​ឡុង ជិន មាន​ជំនឿ​ចិត្ត​ឈ្នះ​ខ្លា​ចាស់ ឌុ​ម កែវ​ដប​

476
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement យប់​ថ្ងៃទី​៣១ សីហា ខាងមុខនេះ អ្នក​ប្រដាល់ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា គេ​នឹង​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ ដើម្បី​ឡើងទៅ​ជុំ​ទី​២ ទៀត ជាមិនខាន​ឡើយ ។​

​កែវ​ដប ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង​មួយរូប តែ​អ្នក​ប្រដាល់​រូបនេះ នៅមាន​មុខ​មាន​មាត់ ដោយសារតែ​ស្ទើរ​គ្រប់ការ​ប្រកួត គេ​តស៊ូ​ជាមួយ​គូប្រកួត បាន ៥ ទឹកជា​និច្ច មិនតែប៉ុណ្ណោះ គេ​ថែមទាំង​ធ្វើ​ឲ្យ​គូប្រកួត វេទនា​ថែម​ទៀតផង​។​

​ពេលនេះ ខ្លា​ចាស់​រូបនេះ ជួប​ជាមួយ​អ្នក​ប្រដាល់ វ័យក្មេង ដែល​កំពុងតែ​ខ្លាំង ឡុង ជិន ប្រាកដជា​មិន​ស្រួល​នោះទេ​។ ឡុង ជិន គេ​ល្អ​ទាំង​វាយលុក ទាំង​ការពារ​។ មួយរយៈ​នេះ ឡុង ជិន បាន​បង្ក្រាប​អ្នក​ប្រដាល់​ជើងចាស់ បានជា​ច្រើន​នាក់​ណាស់​។​

​កែវ​ដប ពេលនេះ កម្លាំង​របស់គេ ក៏​ធ្លាក់ចុះ​ខ្លាំង ចំពោះ​ការវាយលុក ក៏​មិនបាន​រហ័ស​ដូច​មុន ទោះបី​អ្នក​ប្រដាល់​រូបនេះ និយាយ​កម្លា​ចិត្ត​ខ្លួនឯង​ថា នឹងធ្វើ​ឲ្យ​អ្នក​ប្រដាល់ ស្រករ​ក្រោយ ឡុង ជិន ស្គាល់​ស្នាដៃ​គេ​ក៏ដោយ ក៏​គេ​ជឿថា ឡុង ជិន នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ។ សូម្បីតែ ឡុង ជិន ខ្លួនឯង ក៏មាន​ជំនឿ​ចិត្ត​ថា ការប្រកួត​នះ គេ​នឹង​កក់​កៅអី​សម្រាប់​ជុំ​ទី​២​ដែរ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ម៉ិ​ល សារុន ក្លិប​អាណាចក្រ​ប្រយុទ្ធ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ ម៉ិ​ល សារុន មិនសូវមាន​នរណា​ស្គាល់​ទេ​។

​តែ​សូរិយា​វិញ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ មួយរយៈ​នេះ សូរិយា បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ខ្លាំង​មែនទែន ។ ទោះបី​សូរិយា ត្រូវគេ​ផ្ដល់​តម្លៃ​ឲ្យ​ខ្ពស់ ក៏ពិតមែន តែ​សារុន ក៏​បង្ហាញ​ពី​ការជឿជាក់ ចំពោះ​ការប្រកួត​នេះដែរ ។ នរណា​កក់​កៅអី សម្រាប់​ជុំ​ទី​២ ហើយ​នរណា ខ្ទាត​ចេញពី​
​ការប្រកួត​នោះ មិនអាច​និយាយ បាន​មុន​ឡើយ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ ផ្ល​យ ដេ​ង (Phloy Deng) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ នេះ​ជាការ​ប្រកួត​មួយ ដែល គឹម​រៀង ហាក់​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា គេ​នឹង​ឈ្នះ​ជាមិនខាន ព្រោះ​សព្វថ្ងៃនេះ គេ​
​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ បាន​យ៉ាង​ល្អ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ ជម្រើសជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ប្រកួត​ជាមួយ ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ឈុំ ឈៀង ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ ពេជ្រ កក្កដា ក្លិប​យុវជន ក​.១៥៧ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v

ហ៊ឹម គឹម​រៀង និង ផ្ល​យ ដេ​ង​
គង់ សំបូរ និង ជា សំនៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម