សភាព​ការណ៍ ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តមណ្ឌលគិរី​ ប្រព្រឹត្ត​ទៅដោយរ​លួ​ន​

339
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ :មណ្ឌលគិរីៈ សេចក្តី​រាយ​ការ​ណ៍ពី​មន្ត្រី​ឃ្លាំមើល ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​១​នៃ​ការប្រឡង គឺ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ ចំណែក​អាកាសធាតុ​ក៏​អំណោយផល ដោយ​មិនមាន​ភ្លៀង​ធ្លាក់ដូច​សព្វមួយដង​នោះទេ ។

​ការប្រឡង​នេះ​មានការ​រៀបចំ​តឹងរ៉ឹង​ដូច​រៀងរាល់ឆ្នាំ ពោលគឺ​មាន​គ្រូ​អនុរក្ស​ចាំ​ឆែកឆេរ​លើ​ដងខ្លួន​បេក្ខជន​ប្រឡង ២​ដំណាក់កាល គឺ​មុន​ចូល​បរិវេណ​មណ្ឌល​ប្រឡង និង​មុន​ចូល​បន្ទប់​ប្រឡង ដោយ​រឹតបន្តឹង​មិន​ឲ្យ​បេក្ខជន​មានឱកាស​បាន យក​សំណៅ​ឯកសារ ព្រី​យ៉ុង ឬ​ម៉ាស៊ីន​គិត​លេខ ទូរ​ស័ព្ទ ចូលក្នុង​បន្ទប់​ប្រឡង​បានទេ ដោយ​ការប្រឡង​គឺ​បេក្ខជន​ត្រូវបង្ហាញ​សមត្ថភាព​ពិតៗ ។​

​ក្នុង​បរិវេណមណ្ឌល​ប្រឡង ត្រូវគេ​ឃើញថា​ក្រុម​ ស.ស.​យ.ក បានរៀបចំ​កន្លែងផ្ញើម៉ូតូ​មិន​គិត​កម្រៃពី​បេក្ខជន ដើម្បី​កា​ពារ​សុ​វត្ថ​ភាព​លើ​មធ្យោបាយ​ផងដែរ​។​ក្នុង​បរិវេណ​នោះ​ថែមទៀត នគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏​ត្រូវគេ​បញ្ជាក់ថា​មាន​វត្តមាននៅ​ទីនោះ​ថែម​ទៀតផង​។

​លោក ទឹម សង្វាត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ការប្រឡង​ត្រូវ​បែងចែកជា​២​មណ្ឌល ស្មើនឹង​១៧​បន្ទប់ ដែល​មណ្ឌល​ទាំង​២ ក្នុង​ស្ថិតក្នុង​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី ក្នុង​ក្រុង​សែន​មនោ​រម្យ ចំណែក​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​៤០១​នាក់ ក្នុងនោះ​ស្រី​ចំនួន​២២១​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​ជាង​៤០​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជាង​៣០០​នាក់ ។ លោក​បញ្ជាក់ថា ចំពោះ​គ្រូ​អនុរក្ស​សរុប​មាន​៣៨​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ដំបូង នៃ​ការប្រឡង​គឺ​មិនមាន​អវត្តមាន​នោះទេ ។

​សូម​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការប្រឡង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង ក៏បាន​អញ្ជើញ មក​កាត់​បើក​វិញ្ញាសា​ប្រឡង និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ប្រឡង​ផងដែរ ហើយ​ក្នុងនោះ​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាន​វរៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី​បានប្រកាសថា នឹង​ផ្ដល់​រង្វាន់​ម៉ូតូ​១​គ្រឿង​ជូន​បេក្ខជន​រូប​ណាដែលទទួលបាន​និទ្ទេស​A ។ ចំណែក​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ក្នុង​ក្រុង​សែន​មនោ​រម្យ​ចំនួន​៦​កន្លែង ក៏បាន​ឧ​បត្ថម្ភ​បន្ទប់ ក៏ដូចជា​អាហារ​ជូន​បេក្ខជន​ក្រីក្រ​មកពី​តាម​បណ្ដា​ស្រុក​ផងដែរ ៕​Ha