នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បង្ហាញ​មូលហេតុ​ចំនួន​៣​ដែលមាន​ផល​លំបាក ក្នុងការ​គ្រប់គ្រង​ស្ថានភាព​អគ្គិភ័យ​ឆេះ​សិប្បកម្ម​ផលិត​ពូ​ក

478
ចែករម្លែក

​ដោយ:សាវ​រក្ស/​ភ្នំពេញ ៖ របាយការណ៍​បំភ្លឺ​របស់​នាយកដ្ឋាន​ន​គ​របាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចុះ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ បានបង្ហាញ​មូលហេតុ​ធំៗ ចំនួន​៣​ដែល​ធ្វើ​ឲ្យ សមត្ថកិច្ច​មាន​ផល​លំបាក ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ដែល​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​អគារ​សិប្បកម្ម​ផលិត​ពូក នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។​

​ចំពោះ​មូលហេតុ​ទាំងនោះ​មានដូចជា

ទី​១.ផ្លូវ​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ មាន​លក្ខណៈ​តូចចង្អៀត ហើយ​ប៉ែក​ខាងលិច នៃ​អគារ​ដែល​ឆេះ​បាក់ គឺជា​ផ្លូវ​ទាល់​ធ្វើ​ឲ្យ​មានការ​លំបាក ក្នុងការ​ប្រមូលផ្ដុំ​រថ​យន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​បាញ់​ទឹក​ឲ្យ​បាន​ព្រមៗ​គ្នា ស្រោច​ទៅលើ​អគ្គិភ័យ​ដែល​កំពុង​ឆេះ​ទ្រង់ទ្រាយ​ធំ នីតិវិធី​របស់​យើង​បានត្រឹមតែ​បណ្ដាក់​ទឹក​បន្ត​គ្នា​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ ហើយ​ពេលដែល​អស់​ទឹក​ជួប​ការលំបាក​ក្នុង​ការបត់​រថយន្ត បានត្រឹមតែ​ថយក្រោយ​ធ្វើ​ឲ្យ​អូសបន្លាយ​ពេលវេលា​។​

​ទី​២.ករណី​អគ្គិភ័យ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បង្ក​ឲ្យ​មាន​ចំហាយ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​កងកម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ មិនអាច​ចូលទៅ​គៀក​អគារ​ដែល​កំពុង​ឆេះ បានទាមទារ​ឲ្យ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ទប់ស្កាត់ ការឆេះ​រាលដាល​ដល់​គោលដៅ​ដែល​នៅ​ជិត និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ព្រមជាមួយ​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​។ ម្យ៉ាងទៀត​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​យើង ប្រភេទ​ជណ្តើរ​មានតែ​មួយគ្រឿង ហើយ​ករណី​ឆេះ​នេះ ជា​ប្រភេទ​អគារ​មាន​កម្ពស់​ពី​៤-៦​ជាន់ ដែលជា​ការលំបាក​រប​ស់​ជំនាញ​ក្នុងការ​អន្តរាគមន៍​ព​ន្ល​ត់​។​

​ទី​៣.សិប្បកម្ម​ដែល​ឆេះ​នេះ គឺជា​សិប្បកម្ម​ផលិត​ពូក សំបូរ​ទៅដោយ​សារធាតុ​ងាយ​ឆេះ ដូចជា ប្លា​ស្ទិ​ច កាវ សាំង​ក្រអូប អេ​ប៉ុង ក្រណាត់ សារធាតុ​ទាំងអស់នេះ ការឆាបឆេះ​មាន​ល្បឿន​លឿន ឡើង​កម្ដៅ​ខ្លាំង​បង្ក​ជា​ផ្សែង និង​អណ្តាតភ្លើង ដែលមាន​សារធាតុពុល និង​ខ្វះ​អុកស៊ីហ្សែន​ក្នុងការ​ដកដង្ហើម​។ បញ្ហា​ទាំងអស់នេះ បាន​បង្ក​ការលំបាក​ដល់​ក្រុម​ប្រតិបត្តិ​ការដែល​បាន​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ជា​មូ​យ​គ្នា​នេះ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​លើកទឹកចិត្ត ដល់​បណ្តា​អង្គភាព​ដែល​ពាក់ព័ន្ធ បាន​ចូលរួម​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​។​

​សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​អគ្គិភ័យ​បានកើត​ឡើង​នៅ​សិប្បកម្ម​ផលិត​ពូក មាន​កម្ពស់​ប្រាំមួយ​ជាន់​១​អគារ បួន​ជាន់​១​អគារ រោង​សិប្បកម្ម​ធំ​១ និង​សម្ភារ​វត្ថុធាតុដើម សម្រាប់​ផលិត​ពូក​ឆេះ​អស់ទាំង​ស្រុង ដែល​សរុប​មានតម្លៃ​ជាង​៣​លាន​ដុល្លារ​អាមេរិក​។ ទីតាំង​នេះ មាន​ម្ចាស់​ឈ្មោះ កាន់ ចន្ថា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ​។ ដោយហេតុ​ការ​នេះ​កើតឡើង​កាល​វេលា​ម៉ោង​០១៖២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ឆេះ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៨​បេ​តេ កែង​ផ្លូវ​៣​បេ​តេ ក្រុមទី​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម