ក្រសួង​គ្រោង​នឹងដាក់​ក្រុង​កំពង់ចាម​​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី​ត្រឹម​ចុងឆ្នាំ​២០២០

965
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ក្រសួងទេសចរណ៍​បាន និង​កំពុងបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្តិ​នានា​អំពី «​ទីក្រុង​គ្មាន​ផ្សែង​បារី​»​តាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ទូទាំង​ខេត្តកំពង់ចាម គឺ​កែប្រែ​ទីក្រុង​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ ជាទី​ក្រុង​គ្មាន​ផ្សែង​បារី​ត្រឹម​ចុងឆ្នាំ​២០២០​។ កត្តា​នេះ​តម្រូវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​អន្តរក្រសួង​ចូលរួម​សហការ​ឲ្យ​បាន​ពេញលេញ ដើម្បី​សម្រេច​គោលដៅ​បរិស្ថាន​ក្នុង​ក្រុង​គ្មាន​ផ្សេង​បារី​លើ​វិស័យ​ទេសចរណ៍​នេះ​។​

នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ និង​ជំងឺអេដស៍​ក្នុង​វិស័យ​ទេសចរណ៍ នៅក្នុង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​នា​ចុង​សប្តាហ៍​កន្លងទៅ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ក្រសួងទេសចរណ៍​យក​ក្រុង​កំពង់ចាម​បានកំណត់ និង​កែប្រែ​ក្រុង​កំពង់ចាម ជាទី​ក្រុង​ស្អាត និង​មាន​បរិស្ថាន​ស្អាត​ពោល គឺ​ឲ្យ​ក្លាយជា​ទីក្រុង​គ្មាន​ផ្សេង​បារី​នៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​។​

លោក ហោ សារុន បាន​មានប្រសាសន៍ថា ដូច្នេះ​កិច្ចការ​នេះ​នៅសល់​ពេល​ប្រហែល​មួយឆ្នាំ​ទៀត ដើម្បី​រៀបចំ​បំពេញ​បទដ្ឋាន​នានា​ឲ្យ​បានសម្រេច​គោលដៅ​ដ៏​សំខាន់​នេះ​។ ពិសេស​វិស័យ​ទេសចរណ៍​ត្រូវ​ទប់ស្កាត់​ផលប៉ះពាល់ នៃ​ផ្សែង​បារី​ជា​ចាំបាច់​។ យើង​នឹងដាក់​នូវ​វិធានការ ចលនា​ប្រឡងប្រណាំង គឺ​ចុះ​ដល់​តាម​រមណីយដ្ឋាន ភោជ​នីយដ្ឋាន អាហា​រដ្ឋា​ន ក្លឹប​កម្សាន្ត និង​តាម​សប្បាយដ្ឋាន​នានា ទូទាំង​ខេត្តកំពង់ចាម គឺ​ដើម្បី​ធ្វើការ​វាយតម្លៃ និង​ប្រគល់​រង្វាន់​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីកន្លែង​ទាំងនោះ​ដែលមាន​ស្នាដៃ​ធ្វើ​ឲ្យ​បរិស្ថាន​គ្មាន​ផ្សែង​បារី​នោះ​។​

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ថែមថា ទីតាំង ឬ​ទីកន្លែង​ដែល​អាច​ជ្រើសរើស​ទទួល​បាន​ពានរង្វាន់​បាន គឺ​ឆ្លងកាត់​ការវិនិច្ឆ័យ​ដែលមាន​សូចនាករ​ចង្អុលបង្ហាញ​ទៅលើ​ទីតាំង​ជា​បេក្ខភាព​មាន​លក្ខណ​:​សម្បត្តិ​គ្រប់គ្រាន់ ជា​អ្នកទទួល​រង្វាន់​គ្មាន​ផ្សែង​បារី​លើ​វិស័យ​ទេសចរណ៍​នោះ​។​

លោក​បាន​បន្តថា ដើម្បី​ឲ្យ​ផែន​ការដាក់​ទីក្រុង​កំពង់ចាម​ជាទី​ក្រុង​គ្មាន​ផ្សេង​បារី ប្រព្រឹត្ត​ទៅបាន​លុះត្រា​មាន​ចូលរួម​សហការ​ឲ្យ​បាន​ពេញលេញ​ពី​គ្រប់ភាគី ដៃគូ និង​ក្រសួង​ពាក់ព័ន្ធ​ជា​ចាំបាច់ ។ ក្នុងនោះ​កន្លង​យើង​បាន​ខិតខំ​ជំរុញ​គណ​:​កម្ម​ការ​ក្រសួង​ទេសចរណ៍ ស្តីពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​ថ្នាំជក់ ក៏ដូចជា​គណ​:​កម្ម​ការ​របស់​ក្រសួង នៃ​ការត្រួតពិនិត្យ​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍​។​

លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជុំវិញ​ការដាក់​ក្រុង​កំពង់ចាម​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២០​នេះ គឺ​កន្លងមក​យើង​បាន​បើក​យុទ្ធនា​ការចុះ​ផ្សព្វផ្សាយ​ដល់​គ្រប់​បណ្តា​មូលដ្ឋាន​អាជីវកម្ម​បាន​ច្រើនលើក​ហើយ នៃ​ផែន​ការរួម​បណ្តា​ស្រុកលើ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ទាំងមូល​។ ក្នុង​នោះបាន​ផ្សព្វ​ផ្សាយ​រួចរាល់​នូវ​បទដ្ឋាន​គតិយុត្តិ​នានា មាន​បិទ​ជា​ស្លាក​សញ្ញា​«​ហាម​ជក់បារី​»​តាម​មូលដ្ឋាន​អាជីវ​កម្មបាន​មួយចំនួន មានស្រុក​កងមាស ស្រុក​កោះសូទិន ស្រុក​ស្រី​សន្ធរ និង​ស្រុក​ស្ទឹងត្រង់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម