​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បំភ្លឺ​ករណី​ឆេះ​សិប្បកម្ម​ផលិត​ពូក

448
ចែករម្លែក

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​:​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​ចេញមក​បំភ្លឺ​អំពី​ប្រតិបត្តិការ​ក្នុងការ​ពន្លត់​និង​សង្គ្រោះ​អគ្គិភ័យ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​នៅ​អគារ​សិប្បកម្ម​ផលិត​ពូក​ស្ថិតនៅ​ក្រុមទី​៤​ភូមិ​ចម្រើន​ផល​១​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​តាម​ការបំភ្លឺ​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​: ១. ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក​ដែលមាន​ទីតាំង​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​ត្រូវបាន​អន្តរាគមន៍​សង្គ្រោះ​យ៉ាងសកម្ម​ពី​សំណាក់​នគរបាល​ពន្លត់​អគ្គិភ័យ​។​ដោយមាន​កិច្ចសហការ​គាំទ្រ​យ៉ាង​សស្រាក់សស្រាំ​ពី​កងពលតូច​លេខ​៧០​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​OCIC​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​និង​បុរី​ប៉េង​ហួត​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥០​គ្រឿង​។​

​ជាមួយគ្នា​នោះដែរ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ដែនដី​និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​បាន​យកចិត្តទុកដាក់​ដោយបាន​ចុះ​ផ្ទាល់​ដើម្បី​ពិនិត្យ​និង​បញ្ជា​ដឹកនាំ​ការសង្គ្រោះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​២.​ក្នុង​កិច្ចប្រតិបត្តិការ​សង្គ្រោះ​អគារ​សិប្បកម្ម​ខាងលើ​អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រឈម​ទៅនឹង​កត្តា​អវិជ្ជមាន​ជា​សត្យានុម័ត​ចំនួន​៣​។​

​គឺ​ទី​១​ភូមិសាស្ត្រ​ស្មុគស្មាញ​ច្រកចូល​សង្គ្រោះ​តូចចង្អៀត​មិនអាច​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទាន់ពេល​។​ទី​២​ចំណុច​ចាប់ផ្តើម​នៃ​អគ្គិភ័យ​គឺ​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​អគារ​សិប្បកម្ម​ដែល​ធ្វើឱ្យ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ពិបាក​នឹង​ចូលទៅ​ពន្លត់​ដល់​គោលដៅ​។​ទី​៣​សម្ភារៈ​ដែល​ឆេះ​សុទ្ធសឹងតែ​ជា​សារធាតុ​ងាយ​ឆេះ​មាន​ល្បឿន​ឆេះ​លឿន​ខ្លាំង​ពិបាក​ពន្លត់​និង​បង្កឱ្យមាន​ផ្សែង​ដែលជា​សារធាតុពុល​និង​ខ្វះ​អុកស៊ីហ្សែន​ដូចជា​ផ្លា​ស្ទីក​កាវ​សាំង​ក្រអូប​ក្រណាត់​សំឡី​.​គ​…​។​ល​។​តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បាន​ទប់ស្កាត់​មិនឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានឡើយ​។​

៣.​ហេតុផល​ខាងលើ បានបញ្ជាក់​អំពី​វិសាលភាព​នៃ​អគ្គិភ័យ​នេះ ដែលមាន​ឥទ្ធិពល​ពុំ​អាច​គ្រប់គ្រង​បាន បើទោះបីជា​អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​មធ្យោបាយ​យ៉ាងច្រើន​និង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណាក្តី​។​ក្នុងនាម​កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ដែលមាន​សុភ​វិនិច្ឆ័យ​ផ្តល់​យុត្តិធម៌​និង​គាំទ្រ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​និង​ប្តេជ្ញា​ប្រែក្លាយ​ការគាំទ្រ​លើកទឹកចិត្ត​របស់​សម្តេច​តេ​ជោ​ឱ្យទៅជា​កម្លាំង​មុត​ស្រួច​ក្នុង​ការបន្ត​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ប្រកបដោយ​ភក្តីភាព​។​ជាមួយគ្នានេះ​ក្នុងនាម​កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​ទាំងអស់​។​ដែល​បាន​សហការ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​អគ្គិភ័យ​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ជុំ​ទីតាំង​កើតហេតុ​ដែល​បានផ្តល់​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​សមត្ថកិច្ច​៕S/

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃ អគ្គ ស្នងការដ្ឋាន នគរ បាលជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម