កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​តំបន់​អង្គរ​ឆ្នាំ​២០១៩ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

360
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ក្រោយពី​បណ្តុះបណ្តាល​រយៈពេល​៨​ខែ ដល់​សិស្ស​បឋមសិក្សា​ស្រះស្រង់ និង​សិស្ស​វិទ្យាល័យ​នគរធំ តាមរយៈ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ ពី​ខែមករា ដល់​ខែសីហា ដែល​រៀបចំ​ដោយ​អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​សប្បុរសជន​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ។​

​គោលបំណង​នៃ​កម្មវិធី​បង្កើតឡើង​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​កុមារ​ដែល​កើត និង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​-​ប្រវត្តិសាស្ត្រ យល់ដឹង​ពី​កេរ​មរតក​វប្បធម៌​របស់ខ្លួន និង​បណ្ដុះ​គំនិត​កុមារ​ឱ្យ​ជ្រួតជ្រាប​ពី​តម្លៃ​មរតក​វប្បធម៌ ជាពិសេស ពួកគេ​អាច​ធ្វើជា​អ្នក​ស្នង​មរតក​វប្បធម៌​នៅ​សហគមន៍​របស់ខ្លួន​លើ​វិស័យ​ថែរក្សា​ការពារ គ្រប់គ្រង​កេរ​មរតក​វប្បធម៌​នាពេល​អនាគត​បាន​យ៉ាង​ល្អ​។​

​លោក អ៊ឹម សុខ​រិទ្ធី សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​គាំពារ​កេរ​មរតក និង​អនុប្រធាន​ក្រុមការងារ​អប់រំ​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា កម្មវិធី​អប់រំ​បេតិកភណ្ឌ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​របស់​ក្រសួង​ ដោយ​ផ្តោតទៅលើ​បច្ចុប្បន្នភាព​នៃ​ការស្រាវជ្រាវ របកគំហើញ​ថ្មីៗ​ ដើម្បី​បង្រៀន​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ច្បាស់លាស់​ទាន់សម័យ​កាល​។​

​លោក​បញ្ចា​ក់ថា ចំពោះ​សិស្ស​បឋមសិក្សា​បង្រៀន​មូលដ្ឋាន ឲ្យ​ស្គាល់​ទូទៅ​អ្វី​ជា​បេតិកភណ្ឌ មាន​អ្វីខ្លះ អ្វី​ជា​កេ​មរតក​? ដោយ​សិក្សា​ក្នុង​ថ្នាក់ និង​ចុះ​សិក្សា​នៅតាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ សារមន្ទីរ និង​ផាត់​គំនូរ​ពណ៌​ជាដើម​។ រីឯ​សិស្ស​វិទ្យាល័យ បង្រៀន​ពី​សេចក្តីណែនាំ​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ បុរាណវិទ្យា នរវិទ្យា និង​វិធីសាស្ត្រ​ស្រាវជ្រាវ ដែល​អាចធ្វើឱ្យ​យុវជន​អនុវត្ត ស្រាវជ្រាវ​ចងក្រង​ឯកសារ​ដោយ​ខ្លួនឯង​នៅក្នុង​សហគមន៍​របស់ខ្លួន​។ លោក​បន្ថែមថា ក្រៅពី​សាលា​គោលដៅ​ក្នុង​តំបន់​បេតិកភណ្ឌ នាពេល​អនាគត កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នឹង​ពង្រីក​វិសាលភាព​ទៅ​តំបន់​ផ្សេងៗ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​លោកស្រី ច​យ ក្លាក (Joyce H. Clark) ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​គាំពារ​កេរ​មរតក លើកឡើងថា ខ្លឹមសារ​នៃ​ការអប់រំ​បេតិកភណ្ឌ​មាន​ច្រើន​បែបបទ ទាំង​លើដី ក្រោម​ដី និង​នៅក្នុង​ទឹក រួមទាំង​ការគោរព​ប្រតិបត្តិ​របស់​ប្រជាជន ប៉ុន្តែ​អ្វីដែល​សំខាន់ ក្រោយពី​រៀនសូត្រ​ហើយ ធ្វើឱ្យ​យើង​ចេះ​ស្រលាញ់ និង​ចេះ​ការពារ ដែល​ការពារ​ក្នុង​ក្របខណ្ឌ​មួយ​ថា «​ថ្ងៃនេះ​យើង​មាន​វប្បធម៌​នេះ ថ្ងៃស្អែក​ក៏​នៅមាន​វប្បធម៌​នេះ ហើយ​នៅ​ថ្ងៃ​ខានស្អែក ក៏​យើង​នៅ​រក្សាបាន​ដដែល បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​»​។

លោកស្រី​បញ្ជាក់ថា អង្គការ​គាំពារ​កេរ​មរតក នឹង​ដកខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​បង្កើត​អង្គការ​ថ្មី​ក្នុងស្រុក ដឹកនាំ​ដោយ​កូន​ខ្មែរ​ផ្ទាល់ និង​រក្សា​ទស្សនវិស័យ​ដដែល មាន​ឈ្មោះថា អង្គការ​មរតក​វប្បធម៌​ខ្មែរ​។

​លោក អ៊ុន មណី​នី​តា នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពារ​កេរ​មរតក បានឱ្យដឹងថា ឆ្នាំ​២០១៨ អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ពាក់ព័ន្ធ​នឹង​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នៅ​តំបន់​អង្គរ ក្នុង​គោលដៅ​បណ្តុះបណ្តាល​កុមារ​ក្នុង​តំបន់​អង្គរ ដែល​កើត និង​ធំធាត់​ឡើង​នៅទីនេះ បាន​យល់ដឹង​ពីស​ក្កា​នុព​ល​វប្បធម៌​នៅ​ជុំវិញខ្លួន​រស់នៅ​មាន​ច្រើន​កម្រិតណា ដែល​ត្រូវ​ស្វែងយល់ ថែរក្សា រៀន​បន្ថែម និង​បម្រើការ​លើ​មុខជំនាញ​នេះ​។

លោក​បញ្ចា​ក់ថា ដោយ​មើលឃើញ​ភាពជោគជ័យ​នៃ​ការអប់រំ​បេតិកភណ្ឌ​នៅ​បន្ទាយឆ្មារ ដូច្នេះហើយ អង្គរការ​គាំពារ​កេរ​មរតក បាន​ផ្តួចផ្តើម​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នៅ​តំបន់​អង្គរ​ដែល​ការបណ្តុះបណ្តាល​នៅទីនេះ​មាន​លក្ខណៈ​តែមួយ​នៅ​បន្ទាយឆ្មារ កោះ​កេរ សំបូរ​ព្រៃ​គុក​។​ល​។​

​ក្នុងឱកាស​នោះដែរ សប្បុរសជន​ខ្មែរ​នៅ​ខេត្តសៀមរាប ដែលជា​ភ្នាក់ងារ​ឯកជន សហគ្រិន​វ័យក្មេង​មួយចំនួន បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា សម្ភារៈ​កី​ទ្បា ដប​ទឹក កាបូបស្ពាយ និង​ចែក​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម​ផងដែរ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម