អ្នកប្រើប្រាស់​រថយន្ត​អត់​ពន្ធ កាន់តែ​ចាញ់​ថ្ងៃ​និង​រងា​ហើយ បើ​គយ​សកម្ម​យ៉ាងនេះ​

4321
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា ក្រៅពី​រថយន្ត​ទំនើបៗ គេចពន្ធ​ដែល​សមត្ថកិច្ច​គយ​ឃាត់​ចាប់​កន្លងមក ក៏មាន​រថយន្ត​គ្រប់​ប្រភេទ​មានតម្លៃ​ទាប​មួយចំនួនទៀត ដែល​គេចពន្ធ​ក៏​ត្រូវបាន​សមត្ថកិច្ច​គ​យ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ឃាត់​ចាប់​យកមក​រក្សា​ទុកជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ក្នុងនោះ​រថយន្ត​ចង្កូត​ឆ្វេង​តម្រូវ​ឲ្យ​បង់ពន្ធ​ឡើងវិញ​បូក​បន្ថែម​ប្រាក់​ពិន័យ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ត្រូវ​រឹបអូស​យក​ទាំងស្រុង​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​។

​ជាមួយគ្នានេះ យោងតាម​របាយការណ៍​ពី​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​គយ​សាខា​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការចាប់​ឃាត់​រថយន្ត​ជា​បណ្តោះអាសន្ន​ចំនួន ០៣​គ្រឿង​បន្ថែមទៀត​រួមមាន​: ១-LEXUS RX330 ពណ៌​ទឹកមាស ចង្កូត​ឆ្វេង ឆ្នាំ​ផលិត​2005 ពាក់​ស្លាក​លេខ​បន្លំ​ភ្នំពេញ 2AV-1372 (​ជា​ស្លាក​លេខ​របស់​រថយន្ត​ម៉ាក TOYOTA PRIUS)​។ ២-LEXUS RX330 ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ផលិត​2005 ពាក់​ស្លាក​លេខ​បន្លំ ភ្នំពេញ 2AJ-0149(​ជា​ស្លាក​លេខ​របស់​រថយន្ត​ម៉ាក KIA MORNING)​។ ៣-LEXUS RX330 ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ផលិត​2007 ពាក់​ស្លាក​លេខ​បន្លំ ភ្នំពេញ 2AN-3030 (​ជា​ស្លាក​លេខ​របស់​រថយន្ត​ម៉ាក TOYOTA CAMRY)​។​

​លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​បញ្ជាក់ថា ការឃាត់​ចាប់​រថយន្ត​គេចពន្ធ គឺ​ធ្វើ​គ្រប់​ប្រភេទ​រថយន្ត ដោយ​ពុំ​គិតថា ជា​រថយន្ត​ទំនើប​តម្លៃ​ខ្ពស់ ឬ​រថយន្ត​ធម្មតា​តម្លៃ​ទាប​ឡើយ​៕ ល​