ជនអន្តោប្រវេសន៍​៤០​នាក់​ទំនង​ជា​លង់ទឹក​ស្លាប់​ដោយ​ការ​លិច​ទូក​នៅ​ឯនាយ​សមុទ្រ​ប្រទេស​លី​ប៊ី​

611
ចែករម្លែក

​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា ទូក​ដឹក​ជនអន្តោប្រវេសន៍​រាប់សិប​នាក់ ដែល​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប បាន​ក្រឡាប់​លិច​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​នៅ​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ នៅ​ឯនាយ​នៃ​ប្រទេស​លី​ប៊ី ដោយ​យ៉ាងហោច​ណាស់​មនុស្ស​៤០ នាក់​បាន​បាត់​ខ្លួន​ដែល​ទំនង​ជា​បាន​លង់ទឹក​ស្លាប់ ។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា​ខ្លួន​បាន​​ទទួល​ការហៅ​ឱ្យ​ជួយ​ពី​មនុស្ស​ម្នាក់​នៅ​លើ​ទូក​នោះ ដោយ​និយាយ​ដោយ​យំ​ស្រែក​ថា​” ពួក​អ្នកដំណើរ​បាន​ស្លាប់​ហើយ​”​។​

​លោក​Ayoub Gassim អ្នក​នាំពា្យ​របស់កង​ឆ្មាំសមុទ្រ​លី​ប៊ី ដែល​បាន​រក​ពួក​អ្នក​បាត់​ខ្លួន​ទាំងនោះ បាន​និយាយថា​យ៉ាងហោច​ណាស់​ជនអន្តោប្រវេសន៍​ចំនួន​៦៥​នាក់​ដែល​​ភាគច្រើន​មក​ពី​ប្រទេស​ស៊ូដង់​ត្រូវ បាន​ជួយ​សង្គ្រោះ​។

​លោក បាន​ប្រាប់​សារព័ត៌មាន The Associated Press ថា​មនុស្ស ៥ នាក់​ត្រូវបាន​អះអាងថា​បាន​ស្លាប់​ដោយ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​និង​កុមារ​ម្នាក់​មក​ពី​ប្រទេស​ម៉ារ៉ុក​ដែល​​សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​នៅ​ជិត​ទីក្រុង Khoms ភាគ​ខាងលិច​ចម្ងាយ​ប្រហែល ១២០ គីឡូម៉ែត្រ ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​Tripoli ។ អ្នកស្លាប់​ផ្សេងទៀត​គឺជា​​បុរស​មកពី​ប្រទេស​ម៉ារ៉ុក ស៊ូដង់ និង​សូ​ម៉ាលី​។​

​ទូក​លិច​កាលពី​ថ្ងៃ​អង្គារ គឺជា​គ្រោះមហន្តរាយ​តាម​សមុទ្រ​ចុងក្រោយ​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជនអន្តោប្រវេសន៍​ដែល​ស្វែងរក​ជីវិត​ល្អប្រសើរ​នៅ​អឺរ៉ុប​។

​កាល​ពី​មួយ​ខែ​មុន ក្រុម​ជនអន្តោប្រវេសន៍​១៥០​នាក់​ដែល​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប បាន​បាត់​ខ្លួន​ហើយ​សង្ស័ងថា​បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ទូក​២​ដែល​ដឹក​មនុស្ស​ប្រហែល ៣០០ នាក់​បាន​ក្រឡាប់​លិច​នៅ​ឯនាយ​ប្រទេស​លី​ប៊ី​។​

​បើសិន ចំនួន​ជនអន្តោប្រវេសន៍​ដែល​ទូក​របស់​ពួកគេ​បាន​ក្រឡាប់​លិច​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​នោះ ចំនួន​អ្នក​ស្លាប់​ដោយ​លិច​ទូក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ​នៅ​ឆ្នាំ​២០១៩​នេះ នឹង​កើនឡើង​ដល់​ជិត​៩០០​នាក់​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​នៃ​អង្គការ​ជនភៀសខ្លួន​សហប្រជាជាតិ​៕​ដោយ​៖​សុខា​/sn

ក្រុម​អន្តោប្រវេសន៍ ដែល​ត្រូវបាន​សង្គ្រោះ ដោយ កង​ឆ្មាំ​សមុទ្រ​លី​ប៊ីបន្ទាប់​ពី​លិច​ទូក កាលពី​ថ្ងៃ​អង្គារ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ នៅ​ឯនាយ​នៃ​ប្រទេស​លី​ប៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម