សមត្ថកិច្ច​ថៃ​បាញ់សម្លាប់​ម្នាក់ ចាប់ខ្លួន​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​១០​លាន​គ្រាប់​នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា​

458
ចែករម្លែក

ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ថ្នាំញៀន​ម្នាក់ និង​ត្រូវ​គេ​ជឿ​ថា​ជា​យុទ្ធជន​មកពី​ក្រុម​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​ត​គ្នា​មួយ​ជាមួយ​ប៉ូលិស​និង​ទាហាន​​ថៃ​ក្នុងពេល​ព្យាយាម​នាំ​ថ្នាំញៀន​ឆ្លងកាត់​ព្រំដែន​ចូល​ម​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​របស់​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​។​

​ក្រោយ​ទទួលព័ត៌​ស៊ើបការណ៍ កម្លាំងចម្រុះ​ទាហាន​និង​ប៉ូលិស​ប្រមាណ​៣០​នាក់​បាន​រង់ចាំ​ស្ទាក់​នៅ​ជិត​ព្រៃ​ជាប់​ព្រំដែន​មួយ​ក្នុង​ខេត្ត​នៅ​ម៉ោង​២​រំលង​អធ្រាត​។​ពួកគេ​បាន​សង្កេត​​ឃើញ​បុរស​ប្រមាណ​៣០​នាក់​ក្នុង​ឯកសណ្ឋាន​បៃតង កាន់​បាវ​ម្នាក់​មួយ​ដើរកាត់​ព្រៃ​ទៅកាន់​រថយន្ត​មួយ​បាំង​កន្លះ​ចំនួន​២​ដែល​រង់ចាំ​នៅ​ចុង​ផ្លូវ​។​

​ពួកគេ​ម្នាក់ៗ​ក៏​មាន​ស្ពាយ​កាំភ្លើង​មួយ​ដើម​។​សមត្ថកិច្ច​ថៃ​រង់ចាំ​ដល់​ពួកគេ​ដាក់​បាវ​ចូល​ក្នុង​រថយន្ត​អស់​ទើប​បង្ហាញខ្លួន ស្រែក​ប្រាប់​អោយ​បុរស​ទាំង​នោះ​ទម្លាក់អាវុធ​ចុះ​។​តែ​ពួក​​គេ​បាន​បាញ់​ដាក់​កងកម្លាំង​ថៃ ជាហេតុ​នាំ​អោយ​មាន​ការ​បាញ់​ត​គ្នា​។​ថៃ​បាន​ទាក់ទង​សុំ​កម្លាំង​ជំនួយ ហើយ​ពេល​កម្លាំង​ជំនួយ​មកដល់ ពួកគេ​បាន​ពិនិត្យ​ឃើញ​ខ្មោច​ជន​​សង្ស័យ​ម្នាក់​ដែល​ត្រូវ​គ្រាប់​២​កន្លែង​។​

​កងកម្លាំង​ថៃ​ក៏​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ក្នុង​ឯកសណ្ឋាន​យោធា​ពណ៌​បៃតង​។​ជនសង្ស័យ​មិនអាច​និយាយ​ភាសា​ថៃ​និង​ត្រូវ​គេ​ជឿ​ថា​ជា​យុទ្ធជន​មក​ពី​ក្រុម​ជនជាតិ​ភាគ​​តិច​នៅ​មី​យ៉ាន់​ម៉ា​។​

​អាជ្ញាធរ​ក៏​បាន​រកឃើញ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៩,៨​លាន​គ្រាប់ ក្នុង​បាវ​៥០​នៅ​កន្ទុយ​រថយន្ត​ពីរ​៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ