ការហោះហើរ​ត្រង់​ពី​ភ្នំពេញ​-​ដា​ណា​ង​នឹងត្រូវ​ត​ភ្ជាប់​លើកដំបូង​នៅ​ចុងខែ​វិច្ឆិកា​២០១៩

495
ចែករម្លែក

ដោយ​មូល​សម្បត្តិ​-​ភ្នំពេញ​៖​ក្រោយ​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia AngkorAirKA​កាលពី​រសៀល​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​នេះ​រួចមក​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​នាំ​ដំណឹង​ល្អ​មួយ​ឱ្យដឹងថា​នា​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ខាង​មុ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​នឹង​បើក​ជើងហោះហើរ​ត្រង់​ជា​លើកដំបូង​ពី​រាជធានី​ភ្នំពេញ​ទៅមក​ខេត្ត​ដា​ណា​ង​(​ភាគ​កណ្តាល​) នៃ​ប្រទេស​វៀតណាម​។​

​ប្រតិភូ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air ខាងលើនេះ ដឹកនាំ​ដោយ​លោក ហ័ង ម៉ាញ់​ទួន​(HoangManhTuan)​អគ្គនាយក​ក្រុមហ៊ុន​ផ្ទាល់​តែម្ដង​។​ការជួបពិភាក្សា​នេះ​គឺ​ដើម្បី​សុំ​ការគាំទ្រ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ចំពោះ​គម្រោង​បើក​ការហោះហើរ​ត្រង់​ខាងលើ​។​

​ក្រោយ​ចប់​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា «​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​Cambodia Angkor Air នឹង​បើក​ឱ្យមាន​ជើងហោះហើរ​ត្រង់​លើកដំបូង ពី​ភ្នំពេញ​ទៅ​ដា​ណា​ង នា​ថ្ងៃទី​២៧​ខែវិច្ឆិកា ខាងមុខ​ហើយ​គាត់​បាន​មកសុំ​ការគាំទ្រ​ពី​ក្រសួងទេសចរណ៍​»​។​ជាមួយនឹង​ការអបអរសាទរ​ចំពោះ​គម្រោង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​លោក​ថោង​ខុន​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​ឱ្យបាន​ល្អ ពីព្រោះ Cambodia Angkor Air ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជាតិ​។​

​លោក​បានស្នើ​បន្ថែម​ឱ្យ​ក្រុមហ៊ុន​បង្កើន​ការគិតគូ​រលើ​ការបង្កើន​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ចិន​បន្ថែមទៀត​។​ពិសេស​តំបន់​ណា​ដែល​កម្ពុ​ជាមាន​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ ដូចជា ខេត្ត​ស៊ី​អាន (​ឆាង​អាន​) ខេត្ត​ឆុង​ឃី​ង ទីក្រុង​សៀង​ហៃ ខេត្ត​ក្វាង​ចូ​វ និង​ទីក្រុង​ប៉េកាំង​ជាដើម​។​ពីព្រោះ​កន្លែង​ដែលមាន​ស្ថាន​អគ្គ​កុងស៊ុល​ភ្ញៀវទេសចរ​ងាយស្រួល​ក្នុង​ការសុំ​ទិ​ដ្ឋ​ការ​មក​កម្ពុជា​។​ចំពោះ​សំណើ​ខាងលើនេះ​លោក​អគ្គនាយក​ហ័ង​ម៉ាញ់​ទួន​ក៏បាន​ទទួល​យកទៅ​ពិចារណា​ជាមុនសិន ដើម្បី​រៀបចំ​ឱ្យមាន​ការសិក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​បន្ថែមទៀត​។​

​សូមជម្រាបថា​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​CambodiaAngkorAir​ក៏មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​ខេត្ត​ដា​ណា​ង​រួចមកហើយ​។​ក្រៅពីនោះ​ក្រុមហ៊ុន​បាននិងកំពុង​បើក​ការហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុង​ប៉េកាំង​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្តសៀមរាប ពី​ខេត្តសៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម​។​

​បើតាម​ការ​សម្លឹង​ឃើញ​របស់លោក​រដ្ឋមន្ត្រី​ថោង​ខុន​ខេត្ត​ដា​ណា​ង​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ធំ​របស់​វៀតណាម​ដូច្នេះ​ទីនោះ​នឹង​សម្បូរ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី​ច្រើន​ដែល​អាច​បន្ត​ការហោះហើរ​ត្រង់​មក​ទស្សនា​កម្ពុជា ហើយ​ការតភ្ជាប់​នេះ​ក៏​ជាការ​ងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ ដែល​ចង់​មក​នៅ​ភ្នំពេញ ឬ​ហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ដា​ណា​ង​ផងដែរ​។ លោក​ថា «​អ្វីដែល​សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី ឱ្យបាន​កាន់តែច្រើន​»​។​

​ក្រោយពី​មានការ​រិះគន់​ចំពោះ​បញ្ហា​ពន្យារពេល​និង​លុបចោល​ជើងហោះហើរ​ក្រុមហ៊ុន​បាន​កែសម្រួល​សេវាកម្ម​របស់ខ្លួន​ល្អប្រសើរ​ច្រើន​ឡើងវិញ​ហើយ​ចាប់ពី​ដើមឆ្នាំ​២០១៩​នេះ​មកហើយ​លោក​អគ្គនាយក ហ័ង ម៉ាញ់​ទួន ក៏បាន​ប្ដេជ្ញា​ពង្រឹងគុណភាព​សេវា​ដឹក​អ្នកដំណើរ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម