​ទ្រី​យ៉ា​ត្លុង​កម្ពុជា បានទទួល​ឯកសណ្ឋាន សម្រាប់​ប្រកួត​ពី​សហព័ន្ធ​អាស៊ី​

489
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ថ្មីៗ​កន្លងមកនេះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង (Triathlon) កម្ពុជា បានទទួល​ឯកសណ្ឋាន ចំនួន ១៦ សម្រាប់ ពី​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​ទ្វីបអាស៊ី ។​

​លោក ងិន សុខ​បញ្ញា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹងថា ឯកសណ្ឋាន​ទាំង ១៦ សម្រាប់​នេះ គឺជា​ឯកសណ្ឋាន សម្រាប់​ប្រកួត​សុទ្ធសាធ ហើយ​មានតម្លៃ​ថ្លៃ​ណាស់ គឺ​មួយ​សម្រាប់​ជាង ២០០ ដុល្លារ​អាមេរិក ហើយ ១៦ សម្រាប់ បែបនេះ​ក៏​មិនតិច​ដែរ ។ ឯកសណ្ឋាន​ទាំង ១៦ សម្រាប់​នេះ គឺ ៨ សម្រាប់ ជា​អំណោយ​សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ ដែល​ត្រៀមខ្លួន​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ និង ៨ សម្រាប់​ទៀត ផ្ដល់ជូន​ដល់​កីឡាករ កីឡាការិនី​ថ្នាល សម្រាប់​ការចូលរួម​ប្រកួត ក្នុង​ក្របខ័ណ្ឌ​យុវជន​នានា​។​

​លោក​អគ្គលេខាធិការ បាន​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​អាស៊ី កាដូ​នូវ​ឯកសណ្ឋាន​ប្រកួត​នេះ ដល់​កម្ពុជា ហើយក៏​ជា​លើកដំបូង​ដែរ ដែល​កីឡាករ កីឡាការិនី ទ្រី​យ៉ា​ត្លុង​កម្ពុជា មាន​ឯកសណ្ឋាន​ស្ដង់ដារ ដើម្បី​ចូលរួម​ប្រកួត​នឹង​គេ ។​

កីឡាករ កីឡាការិនី ទ្រី​យ៉ា​ត្លុង ជាមួយ​ឯកសណ្ឋាន​ថ្មី

​ទ្រី​យ៉ា​ត្លុង ជា​កីឡា​មួយ​ប្រភេទ ដែល​ដាក់​កីឡា ៣ វិញ្ញាសា បញ្ចូល​គ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ ។ សម្រាប់​ស្ដង់ដា ប្រកួត​កីឡា​នេះ ចាប់ផ្ដើម​ដោយ ការ​ហែល​ទឹក ចម្ងាយ ១,៥០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចប់​ការ​ហែល​ទឹក ភ្លាមៗ​នោះ កីឡាករ ឬ​កីឡាការិនី​ដដែល ត្រូវ​បន្ត​ជិះ​កង់​ប្រណាំង ចម្ងាយ​ផ្លូវ ៤០ គីឡូម៉ែត្រ​បន្ថែមទៀត​។ ក្រោយពី​បញ្ចប់ ការប្រណាំង​កង់​ភ្លាមៗ កីឡាករ ឬ កីឡាការិនី ដដែល​នោះ ត្រូវ​បញ្ចប់​ដោយ​ការរត់​ចម្ងាយ ១០ គីឡូម៉ែត្រ​។ អ្នកលេង​ប្រភេទ​កីឡា​នេះ ត្រូវតែមាន​ជំនាញ លើ ៣ វិញ្ញាសា គឺ​ជំនាញ​ហែល​ទឹក ជំនាញ​ជិះ​កង់ និង​ជំនាញ​រត់ប្រណាំង ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម