កិច្ចប្រជុំ​លើក​ទី​៤​គណៈកម្មាធិការ​ការពា​រ​ជាតិ​និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា​ឡាវ​វៀតណាម​បាន​បិទ​បញ្ចប់​

467
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រោយពី​បាន​ដំណើរការ​ពេញ​១​ថ្ងៃ​កិច្ចប្រជុំ​លើក​ទី​៤​រវាង​គណៈកម្មការ​ការពា​រ​ជាតិ​និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា​ឡាវ​វៀតណាម​ស្តីពី​“​តួនាទី​ភារកិច្ច​ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ​នៃ​រដ្ឋសភា​ប្រទេស​ទាំងបី​ក្នុង​ការកសាង​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព​និង​មិត្តភាព​”​បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​បិទ​កិច្ចប្រជុំ​នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ​និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​កិច្ចប្រជុំ​លើក​ទី​៤​រវាង​គណៈកម្មការ​ជំនាញ​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី សម្រេចបាន​ពេលនេះ​។​

​លោក​បាន​ប្រសាសន៍​បន្តថា​សមិទ្ធផល​ដ៏​មានតម្លៃ​នេះ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការយកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈកម្មការ​នៃ​ប្រទេស​ទាំង​៣​ក្នុងការ​ធានា​និង​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​ស្ថិរភាព​និង​សណ្តាប់ធ្នាប់​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន​ជឿនលឿន​និង​សុខដុមរមនា​ជាពិសេស​ការកសាង​ព្រំដែន​នៃ​ប្រទេស​ទាំងបី​ក្លាយជា​ព្រំដែន​មិត្តភាព សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​។​

​លោក ហ៊ុន ណេង បាន​មានប្រសាសន៍​បន្ថែមថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ បានរួម​ចំណែក​ទប់ស្កាត់ និង​បង្ក្រាបបាន​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន​ការជួញដូរ​មនុស្ស​ការ​លាងលុយកខ្វក់​ការរត់ពន្ធ​និង​បទល្មើស​ឆ្លងដែន​ផ្សេងៗ​។​វឌ្ឍនភាព​នេះ​កំពុងតែ​ផ្តល់នូវ​ភាពសុខដុមរមនា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងបី​។

​លោក​ប្រធាន​គណៈកម្មការ​ក៏បាន​ធ្វើការ​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​គម្លាត​នៃ​ការអភិវឌ្ឍ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី​ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ការថែទាំ​សុខភាព​បឋម​និង​អនាម័យ​ការផ្គត់ផ្គង់​ទឹកស្អាត​ថាមពល​អគ្គិសនី​អប់រំ​។​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​មិន​ឆ្លើយតប​ទាន់ពេលវេលា​ការផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ឬ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ‌​នៅ​មិនទាន់​ទូលំទូលាយ​។​

​គួបផ្សំ​នឹង​និន្នាការ​តំបន់​ក៏​ដូច​ពិភពលោក​កំពុងតែ​ជួប​ប្រឈម​នឹង​វិបត្តិ​ស្មុគស្មាញ​និង​ហានិភ័យ​ច្រើន​ផង​នោះបាន​ធ្វើឱ្យមាន​ក្តីបារម្ភ​ពី​សន្តិភាព​ស្ថិរភាព​និង​សន្តិសុខ​អាច​រង​ការគំរាមកំហែង​ដែល​អាច​បង្អាក់​ការអភិវឌ្ឍ​និង​បំផ្លាញ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក៏ដូចជា​ការបន្ថយ​សក្តា​នុព​ល​សម្រាប់​ការអភិវឌ្ឍ​ក្នុងពេល​អនាគត​ផងដែរ​។

​លោក​ហ៊ុន​ណេង​បញ្ជាក់ថា​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ​ជំនាញ​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ​និង​សន្តិសុខ​របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី​ពិត​ជាមាន​សារៈសំខាន់​និង​សមស្រប​បំផុត​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន​ដែល​តំបន់​និង​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ស្មុគស្មាញ​ភាព​រង្គោះរង្គើ​នៃ​សណ្តាប់ធ្នាប់​ការគំរាមកំហែង​និង​និន្នាកា​រវិ​វត្ត​ទៅមុខ​មិន​ប្រាកដប្រជា​នេះ​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមថា​ទាំង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​នីតិប្រតិបត្តិ​និង​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងបី​ត្រូវ​បន្ត​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​សហការគ្នា​ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព​ស្ថិរភាព​និង​វិបុលភាព​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ការកសាង​និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី ឱ្យ​ក្លាយជា​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព សន្តិសុខ មិត្តភាព និង​វឌ្ឍន​ភាពជា​និរន្តរ៍​។​

​កិច្ចប្រជុំ​នេះ បានផ្តល់​ឱកាស​ឲ្យ​យើង​ចែករំលែក និង​ផ្លាស់ប្តូរ​នូវ​ព័ត៌មាន បទពិសោធន៍​ការងារ និង​អាច​កំណត់​បាន​នូវ​ចំណុចខ្លាំង​ចំណុចខ្សោយ​លើ​សកម្មភាព​ការងារ​រៀងៗ​ខ្លួន​និង​អាចឱ្យ​យើង​បាន​ពិចារណា​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​និង​វិធានការ​សមស្រប​។​ដើម្បី​លើកកម្ពស់​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​យន្តការ​ជំនាញ​នៃ​រដ្ឋសភា​ក្នុងការ​គាំទ្រ​និង​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ឲ្យ​ឈាន​ទៅមុខ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ថែមទៀត​៕S/សរន

​ចំណងជើង​រូបថត​៖​កិច្ចប្រជុំ​លើក​ទី​៤ គណៈកម្មាធិការ​ការពា​រ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគ​ជ​


ទីតាំងផ្សាយពាណិជ្ជកម្ម