លោក​ម៉ា​ក្រុង​ថ្កោលទោស​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រឿង​បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក “​ខ្វះ​ការគោរព​” ដល់​ប្រពន្ធ​របស់គាត់​

658
ចែករម្លែក

ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា បាន​ថ្កោលទោស​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ជែ​រ បូល​សូ​ណា​រ៉ូ​ចំពោះ​ការគាំទ្រ “​សម្តី​បែប​អសុរោះ​” អំពី​ភរិយា​របស់គាត់​។​

​អ្នកគាំទ្រ​ម្នាក់​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​បាន​ចម្អក​ភរិយា​របស់លោក​ម៉ា​ក្រុង លោកជំទាវ ព្រី​ជី​ទី អាយុ ៦៦ ឆ្នាំ​នៅក្នុង​ផុស​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​ផុស​នោះ​មាន​រូបថត​មួយ​ដែល​បង្ហាញ​ភាពផ្ទុយ​គ្នា​ស្រឡះ​រវាង​មុខមាត់​របស់​ជំទាវ​ទីមួយ​បារាំង​និង​ភរិយា​របស់លោក​បូល​សូ​ណា​រ៉ូ គឺ​លោកស្រី មី​ឆែ​ល បូល​សូ​ណា​រ៉ូ អាយុ ៣៧ ឆ្នាំ​។​

​ផុស​នោះ​សរសេរថា “​ឥឡូវនេះ​អ្នក​យល់​ហើយ​ថា​ហេតុអ្វី​បានជា​ម៉ា​ក្រុង​តាម​ធ្វើទុក្ខបុកម្នេញ​លោក​បូល​សូ​ណា​រ៉ូ​?”​។​

​ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​បែប​នោះ លោក​បូល​សូ​ណា​រ៉ូ​បាន​សរសេរ (​ជា​ភាសា​ព័រ​ទុយ​ហ្គា​ល់​) ថា “​កុំ​ធ្វើឱ្យ​គាត់​អាម៉ាស់មុខ​អី​…​អា​ក្អូ​ន ហាហា​”​។​

​នៅពេល​សួរ​អំពី​ការលើកឡើង​របស់លោក​បូល​សូ​ណា​រ៉ូ លោក​ម៉ា​ក្រុង​បាន​និយាយថា វា​ជា​ឥរិយាបថ “​ឈ្លើយ​ខ្លាំងណាស់​” និង “​គួរឱ្យ​សោកស្តាយ​”​។​

​លោក​ម៉ា​ក្រុង​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​កិច្ចប្រជុំ​កំពូល G7 នៅ​ទីក្រុង​ប្យ៊ែ​រ​រីត ថា “​គាត់​បាន​និយាយ​រឿង​មិន​គួរឱ្យ​គោរព​ចំពោះ​ភរិយា​របស់ខ្ញុំ​។ ខ្ញុំ​មានការ​គោរព​យ៉ាងខ្លាំង​ចំពោះ​ប្រជាជន​ប្រេ​ស៊ី​លហើយ​សង្ឃឹមថា​ពួកគេ​នឹងមាន​ប្រធានាធិបតី ដែលមាន​សមត្ថភាព​ធ្វើការ​ឆាប់ៗ​”​។​

​ការ​ផ្តោះផ្តង​បែបនេះ​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា​រវាង​លោក​ម៉ា​ក្រុង​និង​លោក​បូល​សូ​ណា​រ៉ូ​នៅក្នុង​ជម្លោះ​ការទូត ដែល​បង្កឡើង​ដោយ​អគ្គីភ័យ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​

​លោក​ម៉ា​ក្រុង​បាន​ផ្តួចផ្តើម​គំនិត​កេណ្ឌ​មេដឹកនាំ​ពិភពលោក​ឱ្យជួយ​ពន្លត់​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន តែ​លោក​បូល​សូ​ណា​រ៉ូ​ចោទ​លោក​ម៉ា​ក្រុង​ថា “​មានគំនិត​បែប​អាណានិគម​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម