នុះ វីវរ​ធំ​ហើយ​ប្រា​យុទ្ធ​! អង្គការ​វិន័យ​រដ្ឋ​សំរេច​ថា នាយករដ្ឋមន្ត្រី​ថៃ​រំលោភ​រដ្ឋធម្មនុញ្ញ​ដោយសារ​មិន​បាន​ស្បថ​សព្វគ្រប់​

11020
ចែករម្លែក

​ការិយាល័យ​អង្គការ​វិន័យ​មន្ត្រីរាជកា​រ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​ថា នាយករដ្ឋមន្ត្រី​ថៃ​និង​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ដោយសារ​តែ​ខក​​ខានមិនបាន​ធ្វើ​សម្បថ​ពេញលេញ​នៅ​ចំពោះ​មុខ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ កាលពី​ខែ​មុន​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា និង​រដ្ឋមន្ត្រី​៣៥​រូប​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក បាន​សច្ចា​ចំពោះ​ព្រះករុណា​ព្រះបាទ មហា វេ​ជីរ៉ា​ឡុងកន​នៅ​ពិធី​មួយ​ក្នុង​វិមាន​នៅ​ក្រុង​បាងកក​​កាលពី​ថ្ងៃ​១៦​កក្កដា តែ​បាន​លុបចោល​វគ្គ​ចុងក្រោយ ដែល​ចែង​ថា «​ប្រកាន់ខ្ជាប់ និង​ដើរ​តាម​រដ្ឋធម្មនុញ្ញ​»​។​

​រ៉ាក់​សា​ចេស្តា ឆែ​ឆៃ អគ្គលេខា​នៃ​ការិយាល័យ​Ombudsman បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នាយករដ្ឋមន្ត្រី​មិន​បាន​សូត្រ​គ្រប់​ពាក្យ​ដែល​រដ្ឋធម្មនុញ្ញ​តំរូវ​ទេ​។​ដូច្នេះ ការស្បថ​នេះ​​មិន​ពេញលេញ​»​។​

Ombudsmen​ជា​អង្គការ​មួយ​ដែល​តែងតាំងឡើង​ដោយ​ព្រះមហាក្សត្រ​តាម​ការណែនាំ​ពី​ព្រឹទ្ធសភា​ថៃ​។​វា​មាន​ភារកិច្ច​ស៊ើបអង្កេត​បណ្តឹង​ប្តឹង​ដោយ​សាធារណជន​ប្រឆាំង​មន្ត្រី​សា​​ធា​រណៈ​និង​បណ្តា​ទី​ភ្នាក់ងាររដ្ឋ​។ វា​មាន​អំណាច​កាត់ទោស តែ​មិន​អាច​ចាប់បង្ខំ​អោយ​អនុវត្ត​សាក​ក្រម​ទេ​។​

​លោក​រ៉ាក់​សា​ចេស្តា បាន​និយាយថា តុលាការ​ធម្មនុញ្ញ​នឹង​សំរេច​ថា​តើ​អ្វី​ត្រូវ​ធ្វើ​បន្ត ដោយសារ​តែ​ការស្បថ​មិន​គ្រប់​នេះ​មានន័យថា រាល់​អំពើ​នៃ​រដ្ឋាភិបាល​អាច​ត្រូវបាន​គេ​មើល​​ឃើញ​ថា​អ​ធម្មនុញ្ញ​។​

​ក្នុងពេល​ជាមួយគ្នា លោក​ប្រា​យុទ្ធ បាន​បដិសេធ​មិន​ឆ្លើយ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការសំរេច​របស់​អង្គការ​វិន័យ​នេះ​។​តែ​មុននេះ​ក្នុង​ថ្ងៃ​អង្គារ​ដដែល​លោក​ប្រា​យុទ្ធ​និង​គណៈ​​រដ្ឋមន្ត្រី​របស់​លោក​បាន​ទទួល​សារ​សរសេរ​ដោយ​ដៃ​ពី​ព្រះមហាក្សត្រ ដោយ​លើក​ទឹកចិត្ត​អោយ​រដ្ឋាភិបាល​បំពេញ​ភារកិច្ច​របស់​ខ្លួន​អោយបាន​ល្អ និង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​។​

​សូមបញ្ជាក់​ថា ឧត្តមសេនីយ៍ប្រា​យុទ្ធនេះ​ឯង​ដែល​បាន​លុបចោល​រដ្ឋ​ធម្មនុញ្ញ​មុន នៅ​ពេល​លោក​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​មួយ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​នៅ​ឆ្នាំ​២០១៤​។​​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ត្រូវ​បាន​សរសេរ​ថ្មី​ឡើងវិញ​ដោយ​តំរូវ​តាម​ចិត្ត​ក្រុម​យោធា​របស់​លោក ពោល​ផ្តល់អោយ​យោធា​នូវ​តួនាទី​សំខាន់​មួយ​នៅក្នុង​នយោបាយ​ថៃ​និង​បំបាត់​អំណាច​​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​។​

​ប្រា​យុទ្ធ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដោយសារ​មាន​ការគាំទ្រ​ពី​ក្រុមចម្រុះ ដឹកនាំ​ដោយ​គណបក្សនិយម​យោធា និង​ព្រឹទ្ធសភា​ដែល​មាន​សមាសភាព​សុទ្ធ​តែ​មក​ពី​ក្រុម​យោធា​ក្រោ​​យ​ការបោះឆ្នោត​សកល​កាលពី​ខែ​មីនា​៕​ដោយ​៖​វាសនា​

ប្រា​យុទ្ធ ពេល​រង់ចាំ​ទទួល​សំណួរ​ពី​អ្នកកាសែត ក្រោយ​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​១៦ កក្កដា​