អ៊ីរ៉ង់​ប្រាប់​អាម៉េរិក​ឱ្យ “​ចាត់វិធានការ​ជំហាន​ដំបូង​ជាមុនសិន​” គឺ​បញ្ចប់​ទណ្ឌកម្ម​

494
ចែករម្លែក

​ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​បាន​ប្រាប់​សហរដ្ឋ​អាម៉េរិក​ឱ្យ “​ចាត់វិធានការ​ជំហាន​ដំបូង​ជាមុនសិន​” ដោយ​ដក​ទណ្ឌកម្ម​ទាំងអស់​ប្រឆាំងនឹង​អ៊ីរ៉ង់ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា លោក​បាន​បើកទូលាយ​ដើម្បី​ប្រជុំ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​។​

​លោក​រូ​ហា​នី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា “​ជំហាន​ដំបូង​គឺ​ដក​ទណ្ឌកម្ម​ចេញ​។ អ្នក​ត្រូវតែ​ដក​ទណ្ឌកម្ម​ខុសច្បាប់​អយុត្តិធម៌​និង​មិន​ត្រឹមត្រូវ​ទាំងអស់​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​”​។​

​លោក​បាន​និយាយថា “​គន្លឹះ​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​គឺ​ស្ថិតនៅក្នុង​ដៃ​របស់​វ៉ាស៊ីនតោន​” ពីព្រោះ​អ៊ីរ៉ង់​បាន​ច្រានចោល​រួចទៅហើយ​នូវ​អ្វីដែល​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក​ព្រួយបារម្ភ​បំផុត គឺ ការផលិត​គ្រាប់បែកបរមាណូ​។​

​លោក​បាន​មានប្រសាសន៍ថា “​បើ​និយាយ​ឱ្យ​ត្រង់​ទៅ នេះ​គឺជា​ការព្រួយបារម្ភ​តែមួយគត់​របស់​អ្នក​។ ការព្រួយបារម្ភ​នេះ​ត្រូវបាន​លុបចោល​រួចហើយ​” តាមរយៈ​ច្បាប់ Fatwa ដែល​ចេញ​ដោយ​មេដឹកនាំ​កំពូល អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី​។​

​លោក​ខា​មេ​នី​ត្រូវបាន​គេ​និយាយថា​បានចេញ​ច្បាប់​ប្រឆាំងនឹង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ ២០០៣ និង​បានបញ្ជាក់​ជាថ្មី​ជាច្រើន​ដង​ចាប់តាំងពី​ពេលនោះ​មក​។​

​លោក​រូ​ហា​នី​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​តេ​ហេ​រ៉ង់​ដែល​កត់សម្គាល់​ពី​ការចាប់ផ្តើម​សាងសង់​គម្រោង​លំនៅដ្ឋាន​ថា “​ដូច្នេះ​ត្រូវ​ចាត់វិធានការ​ជំហាន​ដំបូង​សិន​។ បើ​គ្មាន​ជំហាន​នេះ​ទេ សោ​នេះ​នឹងមិន​អាច​ដោះ​បានទេ​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញ​ជា​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ឆ្នាំ ២០១៥ កាលពី​ខែឧសភា​ឆ្នាំមុន និង បានដាក់​ទណ្ឌកម្ម​ពិន័យ​ជា​បន្តបន្ទាប់​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​រូ​ហា​នី (​ទី​២​រាប់​ពីឆ្វេង​) ចូលរួម​ពិធី​មួយ​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃទី ២៧ សីហា ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម