ខ្លាច​ក្បាល​គ្រាប់​កូរ៉េខាងជើង ជប៉ុន​ទិញ​កាំជ្រួច​ប្រឆាំង​កាំជ្រួច​ពី​អាម៉េរិក​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

3661
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​យល់ព្រម​លក់​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​ផ្លោង​រាប់សិប​គ្រាប់​តំលៃ​ជាង​៣​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​បន្ទាប់ពី​មាន​​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​ថ្មី ជា​បន្តបន្ទាប់​ដោយ​កូរ៉េខាងជើង ដែល​អាច​គំរាមកំហែង​ដល់​សម្ពន្ធមិត្ត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​នេះ​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ជប៉ុន​នឹង​ទិញ​មី​ស៊ី​ល SM-3 Block IIA ចំនួន​៧៣​គ្រាប់ ហើយ​ថា​មី​ស៊ី​ល​ប្រភេទ​នេះ ត្រូវបាន​រចនា​ឡើង​ដើម្បី​ស្ទាក់​បាញ់​កម្ទេច​មី​ស៊ី​ល​ផ្លោង​ដែល​​ហោះ​មក​ជិត​។​

​ការលក់​នេះ បាន​កើតឡើង ស្របពេល​ដែល​កូរ៉េខាងជើង​កំពុង​បង្កើន​សមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន​ដោយ​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចម្ងាយ​ខ្លី​និង​ឆ្ងាយ ដែល​អាច​បំពាក់​ក្បាល​​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​វាយប្រហា​រទាំង​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក​។

​នៅក្នុង​ខែ​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ថ្មី រយៈ​ចម្ងាយ​ខ្លី​ចំនួន​៧​លើក ហើយ​យ៉ាងតិចណាស់​មួយ​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនោះ បាន​ហោះ​ជិត​នឹង​ទៅដល់​​ប្រទេស​ជប៉ុន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក តាកេស៊ី អ៊ី​វ៉ា​យ៉ា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​កូរ៉េខាងជើង​ទំនងជា​បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​ដែល​អាច​ទម្លុះ​ខែល​ការពារ​កាំជ្រួច​ផ្លោង​ដែល​ការ​​ពារ​ជប៉ុន​ណាមួយ ។​

​ជប៉ុន​និង​អាម៉េរិក​មាន​នាវា​ពិឃាត​បំពាក់​ប្រព័ន្ធ​កាំជ្រួច​ស្ទាក់​កំទេច​កាំជ្រួច​ធុន​Aegis នៅ​សមុទ្រ​ជប៉ុន ។​ជប៉ុន​មាន​ផែនការ​ស្ថាបនា​ប្រព័ន្ធ​ទម្រ​កាំ​ជ្រួច​Aegis​នៅលើ​ដី​ពីរ​ទៀត​​ដើម្បី​បន្ថែម​កម្លាំង​ខែល​ការពារ​ទល់នឹង​កាំជ្រួច​ផ្លោង​។​ទោះជា​យ៉ាងណា ប្រព័ន្ធ​ការពារ​នេះ ទប់ទល់​បាន​ត្រឹម​គ្រាប់​ឬ​កាំជ្រួច​ផ្លោង​ធម្មតា តែ​ពិបាក​ជាមួយនឹង​កាំជ្រួច​ទំនើប​ស៊េរី​​ចុងក្រោយៗ​៕ដោយ៖សុខា/វាសនា

មី​ស៊ី​ល SM-3 Block IIA ដែល​ត្រូវ​លក់​អោយ​ជប៉ុន​