ក្រសួង​សាធារណការ ព្រួត​គ្នា​ជាមួយ​គយ ​ចាប់​រថយន្ត​អត់​ច្បាប់​បាន​ជាង​ ​២០០​គ្រឿង​

493
ចែករម្លែក
សកម្ម​ភាពជា​ក្រុមការងារ​អន្តរក្រសួង​ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាពមិនប្រក្រតី (រូបវេបសាយក្រសួងសាធារណការ)

​ដោយមាន​គំនិត​ផ្តួចផ្តើម​សហការ​របស់លោក​​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន ត​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សហការ ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានធ្វើ​សកម្ម​ភាពជា​ក្រុមការងារ​អន្តរក្រសួង​ ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​មួយចំនួន​ក្នុងចំណោម​ជាង​៥០០​គ្រឿង​​ ។ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​រថយន្ត​មាន​ភាពមិនប្រក្រតី ដែល​មន្ដ្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច​បាន​ឃាត់ទុក​នៅ​ឃ្លាំង​គយ​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ កន្លងមកនេះ​ ​​។ ​

បេសកកម្ម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ ិង​ដឹកជញ្ជូន ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ និង​លោក ប៉ោ សួន អនុប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់ សវនកម្ម និង​ទំនាក់​ទំនាក់ទំនង​សាធារណៈ និង​ជា​អនុប្រធាន​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​។

​ការចុះពិនិត្យ​រថយន្ត​ជាក់ស្តែង​នាពេលនោះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​វាយតម្លៃ​លើ​ភាពមិនប្រក្រតី​នៃ​រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល មិនមាន​ផ្លាកលេខ ពាក់​ផ្លាកលេខ​ក្លែងក្លាយ ពាក់​ផ្លាកលេខ​បាន​ពី​ផល​ចោរកម្ម រថយន្ត​កាត់ត និង​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន ម៉ូ​ដែល និង​ឆ្នាំ​ផលិត និង​ទ្រង់ទ្រាយ​ផ្សេង​ជាដើម​…​។​ល​។​

​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ហើយ​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​ដាក់ឱ្យ​ដំណើរការ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យាយ​យន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត​ទៅវិញទៅមក និង​តាមដាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​។

​ជាមួយនឹង​កិច្ចសហការ​ដ៏​ល្អ​រវាង​ស្ថាប័ន​ទាំងពីរ​បានផ្តល់​នូ​វល​ទ្ធ​ផល​ជា​វិជ្ជមាន​ជាច្រើន ដូចជា​កា​ចុះបញ្ជី​យានយន្ត​មាន​រយៈពេល​ខ្លី​រហ័ស ធានា​មិន​មានការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​អាច​គេច​ផុតពី​ភ្នែក​សមត្ថកិច្ច ទប់ស្កាត់ និង​ចាប់​រថយន្ត​មិន​បង់ពន្ធ​នាំចូល បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ការប្រមូល​ពន្ធ​នាំចូល​យានយន្ត និង​បង្កើន​ចំណូល​ថវិកាជាតិ ។

​សូមបញ្ជាក់​ជូន​ថា រថយន្ត​ដែល​ត្រូវបាន​ឃាត់ទុក​នោះ​មាន​ជាង​៥០០​គ្រឿង
​។​ក្នុងនោះ​ជាង​២០០​គ្រឿង​ត្រូវបាន​ចាប់​ដោយ​គយ​ចល័ត ព្រោះ​មាន​ទិន្នន័យ​កំណត់​គោលដៅ​ច្បាស់លាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏បាន​ចូលរួម​ធ្វើឱ្យ​ចំណូល​ពន្ធ​នាំចូល​យានយន្ត​មានការ​កើនឡើង​ប្រមាណ​៣៤ភាគរយ ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧៕Ha

សកម្ម​ភាពជា​ក្រុមការងារ​អន្តរក្រសួង​ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាពមិនប្រក្រតី (រូបវេបសាយក្រសួងសាធារណការ)

ទីតាំងផ្សាយពាណិជ្ជកម្ម