ក្រុមអ្នកតវ៉ាហុងកុង ប្រើរ៉ាកែតវាយកូនបាល់ដើម្បីវាយគ្រាប់បែកផ្សែងត្រឡប់ទៅវិញ

609
ចែករម្លែក

ក្រុមអ្នកតវ៉ានៅហុងកុងបានប្រើរ៉ាកែតវាយកូនបាល់ឬសីដើម្បីវាយបញ្ជូនគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ត្រឡប់ទៅរកប៉ូលិសវិញ ខណៈដែលប៉ូលិសបានបាញ់គ្រាប់បែកផ្សែងលាយជាមួយគ្រាប់កាំភ្លើងគ្រាប់ពិតជាលើកទីមួយនៅក្នុងការតតបនឹងការប្រឆាំងតវ៉ាដែលមានរយៈពេលជាច្រើនសប្តាហ៍មកនេះ។

ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនេះត្រូវបានគេមើលឃើញពាក់មួកសំណង់និងឧបករណ៍កីឡាដើម្បីការពារខ្លួនពីការបង្ក្រាបរបស់ប៉ូលិសចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទីក្រុងនេះ។

ការប្រមូលផ្តុំតវ៉ានៅក្នុងសង្កាត់ឈៀន វ៉ាន បានឈានដល់ការប៉ះទង្គិចគ្នាយ៉ាងហិង្សាកាលពីថ្ងៃអាទិត្យទី២៥សីហាជាមួយក្រុមសមត្ថកិច្ចដែលបានប្រឈមនឹងក្រុមយុវជនពាក់ម៉ាស់ដែលកាន់ដំបង គប់គ្រាប់បែកសាំង និងដុំថ្ម។

ភាពតានតឹងបានកើនឡើងនៅពេលដែលប៉ូលិសចាប់ផ្តើមលើកទង់ព្រមានមុនពេលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សដែលបានប្រតិកម្មដោយខ្លាំងដោយគប់ដុំថ្មនិងគ្រាប់បែកដកសាំង។

ក្នុងការប៉ះទង្គិចនេះ ប៉ូលិស បានដកកាំភ្លើងចេញពីខ្លួនហើយបានបាញ់ប៉ុន្តែ វាមិនច្បាស់ទេថាតើការបាញ់នេះតម្រង់ទៅកន្លែងណាឬនរណានោះទេ ។ នេះជាលើកទីមួយហើយដែលមានការបាញ់កាំងភ្លើងគ្រាប់ពិត ចាប់តាំងពីមានការតវ៉ាប្រឆាំងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស់មួយអស់រយៈពេល៣ខែកន្លងទៅនេះ។

សារព័ត៌មានហុងកុងHong Kong Free Press បានរាយការណ៍ថាមន្រ្តី៣ នាក់បានកាន់កាំភ្លើងខ្លីនៅសង្កាត់ឈៀន វ៉ាន ភាគខាងជើងនៃទីក្រុងនេះខណៈដែលមនុស្ស២នាក់បានលុតជង្គង់អង្វរដល់មន្រ្តីទាំងនោះមិនឱ្យបាញ់។

មានភាពវឹកវរខ្លាំនៅតំបន់កៅលុន ភាគខាងជើងនៃទីក្រុងនេះ គឺនៅតំបន់កំពង់ផែក្រុងហុងកុងដោយមានស៊ីរ៉ែនប៉ូលិសបន្លឺឡើងនិងមានផ្សែងឧស្ម័នបង្ហូរទឹកភ្នែកដែលគ្របដណ្តប់លើតំបន់នោះដែលមានការប៉ះទង្គិចគ្នានៅតាមដងផ្លូវនៅទីនោះ។

ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងបាតុកររាប់ម៉ឺននាក់បានកើតឡើងជាប់ៗគ្នាដល់ថ្ងៃទី២កាលពីថ្ងៃអាទិត្យបន្ទាប់ពីការហែក្បួនតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យចេញពីពហុកីឡាដ្ឋាន កីឡាមួយនៅសង្កាត់ក្វាយ ហ្វុងទៅសង្កាត់ឈៀន វ៉ាន ៕ប្រែសម្រួល៖សុខា/sn

ឆត្រ រ៉ាកែតនិងមួក ជាអាវុធការពាររបស់បាតុករ។ក្នុងរូបក្រុមអ្នកតវ៉ាហុងកុង ប្រើរ៉ាកែតវាយសីដើម្បីវាយគ្រាប់បែកផ្សែងត្រឡប់ទៅវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម