ទូក​-​ង ឈ្មោះ តេជ​:​នា​គស មហា​កោសា​មានជ័យ​បារមី​អង្គរ របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ក្នុង​ក្រុង​សៀមរាប នឹងត្រូវ​នាំយក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​-​ង នៅ​រាជធានី​ភ្នំពេញ

660
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ទូក​-​ង ឈ្មោះ តេជ​:​នាគ​-​ស មហា​កោសា​មានជ័យ បារមី​អង្គរ ជា​ទូក​ដែល​ទើបតែ​នឹងធ្វើ​រួច ក្រោម​ព្រះ​តំរិះ​ផ្តួចផ្តើម របស់​ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ក្នុង​ក្រុង​សៀមរាប នឹងត្រូវ​នាំយក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​-​ង នៅ​រាជធានី​ភ្នំពេញ នាពេល​ខាងមុខនេះ ។​

ទូក​-​ង​ថ្មី​នេះ ធ្វើឡើង​ពី​ដើម​គគីរ មាន​បណ្តោយ​ប្រវែង​៣៥​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៣៥​ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៧៧​នាក់ ប្រើពេល​វេលា​អស់​រយៈពេល​ជាង​៣​ខែ ដោយ​ក្រុម​ជាង​នៅ​ស្រុក​វាលវែង ខេត្តពោធិសាត់ និង​បន្ទាប់ពី​បាន​លេចចេញ​ជា​ទ្រង់ទ្រាយ​ជា​ស្ថាពរ ហើយ​ត្រូវបាន​ដឹក​ទៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ដើម្បី​លាភ​ថ្នាំ និង​រចនា​ក្បូរក្បាច់​តាមបែប​បុរាណ លុះ​ពេល​លាបថ្នាំ​រួចហើយ បាន​អូស​យកមក​ទុក​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​កោសា ក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​ដង្ហែ​អូស​ទូក​យកមក​រក្សាទុក និង រៀបចំ​ពិធី​អភិសេក ប្រោះព្រំ សូត្រ​ជ័យ​ន្តោ ដោយមាន​ក្រុម​ឆៃយ៉ាំ​រាំ​កំដរ​ផង នោះ ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី តាត មហា​ទី មាន​ថេរៈ​ដិ​កា​ថា ការធ្វើ​ទូក​នេះ គឺ​ក្នុង​បំណង​ដើម្បី​រក្សា​នូវ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​បុព្វ​បុរស​ខ្មែរ​យើង ដែល​បាន​បន្សល់​ទុកជា​យូរលង់​ណាស់​មកហើយ ខណៈ​កន្លងមក ព្រះអង្គ​បាន​ចិញ្ចឹមចិត្ត​ថា នឹងត្រូវ​មាន​ទូក​យ៉ាងហោចណាស់​មួយគ្រឿង ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ ដែលជា​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ ហើយ​តែងតែបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ពិសេស​ខេត្តសៀមរាប មិន​ធ្លាប់មាន​ទូក​-​ង សម្រាប់​យកទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្នាក់ជាតិ​នៅឡើយ​ទេ ព្រោះ​ខេត្តសៀមរាប មាន​ទូក​អុំ​ប្រវែង​តែ​២២​ម៉ែត្រ និង មាន​ចំណុះ​ចំនួន​តែ​២២​នាក់ ដើម្បី​ចូលរួម​ពី​ធី​អុំទូក​នៅ​ថ្នាក់​ខេត្ត​។

ព្រះ​តេជគុណ តាត មហា​ទី មាន​ថេរៈ​ដិ​កា​បន្ថែមថា វត្ត​អារាម និង​ព្រះសង្ឃ ក្រៅពី​ការសិក្សា និង​ប្រតិបត្តិ​វិន័យសិក្ខា និង​ធ​ម្មៈ​ផ្សេងៗ ព្រះសង្ឃ​ក៏មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការងារ​សង្គម ជាពិសេស​កិច្ចការ​ថែរក្សា អភិរក្ស​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដែល​ដូនតា​យើង​បាន​បន្សល់ទុក​មក ដូច្នេះ ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ព្រះ​ថេ​រា​នុ​ថេរៈ ប្រជា​ពុ​ទ្ឋ​បរិស័ទ និង​យុវជន​ជំនាន់​ក្រោយ សូម​រួមគ្នា​ថែរក្សា​ឱ្យបាន​នូវ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​យើង ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត ។​

គួររំលឹកថា នៅ​ឆ្នាំ​២០១៨ វត្ត​ព្រះឥន្ទ​កោសា មាន​ទូក​មួយ​ឈ្មោះ មហា​កោសា​មានជ័យ​(​ទូក​មួង​) មាន​ប្រវែង​២២​ម៉ែត្រ និង មាន​ចំណុះ​២២​នាក់ ដោយបាន​ទៅ​ចូលរួម​ប្រកួត​ទាំង​នៅ​ខេត្តសៀមរាប និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ៕B/

ទូក​-​ង ឈ្មោះ តេជ​:​នា​គស មហា​កោសា​មានជ័យ​បារមី​អង្គរ របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ក្នុង​ក្រុង​សៀមរាប នឹងត្រូវ​នាំយក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​-​ង នៅ​រាជធានី​ភ្នំពេញ នាពេលខាងមុខ​(​បាយ័ន​)