ពួក​មេដឹកនាំ G7 ប្តេជ្ញា​ជួយ​ប្រេ​ស៊ី​ល​ពន្លត់​ភ្លើងព្រៃ និង​ជួសជុល​ការខូចខាត

338
ចែករម្លែក

​ពួក​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា​ថា ពួកគេ​កំពុង​ត្រៀម​ជួយ​ពន្លត់ភ្លើង​នៅ​ប្រេ​ស៊ី​ល ដែល​កំពុង​ឆាបឆេះ​នៅ​ទូទាំង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ជួសជុល​ការខូចខាត ខណៈ​ទាហាន​រាប់សិប​ពាន់​នាក់​បាន​ត្រៀមខ្លួន​ចូលរួម​ពន្លត់ភ្លើង​ព្រៃ​ដ៏​ធំ ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​។​

​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​បាន​និយាយថា មេដឹកនាំ​នៅ​កិច្ចប្រជុំ​កំពូល G7 ជិត​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​វិធី​ជួយ​ដល់​ប្រេ​ស៊ី​ល ហើយ​បាន​និយាយថា​កិច្ចព្រមព្រៀង​នេះ​នឹងមាន​ទាំង​យន្តការ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ “​ដូច្នេះ​យើង​អាចជួយ​ពួកគេ​តាមរបៀប​ដែលមាន​ប្រសិទ្ធភាព​បំផុត​”​។​

​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជេ​ឡា មឺ​គែល បាន​និយាយថា ប្រទេស​របស់លោក​ស្រី​និង​ប្រទេស​ផ្សេងទៀត​នឹង​ជជែក​ជាមួយ​ប្រេ​ស៊ី​ល​អំពី​ការដាំ​ដើមឈើ​ឡើងវិញ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅពេលដែល​ភ្លើង​នៅ​ទីនោះ​ត្រូវបាន​ពន្លត់​។​

​លោកស្រី​បាន​និយាយថា “​ពិតណាស់​នេះ​ជា​ទឹកដី​របស់​ប្រេ​ស៊ី​ល​ប៉ុន្តែ​យើង​មាន​សំណួរ​នៅទីនេះ​អំពី​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែលជា​សំណួរ​សកលលោក​។ សួត​របស់​ផែនដី​ទាំងមូល​ត្រូវបាន​ប៉ះពាល់ ហើយ​ដូច្នេះ​យើង​ត្រូវតែ​រក​ដំណោះស្រាយ​រួម​”​។​

​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ក៏បាន​បង្ហាញ​ក្តីបារម្ភ​ជុំវិញ​អគ្គិភ័យ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដែលមាន​ព្រំប្រទល់​ជាប់​អា​ហ្ស​ង់​ទីន​របស់​ព្រះអង្គ​ដែរ ហើយ​បាន​ជំ​រុញឱ្យ​មនុស្ស​ធ្វើ​អធិស្ឋាន ដូច្នេះ “​ភ្លើងព្រៃ​នឹងត្រូវ​គ្រប់គ្រង​បាន​លឿន​បំផុត​”​។ សម្តេច​ប៉ាប​បាន​ប្រាប់​ហ្វូងមនុស្ស​នៅ​ទីលាន​សេន​ភី​ត​ធឺ ថា “​យើងទាំងអស់គ្នា​មានការ​ព្រួយបារម្ភ​” អំពី​អគ្គិភ័យ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ សម្តេច​បាន​ព្រមាន​ថា “​ព្រៃ​ដែលជា​សួត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភពផែនដី​របស់​យើង​”​។​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ជែ​រ បូល​សូ​ណា​រ៉ូ បាន​សរសេរ​នៅលើ Twitter ថា គាត់​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដែល​បាន​និយាយថា​អ៊ីស្រាអែល​នឹង​បញ្ជូន​យន្ដហោះ​ពិសេស​ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រធានាធិបតី​ប្រេ​ស៊ី​ល​ប្រកាសថា កងទ័ព ៤៤.០០០ នាក់​នឹងត្រូវ​បញ្ជូនទៅ​ជួយ​ពន្លត់​ភ្លើងព្រៃ ដែល​ឆេះ​រាយប៉ាយ​ទូទាំង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រេ​ស៊ី​ល ដែលមាន​ទំហំ​សរុប​ស្មើនឹង​រដ្ឋ​តិច​សាស​មួយ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​មេដឹកនាំ G7 សន្យា​ជួយ​ពន្លត់ភ្លើង​ព្រៃ​នៅ​ប្រេ​ស៊ី​ល

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ