ធ្វើឱ្យ​បាក់​ខូច​ទំនប់ និង​ឱ្យ​ស្រែ​របស់​អ្នក​នៅ​ផ្នែក​ខាងក្រោម​មិនបាន​ទទួល​ទឹក ដោយសារតែ​ការជីក​ចោះ​ខុស​បច្ចេកទេស​យ៉ាង​អនាធិបតេយ្យ​។​

​លោក ឡុង ផល្គុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៩​ថា កាលពី​ថ្ងៃ​ម្សិលមិញ​(១៦​សីហា​)​នេះ ការជីក​ចោះ ប្រឡាយ​មេ​បេតុង ដើម្បី​បង្ហូរទឹក​ដាក់​ស្រែ នៅ បាន កើតមាន​ចំនួន​១៣​កន្លែង​ទៀត ដោយ​៦​កន្លែង​នៅ​ឃុំ​អធិបតី ៦​កន្លែង​នៅ​ឃុំ រាំង​កេ​សី​និង​មួយកន្លែង​នៅ​ឃុំ​កំពង់ ព្រៀង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ការ​ចោះ​ប្រឡាយ​មេ​បេតុង​ដើម្បី​បង្ហូរទឹក ដាក់​ស្រែ​យ៉ាង​អនាធិបតេយ្យ​នេះ​កើតមាន​ច្រើន​នៅក្នុង​ស្រុក​សង្កែ​កោះ​ក្រឡ​និង ស្រុក​មោង​ប្ញ​ស្សី មាន​ចំនួន​រហូតដល់​រាប់រយ​កន្លែង ដើម្បី​បង្ហូរទឹក​ពី​ប្រឡាយ មេ ផ្ទាល់​ចូល​ស្រែ​តែម្តង​។ ការ​ចោះ​ជីក​ប្រឡាយ​យ៉ាង​អនាធិបតេយ្យ​នេះ គឺ​បង្កឡើង ភាគច្រើន​ដោយ​ពួក​នាយទុន ដែលមាន​ដីស្រែ​ចាប់ពី​២០​ដល់​៨០​ហិកតា ដោយ ជីក​ចោះ​ចាប់ពី​ទំហំ​០.២០​ម៉ែត្រ​ដល់​០.៨០​ម៉ែត្រ​។ ចំពោះ​កសិករ​ដែលមាន​ដីស្រែ ក្រោម ៥​ហិកតា មាន​ចោះ​តិចតួច​ដោយ​ទំហំ​តូចៗ​។​

​ពួក​នាយទុន​ធ្វើការ​ចោះ​ប្រឡាយ​យ៉ាង​អនាធិបតេយ្យ​នេះ ត្រូវបាន​លោក ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង​និយាយថា គេ​ធ្វើ​ដើម្បី​យក​ទឹក​ដាក់​ស្រែ​របស់​ពួកគេ​ដែល​បាន​បំបែក​ជួល​បន្ត​ឱ្យទៅ​ប្រជាជន ធ្វើ​ម្នាក់ៗ ពី​បួន​ទៅ​ប្រាំ​ហិកតា​។ អ្នក​ជីក​ចោះ​បំ ផ្លាញ​ប្រឡាយ​បេតុង​មេ​ដែល​រដ្ឋ​ចំណាយ​ថវិកា​សាងសង់​ក្នុង គម្រោង​នីមួយ​អស់​រាប់ រយ​លាន​ដុល្លារ​នេះ​កន្លងទៅ​និយាយ​មិនចេះ​ស្តាប់​គ្នា​ទេ ដោយសារ​យើង​មិនមែន ជា​មន្ត្រី​យុត្តិធម៌​។​

​លោក​ឡុង ផល្គុណ បញ្ជាក់ថា​កន្លងទៅ​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង ក៏ដូចជា​អភិបាលខេត្ត​បាន​ចូលរួម​ធ្វើការ​ទប់ស្កាត់​ខ្លាំងណាស់ តែ​ទប់​មិន​ឈ្នះ​បិត រួច​កាយ​បើក​វិញ​តាម​អំពើ​ចិត្ត​។ កន្លែង​ខ្លះ​ចោះ​រួច​ធ្វើឱ្យ​ទឹក​ហូរ​ច្រោះ​បាក់​ទំនប់​កន្លែង​ជាច្រើន បាន​ចុះ​ដល់​បាត​ប្រឡាយ ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​ទៅដល់​ផ្នែក​ខាងក្រោម​បាន​។ នៅ​សងខាង​ប្រឡាយ​សុ​ទ្ទ​តែមាន​ប្រឡាយ រង​បំបែក​ទឹក សម្រាប់​ឱ្យ ប្រើ​ទៅតាម​បច្ចេកទេស តែ​អ្នក​ដែលមាន​ដីស្រែ​ធំៗ​មិន​ចង់​ប្រើ​ម៉ាស៊ីន​បូម​ដោយ បាន​ចោះ​ប្រឡាយ​ដល់​បាត​បង្ហូរ​ទឹល​ដាក់​ស្រែ​តែម្តង​។ ការជីក​ជីក​ចោះ​នេះ​មន្ទីរ បាន​សុំឱ្យ​ប្រជាជន​ស្នើ​មក​មន្ទីរ​ដើម្បី​ជួយ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស តែ​គេ​មិនបាន​ធ្វើតាម​ទេ រាប់ទាំង​អាជ្ញាធរ​របស់​មូលដ្ឋាន​មួ​ចំនួន​ផង​។ បញ្ហា​នេះ​បើ​មិនមាន វិធានការ​ផ្លូវច្បាប់​ទេ គឺ​មិនអាច​ទប់ស្កាត់​បានឡើយ​។​

​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​តាមរយៈ​រស្មី​កម្ពុជា​ថា​សូម​អំពាវ នាវ​ដល់​លោក​អភិបាលខេត្ត​បាត់ដំបង មាន​វិធានការ​ផង រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើនណាស់​ក្នុងការ​កសាង​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ​សុទ្ធតែ​ធ្វើ​ពី​បេតុង តែ​ផ្ទុយទៅវិញ​បណ្តោយឱ្យ​ប្រជាជន​កាប់​ជីក​ចោះ​ខ្ទេចខ្ទី​អស់ តើ​ឯកឧត្តម​យល់​យ៉ាងណាដែរ​?

​លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ ទី​១៧​ខែសីហា​ឆ្នាំ​២០១៩​ថា​ករណី ជីក​ចោះ​ប្រឡាយ​បេតុង​បង្ហូរទឹក ដាក់​ស្រែ ដោយ​អនាធិបតេយ្យ​កន្លងទៅនេះ យើង​(​ងួន​រតនៈ​)​មាន​វិធានការ ហើយ ដោយបាន ឯកភាពគ្នា​ជាមួយ​មេឃុំ​និង​សហគមន៍​ឱ្យ​បិទ​វិញ​និង​សន្យា​មិនឱ្យ​មាន​ករណី បែប នេះ​កើតឡើង​ជាថ្មីទៀត​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤​ខែសីហា​កន្លងទៅនេះ យើង​(​ងួន រតនៈ​)​បានធ្វើ​វេទិកាសាធារណៈ ដោយ​ធ្វើការ​អប់រំ​ពលរដ្ឋ​មិនឱ្យ​មាន ចោះ​ប្រឡាយ​បេតុង​ដោយ​គ្មាន​ការឯកភាព​ពី​ផ្នែក​ជំនាញ​។ បើ​នៅតែមាន​បន្ត​នឹង ត្រូវ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម