គិត​ត្រឹម​ដំណាច់​ខែមិថុនា​ឆ្នាំនេះ​ទំហំ​ប្រាក់កម្ចី​សរុប​មាន​ចំនួន​ជាង ២៥,៩២ ទ្រី​លាន​រៀល

452
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​កម្ពុជា​បាន​អះអាងថា​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំនេះ​ទំហំ​ប្រាក់កម្ចី​សរុប​មាន​ចំនួន​ជាង ២៥,៩២ ទ្រី​លាន​រៀល​គិត​ជា​ដុល្លារ​ប្រមាណ ៦,៣៧ ប៊ី​លាន​ដុល្លារ​អាម៉េរិក ដែល​បានផ្តល់​ឲ្យ​អតិថិជន​ខ្ចី​ជិត ១,៩៩ លាន​នាក់ ។​ក្នុងនោះ​សម្រាប់​ប្រាក់​បញ្ញើ​វិញ​មាន​ប្រមាណ ១៣,៧៦ ទ្រី​លាន​រៀល​គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ ៣,៣៨ ប៊ី​លាន​ដុល្លារ ដែល​ទទួលបាន​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ជាង ២,៥២ លាន នាក់​។​

ទំហំ​ប្រាក់កម្ចី​និង​បញ្ញើ​ដ៏​ច្រើន​នេះ​ត្រូវបាន​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនា​ ​គារ​ជាតិ​នៃ​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩​។​

លោក រ័ត្ន សុវណ្ណ​នរៈ​


លោក រ័ត្ន សុវណ្ណ​នរៈ​បញ្ជាក់ថា​វិស័យ​ធនាគារ​ដែលមាន​តួនាទី​ជា​អ្នក​កៀង​
​គរ​មូលធន គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​មានការ​រីកចម្រើន​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ហើយ​ក្នុងនោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដូចជា​ការផ្តល់សេវា​ឥណទាន និង​ការ​សន្សំ ជាពិសេស​គឺ​បានផ្ដល់​ទៅដល់​ទីជនបទ​ដាច់ស្រយាល​។ ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ​សមរម្យ វិញ​ក៏​នឹង​ជួយ​ឲ្យ​ប្រជាជន​ដែលមាន​ចំណូល​ទាប​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​បាន​ប្រសើរ​ជាង​មុន និង​បង្កើន​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

សូម​រលឹក​ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវបាន​កកើតឡើង​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​បាន​វិ​វត្ត​ខ្លាំង​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ដោយ​បានធ្វើ​សកម្មភាព​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​ដល់​ប្រជាជន​នៅតាម​តំបន់​ជនបទ ក្នុង​គោលបំណង​ផ្តល់​ឲ្យ​ប្រជាជន​ទាំងនោះ​នូវ​ដើមទុន​សម្រាប់​ការបង្កើត ឬ​បង្កើន​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន​។
សិក្ខាសាលា​នេះ​ក៏បានផ្ដល់​ឱកាស​ដល់​អ្ន​ក​ចូលរួមបាន​បង្ហាញ​ពី​ក្ដីកង្វល់​លើ​បញ្ហា​នៃ​ការ​ ​ប្រើប្រាស់​សេវា​ពី​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​មូលដ្ឋាន​ខ្លួន​ផងដែរ​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​មាន​សកម្ម​ភាពល្អ​កាន់តែ​រឹងមាំ​និង​គេច​ផុតពី​ហានិភ័យ​ផ្សេងៗ​។​

លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា


ចំណែក​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​អញ្ជើញ​ជា​អធិប​​តី​ភាព​ក្នុង​សិក្ខា​សា​កា​នេះ​បាន​បញ្ជាក់ថា​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គឺមាន​តួនាទី​គោរព​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន និង​គោលការណ៍​នៃ​កិច្ចការពារ​អតិថិជន ព្រមទាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​ប្រតិបត្តិការ​ឥណទាន​របស់ខ្លួន​។ ជារួម​គ្រឹះស្ថាន​ទាំងអស់​គឺ ជា​គ្រឹះស្ថាន​ឯកជន ស្វែងរក​ប្រាក់ចំណេញ ដើម្បី​និរន្តរភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ក្នុង​ការបន្ត​ផ្តល់ប្រាក់​កម្ចី​ជូន​ប្រជាពលរដ្ឋ ។​ដូច្នេះហើយ ប្រជាពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ណាមួយ ត្រូវតែមាន​កាតព្វកិច្ច​សង​ប្រាក់កម្ចី​ឲ្យ​គ្រឹះស្ថាន​នោះ​វិញ​។ ជារួម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​កាន់​តែមាន​ភាពរឹងមាំ​ទៅបាន​គឺ នៅពេលដែល​អ្នក​ខ្ចី និង​អ្នក​ឱ្យ​ខ្ចី​រួមគ្នា​ក្នុងការ​ការពារ​ខ្លួន​ពី​បញ្ហា​ទាក់ទង​នឹង​សេវា​មីក្រូហិរញ្ញវត្ថុ តាមរយៈ​ការអនុវត្ត ឬ​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រុងប្រយ័ត្ន ដូច​ពាក្យស្លោក​មួយ​ឃ្លា​បាន​ពោលថា “​ការពារ​គ្នា​រក្សា​គ្នា​ទើប​មាន​និរន្តរភាព​យូរអង្វែង​” ។


​លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ត្រូវមាន​កិច្ចសហការ​និង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ដែនដី​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ទៀត​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​នេះដែរ​ក៏ត្រូវ​បន្ត​ទប់ស្កាត់​ឲ្យ​បាន​រាល់​សកម្មភាព​ដើរ​បោកប្រាស់​របស់​ជន​ខិល​ខូ​ល​ដែល​ចងការ​ឬ​ឲ្យ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​គ្មាន​ច្បាប់​ឲ្យ​បាន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម