សម្តេច​ចក្រី ហេង សំរិន ទទួល​ជួប​សវនាការ​ជាមួយ​អនុប្រធានរដ្ឋសភា​ឡាវ​នៅ​កិច្ចប្រជុំ​អាយ​ប៉ា​

518
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Bounpone Bouttanavong អនុប្រធានរដ្ឋសភា ឡាវ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ខណៈដែល​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤០ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។

សម្តេច​ចក្រី ហេង សំរិន ទទួល​ជួប​សវនាការ​ជាមួយ​អនុប្រធានរដ្ឋសភា​ឡាវ​នៅ​កិច្ចប្រជុំ​អាយ​ប៉ា​

​ក្នុងជំនួប​នោះ លោក Bounpone Bouttanavong បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​ខិតខំ​ជំរុញ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ ទទួលបាន​ជោគជ័យ​និង​ផ្លែផ្កា​ជា​បន្តបន្ទាប់​។

​លោក​បាន​បន្តថា កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក ទាំង​កម្រិត​ថ្នាក់ដឹកនាំ​រដ្ឋសភា គណៈកម្មការ​ជំនាញ និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។

​លោក​អនុប្រធានរដ្ឋសភា​ឡាវ បាន​គូសបញ្ជាក់ថា ភាគី​ឡាវ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា ទាំងឡាយ​ដែល​ប្រទេស​កម្ពុជា​និង​ឡាវ​បាន​ចុះហត្ថលេខា ទាំង​នៅ​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​។ ជាមួយគ្នានេះ លោក បាន​ស្នើសុំ​សម្តេច​ជួយ​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច ជាដើម​។​

​ជាការ​ឆ្លើយតប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា វត្តមាន​របស់​រដ្ឋសភា​ប្រទេស​ទាំងពីរ​នៅក្នុង​មហាសន្និបាត AIPA​នាពេលនេះ មិន​ត្រឹម​បានបញ្ជាក់​ពី​មិត្តភាព ភាតរ​ភាពជា​បងប្អូន​រវាង​កម្ពុជា​និង​ឡាវ​ប៉ុណ្ណោះ​ទេ តែ​បានបញ្ជាក់​យ៉ាងច្បាស់​ពី​សាមគ្គីភាព​នៅក្នុង​រង្វង់​គ្រួសារ​ប្រទេស​សមាជិក AIPA ដែល​អាច​ប្រព្រឹត្តទៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​ទាំងអស់ ។
​សម្តេច​ប្រធានរដ្ឋសភា បាន​សាទរ​ចំពោះ​ផ្លែផ្កា​យ៉ាង​ល្អ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ​ក្នុង​នីតិកាល ជា​បន្តបន្ទាប់​មកនេះ​។ សមិទ្ធផល​ដែល​រដ្ឋសភា​ទាំងពីរ​រួមគ្នា សម្រេចបាន​មកនេះ មាន​វិសាលភាព​គ្របដណ្តប់​ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខណ្ឌ​បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ ពី​ថ្នាក់ជាតិ ដល់​មូលដ្ឋាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម