ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ដោយសារ​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​និង​វី​ហ្គោ​កៀរ បុក​គ្នា​នៅ​អូរ​បី​បី​ជាន់​

541
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ដោយសារ​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ និង​វី​ហ្គោ​កៀរ បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៥៨ ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​ទី​២៦​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ ម៉ាន់ ធី អធិការ​ស្តីទី​នគរបាល​ស្រុក​អូរជ្រៅ​ឲ្យ​ដឹង​ថ្ងៃទី​២៧​ខែសីហា​ថា រថយន្ត​ទាំង​២​បាន​កៀរ ហើយ​បុក​គ្នា​ពេល​បើកបរ​ស្រប​ទិស​គ្នា​ពី​ទិស​ខាង​ត្បួ​ង​ទៅ​ទិស​ខាងជើង​។ ក្នុងនោះ រថយន្ដ​ម៉ាក​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ កៀរ​ជាមួយ​រថយន្ដ​ម៉ាក​តូយ៉ូតា​វី​ហ្កោ​ពណ៌​ស ស្លាក​លេខ BM C 6777 ចង្កូត​ស្ដាំ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧-១៨​ផ្លូវ​លេខ​៥៨​ស្ថិតនៅ​ភូមិ​ឃុំ​ដូចខាងលើ បណ្ដាល​ឲ្យ​អ្នកបើកប​រថយន្ត​ម៉ាក​តូយ៉ូតា​វី​ហ្កោ​ឈ្មោះ នួន នី​គី​ដា ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត និង​ប្រពន្ធ​រួម​ដំណើ​(​ក្តាប់​ឈ្មោះ​ពុំបាន​) រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​។ ហើយ​ត្រូវ​សាច់ញាតិ យកទៅ​សង្គ្រោះ​ព្យ​បាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ហើយ​បន្តទៅ​ក្រៅប្រទេស​។ ចំណែក អ្នកបើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ ឈ្មោះ ឃុន ជំនោរ ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​លោក​វរសេនីយ៍ ម៉ាន់ ធី បន្តថា ករណីនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍ នៃ​អធិការដ្ឋាន​បន្ត​អង្កេត​រឿង មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ថា​តើ​ជា​ករណី​កៀរ​រួច​បុក​គ្នា​ដោយ​អ​ចេតនា ឬ​ជា​ឆាក​រឿង​អី​អាថ៌កំបាំង​នៅ​ពីក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

​សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​មន្ទិលសង្ស័យ​ជាច្រើន បន្ទាប់ពី​ប្រភព​ខ្លះ​ថា រថយន្ត​ទាំង​២​បាន បើក​ប្រដេញ​និង​កៀរ​គ្នា​តាំងពី​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ចូលមក​ភូមិសាស្ត្រ​ស្រុក​អូរជ្រៅ ហើយ​មាន​គ្រោះថ្នាក់​ដូច្នេះ​ទៅ​។ ហេតុនេះ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក៏​អាច​ស្រាវជ្រាវ​ដែរ បើសិនជា​ចាំបាច់ ត្បិត​ករណីនេះ ក៏មាន​ការសង្ស័យ​ជាប់​ទាក់ទិន​អំពើ​ឃាតកម្ម​ក្នុង​រូបភាព​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម