តារាចម្រៀង K-pop សៀង​រី រង​ការចោទប្រកាន់​ពីបទ​លេងល្បែង​ខុសច្បាប់​

456
ចែករម្លែក

​តារា K-pop អាប់យស សៀង​រី ត្រូវបាន​សាកសួរ​ដោយ​ប៉ូលិស​កាលពី​ថ្ងៃ​ពុធ ទី​២៨ សីហា ពីបទ​លេងល្បែង​ខុសច្បាប់​នៅក្រៅ​ប្រទេស ដែលជា​ជំហាន​ចុងក្រោយ​នៃ​រឿងអាស្រូវ​ផ្លូវភេទ​និង​រឿងអាស្រូវ​គ្រឿងញៀន ដែល​ឃើញ​គាត់​ចូលនិវត្តន៍​កាលពី​ខែមីនា​។​

​តារាចម្រៀង​វ័យ ២៨ ឆ្នាំ​មកពី​ក្រុម​ចម្រៀង BIGBANG ត្រូវបាន​ចោទប្រកាន់​ពីបទ​លេងល្បែង​នៅក្រៅ​ស្រុក​ជា​ទម្លាប់​នៅកាស៊ី​ណូ​ដ៏​ប្រណីត​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដោយ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ប្តូរប្រាក់​បរ​ទេស​ខុសច្បាប់​។​

​ស្លៀក​ឈុតខ្មៅ​ស្រអាប់ សៀង​រី​បាន​ដើរ​ចេញពី​ឡាន​ខ្មៅ​ទៅកាន់​ហ្វូង​អ្នកសារព័ត៌មាន​ដែល​កំពុង​រង់ចាំ​គាត់​នៅឯ​ស្នាក់ការ​ប៉ូលិស​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក​និយាយថា “​ខ្ញុំ​សុំ​អភ័យទោស​ម្តងទៀត​ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​។ ខ្ញុំ​នឹងចូលរួម​ក្នុងការ​សាកសួរ​របស់​ប៉ូលិស​ក្នុង​លក្ខណៈ​ស្មោះត្រង់​”​។​

​សៀង​រី ដែលមាន​ឈ្មោះ​ពិត លី សៀង​យុន ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀបចំ​សេវាកម្ម​ផ្លូវភេទ​សម្រាប់​វិនិយោគិន​សក្តានុពល​នៅក្នុង​អាជីវកម្ម​របស់គាត់​ផងដែរ​។​

​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​នៅ​ជុំវិញ​សៀង​រី​បាន​ឈានដល់​ការ​លាតត្រដាង​នូវ​ការចោទប្រកាន់​ជាច្រើន​ទៀត​ប្រឆាំងនឹង​តារាចម្រៀង​ជាច្រើន​និង​បុគ្គលិក​ដទៃទៀត​នៅឯ​ផលិតកម្ម YG Entertainment ដែលជា​អតីត​ទីភ្នាក់ងារ​របស់​សៀង​រី និង ជា​ក្រុមហ៊ុន​ផលិតកម្ម K-pop ដ៏​ធំ​មួយ​។​

​ផលិតកម្ម YG Entertainment ស្ថិតនៅ​ពីក្រោយ​បទ “Gangnam Style” ដ៏​ល្បី​របស់​តារាចម្រៀង​សាយ​ក្នុង​ឆ្នាំ ២០១២ ដែល​ជួយ​លើកស្ទួយ​កេរ្ដិ៍ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក​របស់ K-pop និង​មាន​ក្រុម​តារា​ល្បីៗ ដូចជា BIGBANG និង BLACKPINK នៅក្រោម​ដំបូល​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

សៀង​រី រង​ការចោទប្រកាន់​ពីបទ​លេងល្បែង​ខុសច្បាប់​នៅ​បរទេស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ