សម្តេច​ចក្រី ហេង សំរិន ជម្រាប AIPA ពីសារ​:​សំខាន់​វិស័យ​ការទូត​សភា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគមន៍​អាស៊ាន​

512
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជម្រាប​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​AIPA ថា ការងារ​ការទូត​សភា និង​ភាពជា​ដៃគូ ជា​កត្តា សំខាន់​មួយ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក​ប្រកបដោយ​ចីរភាព​។

​សម្តេច​បាន​គូសបញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ ស្ថិតនៅ​ឯកោ ដោយ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃទៀត​ឡើយ​។​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បានស្នើ​ដល់​AIPA ត្រូវមាន​គោលជំហរ​រួមមួយ ដែលមាន​ភាព​បន្ស៊ី​គ្នា​រវាង​ផល ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​តំបន់ លើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែលជា​កត្តា​សំខាន់​ចាំបាច់ ដែល​AIPA គួរតែ​យកចិត្តទុកដាក់ តាមដាន និង​រក្សា​ឱ្យបាន​នូវ​ជំហរ​រួម​របស់ខ្លួន គាំទ្រ​ដល់​ប្រព័ន្ធ​ពហុភាគី​និយម ផ្អែកលើ​គោលការណ៍​ច្បាប់ អន្តរជាតិ ការគោរព ការយោគយល់ និង​ការគិតគូ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង អធិបតេយ្យភាព និង​បូរណភាព​ដែនដី គឺជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព​ប្រកបដោយ​ចីរភាព​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំពេញអង្គ របស់​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​ថៃ​។ សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត AIPA លើក​ទី​៤០ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ក្រោម​មូលបទ​«​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា ដើម្បី​សហគមន៍​ប្រកបដោយ​ចីរភាព​» ។​

​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​(AIPA) ជា​អង្គការ​អន្តរ​សភា ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដែល មាន​សមាជិក​១០​ប្រទេស គឺ ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​។ AIPA ជាការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​ធ្វើជា​ដៃគូ​អាស៊ាន ក្នុងការ​ជំរុញ​ឲ្យ​បានសម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បន្តថា ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាគោលការណ៍​គ្រឹះ របស់​សហគមន៍​អាស៊ាន និង​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​របស់​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​សហគមន៍​មួយ ដែលមាន​សមាហរណកម្ម​ជិត​សិទ្ធ​នាពេល​អនាគត ដោយ​ផ្អែកលើ​គោលការណ៍​ប្រកបដោយ​បរិ​យា​ប័ន្ន​។

​សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ស្នើ​ដល់ AIPA ឲ្យ​គិតគូ​និង​យកចិត្តទុកដាក់​បញ្ហា​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម ដើម្បី​ធានាថា ពលករ​ចំណាកស្រុក​ទាំងអស់ រួមទាំង​ក្រុមគ្រួសារ​ពួកគេ ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ទទួលបាន​សេវាសាធារណៈ​ដោយ​មិន​រើសអើង​។​

​សូមជម្រាបថា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​ទៅ មហាសន្និបាត AIPA នឹង​បើក​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​រប​ស់​ខ្លួន​ជា​បន្តបន្ទាប់ ដែលមាន​ដូចជា គណៈកម្មាធិការ​នយោបាយ នឹង​ជជែក​ពី​បញ្ហា​អំពើ​ភេ​វរ​កម្ម ភាពជ្រុលនិយម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ គណៈកម្មាធិការ​ស្ត្រី នឹង​ជជែក​ពី​បញ្ហា​សមភាព​យេនឌ័រ​។ ចំណែក​គណៈកម្មាធិការ​សេដ្ឋកិច្ច នឹង​លើកឡើង​ប្រធានបទ​ជាច្រើន​មក​ជជែក​គ្នា ដូចជា ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រួម​នៅ​អាស៊ាន​។ ការធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​សហប្រតិបត្តិ​ការ​អាស៊ាន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ឧស្សាហកម្ម​ទី​៤​។​

​គណៈប្រតិភូ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹងចូលរួម​តាម​គណៈកម្មាធិការ​ទាំង​អស់នោះ​។ វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​លើ​ឆាក​អន្តរជាតិ គឺជា​ការបំពេញ​បេសកកម្ម​ការទូត​សភា​នៅក្នុង​ការចូលរួម​កសាង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅក្នុង​តំបន់​និង​ពិភពលោក​។ ហើយក៏​ជាការ​កសាង​កិត្យានុភាព​ដល់​សភា​និង​ប្រទេសជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម