ចិន​ប៉េកាំង​វាយ​បក​ក្រោយ​ពី​កាណាដា​និង​អាម៉េរិករួម​ដៃ​គ្នាប្រឆាំង​ចិន​

885
ចែករម្លែក

​ចិន​ប៉េកាំង​បាន​ព្រមាន​កាណាដា​អោយ​ឈប់​លូកដៃ​ចូល​ក្នុង​កិច្ចការ​ហុងកុង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​(​កាណាដា​)​និង​សហភាព​អឺរ៉ុប​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​​គាំទ្រ​សិទ្ធិ​ជួបជុំ​តវ៉ា​ជា​មូលដ្ឋាន​របស់​ពួក​បាតុករ​ហុងកុង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​ថា ធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​អាក្រក់​ឡើង​ក្រោយ​ពី​នាយករដ្ឋមន្ត្រី​​ការ​ណា​ដា​លោក ចា​ស្ទីន ទ្រុយ​ដូ បាន​សច្ចា​ថា​នឹង​ងើបឈរ​ប្រឆាំង​ចិន​ចំ​ពេល​មាន​ជម្លោះ​ការទូត​និង​ពាណិជ្ជកម្ម​កាន់តែ​ផុង​ជ្រៅ​ឡើង​។​

​ប្រទេស​ទាំង​២​ក៏​ជាប់​ក្នុង​ជម្លោះ​មួយ​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​នាយក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​លោកស្រី ម៉េង វ៉ាន​ចូ​វ ត្រូវ​បានកា​ណា​ចាប់ខ្លួន​​តាម​សំណើ​អាម៉េរិក និង​ការចាប់ខ្លួន​ជនជាតិ​កាណាដា​២​នាក់​ដោយ​អាជ្ញាធរ​ចិន​ពីបទ​ធ្វើ​ចារកម្ម​នៅពេល​ក្រោយមក​។​

​កាលពី​ថ្ងៃ​ពុធ លោក​ទ្រុយ​ដូ បាន​រុញ​ត្រឡប់​ប្រឆាំង​ក្រុង​ប៉េកាំង នៅក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​សន្យា​«​តែង​តែង​ការពារ​ជនជាតិ​និង​ផលប្រយោជន៍​កាណាដា​»​និង​មិន​​ឱនក្បាល​ចំពោះ​ចិន​ជា​ដាច់ខាត​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ហ្កេ​ង សួង បាន​និយាយថា «​នៅពេល​បច្ចុប្បន្ន ទំនាក់ទំនង​ចិន​-​កាណាដា កំពុង​ប្រឈម​ការលំបាក​ខ្លាំង​។​ការទទួល​​ខុស​ត្រូវ​ធ្លាក់​លើ​ភាគី​កាណាដា​ទាំងអស់​។​យើង​សុំ​អោយ​ភាគី​កាណាដា មើល​អំពី​កំហុសឆ្គង​របស់​ខ្លួន​»​។​

​លោ​កហ្កេង បាន​បន្ថែមថា កាណាដា គួរ​ដោះលែង​លោក​ស្រី ម៉េង ជាបន្ទាន់ និង​«​ឈប់​និយាយ​គ្មាន​ការទទួលខុសត្រូវ​»​អំពី​ហុងកុង​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​អស់​ពេល​៣​ខែ​មក​ហើយ​ដោយសារតែ​បាតុកម្ម ដែល​មាន​ការ​អុជអាល​ពី​ខាងក្រៅ​។​

រដ្ឋមន្រ្តីការបរទេសអាម៉េរិក ផមផេវ ធានាចំពោះសមភាគីកាណាដាថា អាម៉េរិកគាំទ្រកាណាដាករណីជនជាតិកាណាដា២នាក់ត្រូវចិនចាប់ឃុំខ្លួន

​ការចាប់ខ្លួន​លោក​ស្រី​ម៉េង​បាន​នាំ​អោយ​ទំនាក់ទំនង​ចិន កាណាដា​និង​អាម៉េរិក​កាន់តែ​ជូរចត់​ឡើង​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​កាណាដា រដ្ឋមន្ត្រី​ការ​​បរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ បាន​បដិសេធ​ការលើកឡើង​ដែលថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Huawei រូប​នេះ​ត្រូវ​គេ​ទុក​ប្រើ​ជា​កូនអុក​សំរាប់​តថ្លៃ​នៅក្នុង​សង្គ្រាម​ពាណិជ្ជ​​កម្ម​ចិន​-​អាម៉េរិក​។​

​ទោះជា​យ៉ាងណា កាលពីមុន ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា លោក​អាច​អន្តរាគមន៍​ក្នុងករណី​របស់​លោកស្រី​ម៉េង ប្រសិនបើ​វា​អាច​ជួយ​ធានាបាន​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន​។​លោក​ថា «​អ្វី​ក៏ដោយ​ដែល​ជា​ផលប្រយោជន៍​សំរាប់​ប្រទេស ខ្ញុំ​នឹង​ធ្វើ​វា​»​។​

​អាម៉េរិក​ចង់​អោយ​កាណាដា ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​លោកស្រី​ទៅ​អាម៉េរិក​ពី​បទ​ចោទប្រកាន់​ថា ក្រុមហ៊ុន​Huawei​បាន​រំលោភ​ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់ តែ​ចិន​ទាមទារ​អោយ​​ដោះលែង​លោក​ស្រី​ជាបន្ទាន់​។​លោកស្រី​កំពុង​ស្ថិត​ក្រោម​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នៅ​ក្រុងវែន​ខូវើ ប្រទេស​កាណាដា ហើយ​ពួក​មេធាវី​របស់​លោកស្រី​អះអាងថា ការចាប់ខ្លួន​នេះ​មាន​​ហេតុផល​នយោបាយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ក៏បាន​ធានា​អំពី​ការគាំទ្រ​ពី​រដ្ឋបាល​លោក​ត្រាំ​ចំពោះ​ជនជាតិ​កាណាដា​២​នាក់ ដែល​កំពុង​ត្រូវ​ចិន​ចាប់ឃុំខ្លួន នៅពេល​កាណាដា​​កំពុង​កៀរគរ​ការគាំទ្រ​របស់​សម្ពន្ធមិត្ត​ទូទាំង​ពិភពលោក ចំពោះ​ករណី​លោក ម៉ៃ​ឃើ​ល កូ​វរិក និង ម៉ៃ​ឃើ​ល ស្បា​វឺ​ដែល​កំពុង​ជាប់ចោទ​ពី​បទ​ធ្វើ​ចារកម្ម​ក្នុង​ទឹកដី​ចិន​៕​ដោយ​៖​វាសនា​

ស្ថានទូត​ចិន​ប្រចាំ​កាណាដា បាន​និយាយ​កាលពី​ថ្ងៃ​២២​សីហា​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​រងគ្រោះ​និង​អំពាវនាវ​អោយ​ដោះលែង​លោក​ស្រី​ម៉េង​

ទីតាំងផ្សាយពាណិជ្ជកម្ម