អូស្ត្រាលី​សម្តែង​ការព្រួយបារម្ភ​អំពី​ការឃុំ​ខ្លួន​បុរស​អូស្ត្រាលី​ពីបទ​ធ្វើ​ចារកម្ម​

513
ចែករម្លែក

​អ្នកនិពន្ធ​និង​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លោក​យ៉ាង ហេន​ជុន សញ្ជាតិ​អូស្ត្រាលី ត្រូវបាន​អាជ្ញាធរ​ចិន​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារ​កម្ម ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយ​​បារម្ភ​និង​ការខកចិត្ត​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក៏ដូចជា​ក្រុមគ្រួសារ​។​

​រដ្ឋមន្ត្រី​ការបរទេស​និង​ជា​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី លោកស្រី ម៉ា​រី​ស ផេន​បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​សុខុមាលភាព​របស់​លោក​និង​លក្ខខណ្ឌ​ដ៏​អាក្រក់​នៃ​ការឃុំខ្លួន​​នៅ​ក្រុង​ប៉េកាំង​អស់​ពេល​ជាង​៧​ខែ​មកនេះ​។​

​ព្រឹទ្ធ​សមាជិកផេន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​ថា «​ចាប់តាំងពី​ពេលនោះ​មក ចិន​មិន​បាន​ពន្យល់​ហេតុផល​ចំពោះ​ការឃុំ​ខ្លួន​លោក​យ៉ាង​បានច្បាស់លាស់​ឬក៏​អនុ​​ញ្ញាត​អោយ​លោក​បាន​ជួប​មេធាវី​ឬ​សមាជិក​គ្រួសារ​លោក​ទេ​។​វា​សំខាន់ និង​យើង​រំពឹងថា ស្តង់ដា​ជា​មូលដ្ឋាន​នៃ​យុត្តិធម៌​និង​ភាពត្រឹមត្រូវ​នៃ​និតិ​វិធី​ត្រូវបាន​បំពេញ​។​ខ្ញុំ​សុំ​ធ្វើការ​​ស្នើ​ដោយ​គោរព​ជា​ថ្មី​ថា លោក​យ៉ាង​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយសារតែ​ជំនឿ​នយោបាយ​របស់​លោក ដូច្នេះ​លោក​គួរ​ត្រូវ​បាន​ដោះលែង​»​។​

​ទោះជា​យ៉ាងណា មន្ត្រី​ស្ថានទូត​អូស្ត្រាលី បាន​ចូល​ជួប​លោក​យ៉ាង​ជា​ច្រើន​សារ រួម​ទាំង​ជំនួប​កាលពី​ថ្ងៃ​២៧​សីហា ឆ្នាំ​២០១៩​នេះ​ផង​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា មេធាវី​របស់​លោក​យ៉ាង​មក​ពី​ក្រុង​មែ​ល​ប៊ឹន បាន​និយាយថា​« មូលដ្ឋាន​នៃ​ការចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​នោះ វា​មិន​ច្បាស់លាស់​។​ការចោទប្រកាន់​ថា​ធ្វើ​​ចារកម្ម​នេះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​និយម​របស់​លោក​យ៉ាង​។​លោក​ជា​អ្នកសរសេរ​អត្ថបទ​បង្ហោះ​ក្នុង​ប្លុក ។​លោក​សកម្ម​ខាង​នយោបាយ ពាក់ព័ន្ធ​ការលើក​តំលៃ​ប្រជាធិបតេយ្យ​។​​នេះ​ជា​មូលដ្ឋាន​នៃ​ការចោទប្រកាន់ បើ​តាម​យើង​យល់​»​។​

​កាលពី​ខែ​មុន ចិន​រិះគន់​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អំពី​ករណី​របស់​លោក​យ៉ាង ហើយ​បាន​ស្នើ​អោយ​ភាគី​អូស្ត្រាលី​ឈប់​ជ្រៀតជ្រែក​ការងារ​​របស់​ភាគី​ចិន​ក្នុងការ​ដោះស្រាយ​ករណី​នេះ និង​ថា​«​អាជ្ញាធរ​ចិន​នឹង​ដោះស្រាយ​ករណី​នេះ​យ៉ាង​ហ្មត់ចត់​តាម​ច្បាប់​និង​ការគោរព​សិទ្ធិ​ផ្លូវ​ច្បាប់​របស់​ជន​ត្រូវ​ចោទ​»៕​ដោយ​៖​វាសនា​

យ៉ាង ហេន​ជុន អាយុ​៥៣​ឆ្នាំ កាន់​សញ្ជាតិ​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០០២ និង​រស់នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ