​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ជំរុញឱ្យមាន​ការលុបបំបាត់​បទល្មើស​ធនធានធម្មជាតិ​

341
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង​៖​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដាស់តឿន​ដល់​មន្ត្រី​ពាក់ព័ន្ធ​និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រួមសហការ​គ្នា​បង្កើន​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​ឈានទៅ​ទប់ស្កាត់​កុំឱ្យ​កើតមាន​តែម្តង​។​

​ការ​ដាស់តឿន​និង​ជំរុញ​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​។​លោក​ម៉ុម​សារឿន​បាន​បញ្ជាក់ថា​កន្លងមក​អាជ្ញាធរខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​បាន​ជាង​៩០​ភាគរយ​ហើយ​និង​បន្តសកម្មភាព​បង្ក្រាប​-​ទប់ស្កាត់​បន្ថែមទៀត​ដើម្បី​ឈានទៅ​លុបបំបាត់​ទាំងស្រុង​នូវ​បទល្មើស​ទាំងនេះ​។​

​លោក​បាន​បន្តថា​ដើម្បីឱ្យ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជោគជ័យ​ឈានដល់​គ្មាន​បទល្មើស​បន្តទៀត​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ខេត្ត​ត្រូវ​រួមសហការ​គ្នា​ជា​បន្តទៀត​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ជលផល​។​ជាពិសេស​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​សកម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​។​

​លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺង​មាត់​ចំពោះ​ក្រុមហ៊ុន​ឬ​បុគ្គល​ទាំងឡាយ​ដែលមាន​ការពាក់ព័ន្ធ​និង​បទល្មើស​ធនធានធម្មជាតិ​ហើយ​ហាម​ដាច់ខាត​ចំពោះ​មន្ត្រីរាជការ​និង​អាជ្ញាធរ​ដែនដី​ទៅ​ជាប់​ពាក់ព័ន្ធ​ខ្លួន​និង​បទល្មើស​។​

​តាម​របាយការណ៍​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​របស់​សាលាខេត្ត​ស្ទឹងត្រែង​បង្ហាញថា​ក្នុង​រយៈពេល​៧​ខែ​នៃ​ឆ្នាំ​២០១៩​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​-​សត្វព្រៃ​និង​ការកាប់​រាន​ដីព្រៃ​ដោយបាន​ចងក្រង​សំណុំរឿង​បទល្មើស​ព្រៃឈើ​បាន​ចំនួន​១៩​ករណី​។​ក្នុងនោះ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​១២​ករណី​ដែលមាន​សំណុំរឿង​ដីព្រៃ​៤​ករណី​សំណុំរឿង​ដឹកជញ្ជូន​ឈើ​៤​ករណី​សំណុំរឿង​សន្និធិ​ឈើ​៤​ករណី​។

​សំណុំរឿង​ពិន័យ​អន្តរការណ៍​ចំនួន​៧​ករណី​ជា​សំណុំរឿង​ដឹក​ជ​ញ្ជ​ន​ឈើ​ទាំង​៧​ករណី​។​ក្នុង​សកម្មភាព​ដកហូត​វត្ថុតាង​បាន រួមមាន​៖​ឈើ​អារ​ប្រណិត​៦៨៣​ដុំ​ស្មើនឹង​៧​ម៉ែត្រគូប​៣៤៥,​ឈើ​អារ​លេខ​១ មាន​៦៨៩​សន្លឹក​ស្នើ​នឹង​៣៤​ម្រ៉ែ​គូប​១៤៨,​រថយន្ត​៨​គ្រឿង​ម៉ូតូ​១​គ្រឿង​រណារយន្ត​១​គ្រឿង​និង​ដកហូត​មកវិញ​នូវ​ដីព្រៃ​៩,១៨​ហិកតា​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ