EU ជួយ​កសិកម្ម​កម្ពុជា​បាន​ច្រើន​វិស័យ​ធ្វើ​ឲ្យ​កសិករ​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយ​កម្រិត​ធំ​

518
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ការបិទ​បញ្ចប់​កម្មវិធី​ស្តីពី “​ការជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​លើ​អនុវិស័យ​ជលផល និង​ផលិតកម្ម​សត្វ​” និង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល ដែល​កម្មវិធី​ទាំងពីរ​បានទទួល​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​(EU)​នា​ថ្ងៃទី​២១​ខែសីហា​នៅ​ទី​ស្តី​ក្រសួង​។ ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​ប្រមាណ​៣០០​នាក់​។

​មានមតិ​នាពេលនេះ លោក Geoge Edgar បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ក្នុងនាម​ដៃគូ​អភិវឌ្ឍ​រយៈពេល​វែង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បានឃើញ​សមិទ្ធផល ដ៏​មានតម្លៃ​ជាច្រើន​កើតចេញពី​កម្មវិធី​ខាងលើ ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ជលផល និង​ផលិតកម្ម​សត្វ ដោយបាន​ផ្តល់​ប្រយោជន៍​ដោយ​ត្រង់​ឲ្យ​ទៅ​កសិករ​ខ្នាតតូច​នៅ​ទូទាំងប្រទេស​។ លោក​សង្ឃឹម និង​ជឿជាក់ថា​ជំនួយ​ហិរញ្ញវត្ថុ​នេះ​នឹង​ជួយ​ក្រសួង ដៃគូ​អភិវឌ្ឍ ភាគី​ពាក់ព័ន្ធ និង​ជាពិសេស​សហគមន៍​នេសាទ​ក្នុងការ​សហការគ្នា​យ៉ាងសកម្ម ហ្មត់ចត់ ដើម្បី​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ជន​ផល​ទាំង​ទឹកសាប និង​សមុទ្រ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ផ្តល់​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​កាន់តែ​ប្រសើរឡើង ហើយ​ខ្លួន​លោក​ផ្ទាល់ ក៏ដូចជា EU ចង់ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​នេះ​ដោយ​ស្មើភាព​គ្នា តម្លាភាព ចីរភាព និង​និរន្តរភាព​នៃ​ធនធានធម្មជាតិ​បឹង​ទន្លេសាប និង​សមុទ្រ​ដ៏​មានតម្លៃ​របស់​កម្ពុជា​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​រំឭក​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​របស់ EU សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ចាប់ពី​ឆ្នាំ ១៩៩៣ ដែលមាន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
១-​គម្រោង​ទី​១៖ “​ការស្តារ​ឡើងវិញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​-​ប្រា​សាក់ PRASAC ថវិកា ៨០ លាន​អឺរ៉ូ សម្រាប់ ៨​ឆ្នាំ​(១៩៩៥-២០០៣) ហើយ​កម្មវិធី​ឥណទាន​របស់​គម្រោង​នេះ​បាន​បង្កើត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​កំពុងដំណើរការ​មកទល់​បច្ចុប្បន្ន​។​
២-​គម្រោង​ទី​២៖ “​ការចិញ្ចឹម​សត្វ​ខ្នាតតូច Cambodia Smallholder Livestock Production Project, SLPP” ថវិកា ៥​លាន​អឺរ៉ូ សម្រាប់ ៥​ឆ្នាំ​(២០០៥- ២០១០)​។​
៣-​គម្រោង​ទី​៣៖ “​ការស្តារ​ឡើងវិញ​លើ​វិស័យសេដ្ឋកិច្ច​និង​សង្គមកិច្ច​នៅ​បណ្តា​ខេត្ត​នៃ​តំបន់​ពាយ័ព្យ​ហៅ​កាត់​ថា​អេកូ​សន​” (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០​លាន​អឺរ៉ូ សម្រាប់ ៥​ឆ្នាំ​(២០០៦-២០១០)​។​
៤-​គម្រោង​ទី​៤៖ “​សន្តិសុខ​ស្បៀង EU Food Facility Project” ថវិកា ១១​លាន​អឺរ៉ូ សម្រាប់ ១​ឆ្នាំ​(២០១០-២០១១) នៅ​ខេត្ត​គោលដៅ​ចំនួន​១០​។​
៥-​គម្រោង​ទី​៥៖ “​ការជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន នៃ​អនុវិស័យ​ជលផល និង​ផលិតកម្ម​សត្វ​” ដែល​យើង​កំពុង​រៀបចំ​បិទ​បញ្ចប់​នាពេលនេះ EU បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២០​លាន​អឺរ៉ូ និង​រាជរដ្ឋាភិបាល​ចំនួន​៦​លាន​អឺរ៉ូ សម្រាប់ ៥​ឆ្នាំ (២០១៤-២០១៨)​។

​ក្រៅពីនេះ EU បាន​ជួយឧបត្ថម្ភ​ដល់​ការអភិវឌ្ឍ​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ជាច្រើន​ស្របទៅតាម​កម្មវិធី​កំណែទម្រង់ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ជាអាទិ៍​ការប្រែប្រួល​អាកាសធាតុ កម្មវិធី REDD ជំរឿន​កសិកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស​។​ល​។ ទាំងអស់នេះ​ក្នុងទិសដៅ​តែមួយ​គឺ​ចូលរួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ សមិទ្ធផល​ដ៏​មានតម្លៃ​ដែល​យើង​សម្រេចបាន​នា​ថ្ងៃនេះ ប្រាកដជា​បានមក​ដោយ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ សហការ​ពេញលេញ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​បំណង​កែលម្អ​ចំណុច​ខ្វះខាត បំពេញ​បង្គ្រប់​នូវ​ធាតុ​ចូល​សំខាន់ៗ​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គម្រោង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​ដើម្បី​ទទួលបាន​ប្រយោជន៍​ជា​អតិបរមា​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួលផល​ជាក់ស្តែង​។ សមិទ្ធផល​ដ៏​ធំធេង​នេះ ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង និង​សហការ​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់ និង​ការចូលរួម​ពេញលេញ​ពី​អ្នកទទួលផល មន្ទីរ​ពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ តម្លាភាព និង​ប្រសិទ្ធភាព​។

​ដោយឡែក កម្មវិធី​ថ្មី ២​ទៀត គឺ​ទី​១ “​ការជំរុញ​កំណើន​វិស័យ​វារីវប្បកម្ម​ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម (CAPFISH-Aquaculture)” ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជ​រដ្ឋា ភិ​បាល​ជាមួយ EU និង AFD នៅ​ថ្ងៃទី​២៧/១១/២០១៧ សម្រាប់ ៦​ឆ្នាំ​(២០១៨-២០២៣) ថវិកា ៣៥​លាន​អឺរ៉ូ​(EU ៣០​លាន​អឺរ៉ូ និង AFD ៥​លាន​អឺរ៉ូ​) និង​ទី​២ គឺ “​ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​៖ សមាសភាគ​ការនេសាទ (CAPFISH-Capture) ជា​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់ EU ថវិកា ៨៧ លាន​អឺរ៉ូ និង​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ជាមួយ EU នៅ​ថ្ងៃទី​០១/៧/២០១៩ សម្រាប់​៥​ឆ្នាំ​(២០១៩-២០២៣)​។ សរុប​ថវិកា​ហិរញ្ញប្បទាន​ដែលជា​ជំនួយឥតសំណង​របស់ EU សរុប ១២២​លាន​អឺរ៉ូ សម្រាប់ ៦​ឆ្នាំ​(២០១៨ -២០២៣) ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​ធនធាន​ជលផល​ទឹកសាប និង​សមុទ្រ លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ទាក់ទង​នឹង​ការអនុវត្ត​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​គម្រោង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ សហការ​ឲ្យ​បានល្អ​ជាមួយ​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន សហគមន៍​កសិកម្ម​ទាំងអស់ ដើម្បី​អនុវត្ត​គម្រោង​កម្មវិធី​នេះ​ឲ្យ​រលូន​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ តម្លាភាព ទទួលខុសត្រូវ​ខ្ពស់​ឲ្យ​សម្រេចបាន​ជោគជ័យ​ទៅតាម​ការរំពឹងទុក និង​ជាពិសេស​នោះ​គឺ​សម្រេច​គោលដៅ​ថ្នាក់ជាតិ​ស្តីពី​កិច្ចការពារបរិស្ថាន​ជលផល ការអភិរក្ស​ជីវៈចម្រុះ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម អភិបាលកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែលមាន​ចែង​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​វិស័យ​ជលផល ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ផែនការ​សកម្មភាព​អភិបាលកិច្ច និង​យុទ្ធសាស្ត្រ​ជាតិ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជា​អនេក​ជូន​ចំពោះ EU ដែល​បានផ្តល់​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គម្រោង​នានា និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការកសាង​ជាតិ និង​អភិវឌ្ឍន៍​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក​រហូត​ដល់ក​ម្ពុ​ជា​សម្រេចបាន​នូវ​សុខសន្តិភាព​ពេញលេញ លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព ហើយ​សង្ឃឹមថា EU នឹងចូលរួម​អភិវឌ្ឍ​កម្ពុជា​ជា​បន្តទៀត សំដៅ​ប្រែក្លាយ​ប្រទេស​នេះ​ឲ្យ​ទៅជា​ប្រទេសមួយ​មាន​ភាពជឿនលឿន​ប្រកបដោយ​ក្តីសង្ឃឹម ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ឈានឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០៕

ទីតាំងផ្សាយពាណិជ្ជកម្ម