សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​កិច្ច​ប្រជុំឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៅ​ព្រឹក​ថ្ងៃទី ២៨ សីហា​នេះ

457
ចែករម្លែក

ដោយ:​តារារិទ្ធិ/ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ប្រចាំឆមាស​ទី​២ និង ពិសា​បាយ​សាមគ្គី​នៅ​វិមាន សន្តិភាព​ទីស្តីការ​នាយករ​ដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ។

ក្នុង​កិច្ចប្រជុំ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន​ នឹង​លើកទស្សនវិស័យ​ជា​វិភាគទាន​រួមចំណែក​ដល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ១ ឆ្នាំកន្លងមក ។ ការចូលរួម​យោបល់​ស្ថាបនា​និង​សំណូមពរ​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​នីមួយៗ (​ម្នាក់ៗ​រយៈពេល ១០​នាទី​) ។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផ្តល់​ចក្ខុវិស័យ​នៃ​ការរំពឹងទុក​លើ​ការវិវឌ្ឍន៍​ជា​វិជ្ជមាន​នៃ​កំណែទម្រង់​ស៊ីជម្រៅ​ និង​គ្រប់​ជ្រុងជ្រោយ​។

គួររំលឹកថា​​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ​ឆ្នាំ​២០១៩ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដើម្បី​ពិនិត្យ​ទៅលើ​សមិទ្ធផល​ការងារ​ក៏ដូចជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បាន​កើតមាន​ក្នុ​រយៈពេល ៦​ខែ កន្លងមកនេះ ។

ក្រោយ​ជំនួប​នោះ​ក៏មាន​ការហូប​បាយជាមួយគ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​បណ្តា​គណបក្សនយោបាយ​ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​ដោយ​សម្តេច​ចាត់ទុកថា​នេះ​ជា​ឱកាស​សម្រាប់​ការ​ស្គាល់គ្នា​ឲ្យ​បាន​ច្បាស់ ដែលជា​វប្ប​ធម៌​សន្ទនា ​វប្ប​ធម៌​ក្រោយ​ការបោះឆ្នោត និងជា​វប្ប​ធ​៌ម​នៃ​ក្តី​ស្រឡាញ់​ ពួកយើង​គ្រាន់តែ​ប្រកួតប្រជែង​គ្នា​លើ​គោលនយោបាយ​តែប៉ុណ្ណោះ​នៅពេល​បោះឆ្នោត ​ប៉ុន្តែ​គណបក្ស​នីមួយៗ​ពុំបាន​ចាត់ទុក​គ្នា​ធ្វើជា​សត្រូវ​នោះទេ​។

គួរ​ជម្រាបជូន​ថា​ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែលជា​យន្តការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ​ចុះ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយពី​ការបោះឆ្នោតជាតិ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​។​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​មាន​សមាសភាព​មក ពី​គណបក្សនយោបាយ​ចំនួន ១៦ ក្នុង​​ចំណោម​គណបក្សនយោបាយ​ចំនួន ២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ ២០១៨ តែ​មិន​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះទេ។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​មកពី​គណបក្សនយោបាយ​ទាំង​១៦​គណបក្ស​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​សម្រាប់​ប្រធាន​និង​អនុប្រធាន​គណបក្សនយោបាយ​នីមួយៗ។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨៕​B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ