កសិករ​រាប់ម៉ឺន​នាក់​ដើរ​ក្បួន​ដោយ​ជើង​ទទេ​ជិត ២០០ គីឡូម៉ែត្រ​ដើម្បី​តវ៉ា​នៅ​ទីក្រុង​មុម​បៃ​

1246
ចែករម្លែក

​កសិករ​ពោរពេញ​ដោយ​ទុក្ខព្រួយ​រាប់ម៉ឺន​នាក់​មកពី​រដ្ឋ​មហា​រ៉ា​ស្ត្រា ភាគ​ខាងលិច​ឥណ្ឌា កំពុង​បោះជំរំ​នៅ​ទីលាន អា​ហ្សា​ដ ម៉ៃ​ដាន់ (Azad Maidan) នៅក្នុង​ទីក្រុង​មុម​បៃ បន្ទាប់ពី​ដើរ​ក្បួន​ថ្មើរជើង ១៨០ គីឡូម៉ែត្រ​។ ក្រុមបាតុករ​ទាំងនេះ​គឺមាន​សមាស​ភាពជា​សមា​ជិ​ក​នៃ​ក្រុម​គី​សាន​សា​បា​ឥណ្ឌា (All-India Kisan Sabha) ដែលជា​ក្រុម​កសិករ​របស់​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌា ប្រកាន់​លទ្ធិ​ម៉ាក​និយម (CPM) ក៏ដូចជា​សហជីព​នានា​របស់​កសិករ​ដែល​គាំទ្រ​ដោយ​គណបក្សនយោបាយ​ដទៃទៀត​ដែល​សកម្ម​នៅក្នុង​រដ្ឋ​នេះ​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា កសិករ​មកពី​ទូទាំង​រដ្ឋ​មហា​រ៉ា​ស្ត្រា បាន​ប្រមូល​ផ្តុំគ្នា​ដំបូង​នៅក្នុង​ទីក្រុង​ណា​ស៊ី​ក (Nashik) កន្លែង​ដែល​ពួកគេ​បានចាប់ផ្តើម​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅ​ទីក្រុង​មុម​បៃ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។ ខណៈដែល​សហជីព​នានា​អះអាងថា កសិករ​តវ៉ា​ទាំងនេះ​មាន​ចំនួន​ជាង ៥០.០០០ នាក់ របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​លើកឡើងថា មាន​ចំនួន​ប្រហែល ៣៥.០០០ នាក់​ប៉ុណ្ណោះ កំពុង​បោះជំរំ​នៅ​ទីតាំង​ខាងលើ​។​

​កសិករ​ទាំងនេះ​កំពុង​ទាមទារ​ឱ្យមាន​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​គម្រោង​លើកលែង​ប្រាក់កម្ចី​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​រដ្ឋ​មហា​រ៉ា​ស្ត្រា​។ ពួកគេ​ក៏​ទាមទារ​ឱ្យមាន​ការលើកលែង​ចំពោះ​ថ្លៃ​អគ្គិសនី​ផងដែរ​ខណៈដែល​ពួកគេ​អះអាងថា​បាន​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ការខកខាន​ភ្លៀង​មូសុង​បណ្តាលឱ្យ​ទិន្នផល​ដំណាំ​ធ្លាក់ចុះ​ទាប​។ ពួកគេ​ក៏​ទាមទារ​ឱ្យមាន MSP ខ្ពស់ជាង​មុន​ដែរ (​តម្លៃ​អប្បបរមា​សម្រាប់​លទ្ធកម្ម​ផលិតផល​កសិកម្ម​) ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​រាល់​រដូវ​ដាំ​ដុះ​។ ទន្ទឹមនឹង​នេះដែរ ក្រុម​កុលសម្ព័ន្ធ​ដើម​ដែល​ចូលរួម​ក្នុង​សកម្មភាព​កសិកម្ម​នៅលើ​ដីព្រៃ ទាមទារ​ឱ្យ​ពួកគេ​អាចមាន​កម្មសិទ្ធិ​ពេញលេញ​លើដី​ដែល​ពួកគេ​កំពុង​ដាំ​ដុះ​។​

​កសិករ​ដែល​តវ៉ា​ទាំងនេះ​ទទួល​សម្មានចិត្ត​អាណិតអាសូរ​ពី​ប្រជាជន​នៅ​ទីក្រុង​មុម​បៃ ដែល​បាននាំគ្នា​ចេញមក​ដើម្បី​ផ្តល់ឱ្យ​កសិករ​ទាំងនេះ​នូវ​ជំនួយ​មនុស្សធម៌​ក៏ដូចជា​ការគាំទ្រ​ខាង​ស្មារតី​ផងដែរ​។ អ្នកក្រុង​មុម​បៃ​ក្នុង​ចំនួន​ដ៏​ច្រើន​បាន​ចែកជូន​ម្ហូបអាហារ​ទឹក​និង​ស្បែកជើង​ដល់​កសិករ​ដែល​ហែ​ក្បួន​ក្រោម​កម្តៅថ្ងៃ​និង​ធូលី ដែល​ភាគច្រើនបំផុត​គឺ​ដើរ​ដោយ​ជើង​ទទេ​។​

​ពួកគេ​មានបំណង​តវ៉ា​រហូតដល់​ការទាមទារ​របស់​ពួកគេ​ត្រូវបាន​បំពេញ​៕ ដោយ៖ កញ្ញាដាលីស

កសិករ​ប្រមាណ ៣៥.០០០ នាក់​កំពុង​តវ៉ា​ទាមទារ​លើកលែង​ប្រាក់កម្ចី និង លើកលែង​ថ្លៃ​ភ្លើង នៅ​ទីក្រុង​មុម​បៃ